ពុធ ២៤ សីហា, ២០១៦ ០៨:២៣
រាជធានីភ្នំពេញ ៖ បុរសពីរនាក់បងប្អូនត្រូវបានក្រុមចោរប្លន់មួយក្រុមដេញកាប់ហើយប្លន់យកម៉ូតូបានសម្រេច ខណៈគេកំពុងជិះម៉ូតូត្រឡប់ទៅផ្ទះកាលពីម៉ោង០៧និង៣០នាទីយប់ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចភូមិទំនប់ ផ្លួវបេតុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
តាមប្រភពពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់ជាម្ចាស់ម៉ូតូបានជិះម៉ូតូទៅយកប្អូនប្រុសចេញពីកន្លែងធ្វើគ្រឿងសង្ហារឹមមួយកន្លែងតាមផ្លូវម៉ុងឫទ្ធី ហើយបំណងជិះម៉ូតូត្រឡប់មកផ្ទះវិញនៅផ្ទះជួល ផ្លូវរ៉ាដា ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ពេលជិះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យចំនួន៤នាក់ជិះម៉ូតូពីរគ្រឿង មានម៉ាកណិច ពណ៌សមិនចាំស្លាកលេខ និងមួយគ្រឿងទៀតមិនស្គាល់ម៉ាក ជិះដេញពីក្រោយហើយកៀរផ្ដួលពួកគាត់ រួចបានដកដាវចំនួនពីរដើមកាប់ជនរងគ្រោះពីរនាក់បងប្អូនបណ្ដាលឲ្យរងបួសរយះខ្នងខាងឆ្វេង។
ដូច្នេះហើយភ្លាមៗនោះជនរងគ្រោះបានរត់ចោលម៉ូតូដើម្បីគេចខ្លួនទើបធ្វើឲ្យជនសង្ស័យជាចោរប្លន់ម្នាក់ បានរត់មកលើកម៉ូតូហើយជិះចេញទៅបាត់ទៅដោយសុវត្ថិភាព។
ក្រោយពេលកើតហេតុជនរងគ្រោះបានទាក់ទងទៅកាន់សមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ហើយបើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះខាងលើពីរនាក់បងប្អូនមានឈ្មោះ ឌឿន ចាប ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាងឈើ ស្នាក់នៅផ្ទះជួល ផ្លូវរ៉ាដា ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានមានស្រុកកំណើតភូមិដំណាក់វែក ឃុំឫស្សីខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។
ចំណែកម្នាក់ទៀតជាប្អូនប្រុសជនរងគ្រោះខាងលើ ដែលអង្គុយខាងក្រោយមានឈ្មោះ ឌឿន ទ្រី អាយុ១៧ឆ្នាំ មុខរបរដូចគ្នា ស្នាក់នៅជាមួយគ្នា។
ហើយម៉ូតូដែលត្រូវបានចោរកាប់ប្លន់យកទៅបានសម្រេចនោះ គឺម៉ាកស្មាសវីពណ៌ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ 1BB-8945 ក្រោយពេលកើតហេតុជនរងគ្រោះ បានត្រូវសាច់ញាតិឌុបតាមម៉ូតូយកទៅដេររបួសនៅមន្ទីរពេទ្យព្រះកុសមៈម្នាក់ និងម្នាក់ទៀតកំពុងសម្រាកនៅមន្ទីរពេទ្យឯកជនទើបបានទៅដាក់ពាក្យបណ្ដឹងនៅពេលក្រោយនៅប៉ុស្ដិ៍នគរបាលរដ្ឋាបាលភ្នំពេញថ្មី៕
ប្រភព ៖ កោះសន្តិភាព
No comments:
Post a Comment