ខេត្តស្ទឹងត្រែង ៖ ក្មេងប្រុសម្នាក់ស្លាប់ នៅមន្ទីរពេទ្យបង្អែក ខេត្តស្ទឹងត្រែង បន្ទាប់ពីក្អួតចង្អោរមិនឈប់ឈរ ដោយសារមានជាតិពុល ធ្វើការសង្គ្រោះមិនបាន ហើយត្រូវឪពុកម្តាយនាំយកទៅ ស្រុកកំណើតដើម្បីបញ្ចុះ កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី២៣ សីហា ២០១៦ ។
ពាក់ព័ន្ធការស្លាប់ ក្មេងប្រុសខាងលើនោះ សមត្ថកិច្ចមានការសង្ស័យខ្ពស់ទៅលើចំណីអាហារដែលវិចខ្ចប់ គ្មានគុណភាពផ្សំឡើង ដោយសារធាតុគីមី ទើបបង្ករឲ្យប្រតិកម្មដល់ សុខភាពក្មេងបែបនេះ ។
លោកហម ណាវី មេប៉ុស្តិ៍រដ្ឋបាលឃុំព្រះរំកិល បានប្រាប់កោះសន្តិភាពថា សពក្មេងប្រុសម្នាក់នោះ ត្រូវឪពុកម្តាយនាំយកទៅ បញ្ចុះ កាលពីព្រឹកថ្ងៃទី២៣ សីហា ២០១៦ បន្ទាប់ពីស្លាប់កាលពីយប់ទៀបភ្លឺ ។ កម្លាំងជំនាញពុំបានដឹង និងឃាត់ទុក ដើម្បីពិនិត្យនោះដែរ ។
លោកមេប៉ុស្តិ៍បានបញ្ជាក់ យោងតាមការអះអាង ពីស្ត្រីឈ្មោះកែវ ក ត្រូវជាម្តាយក្មេងរងគ្រោះថា កាលពីរសៀលថ្ងៃទី២១ សីហា ថា កូនគាត់យំទារទិញចាហួយ បន្ទាប់ពីទិញនិងបានញាំអស់រួចមក ស្រាប់តែក្អួតចង្អោរមិនឈប់ ។ ស្ត្រីជាម្តាយនិងឪពុក ក៏នាំទៅឱ្យពេទ្យពិនិត្យ និងដាក់សេរ៉ូមនៅតែមិនបាត់ ។
ថ្ងៃបន្ទាប់ទី២២ សីហា ក៏សម្រេចបញ្ជូន ទៅមន្ទីពេទ្យខេត្ត ក្រោយបញ្ជូនដល់មន្ទីរពេទ្យ គ្រូពេទ្យប្រាប់ថា មានជាតិពុលបានជ្រាបពេញខ្លួន និងអាការៈធ្ងន់ធ្ងរទៅហើយ មិនអាចសង្គ្រោះបានទេ ។
ស្ត្រីជាម្តាយបន្តថា កូនគាត់ឈ្មោះវ៉ាន់ បន អាយុ៣ឆ្នាំ រស់នៅភូមិលើ ឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។ ស្ត្រីរូបនោះបញ្ជាក់ទៀតថា កូនប្រុសគាត់មិនមានជំងឺអ្វីក្នុងខ្លួននោះទេ តែនៅរសៀលថ្ងៃទី២១ កូនយំទារទិញចាហួយ បន្ទាប់ពីញ៉ាំហើយស្រាប់តែក្អួតមិនឈប់តែម្តង ។
ទាក់ទិនករណីខាងលើនេះ ភ្នាក់ងារកោះសន្តិភាព មិនអាចទំនាក់ទំនង ទូរស័ព្ទសុំការបំភ្លឺពីលោកស៊ុយ សុភាព ប្រធានមន្ទីរពេទ្យបង្អែកខេត្តបានទេ ដោយសារទូរស័ព្ទរបស់លោកមិនអាចទំនាក់ទំនងបាន ។
មន្ត្រីនគរបាលប៉ុស្តិ៍ រដ្ឋបាលឃុំព្រះរំកិល ឱ្យដឹងបន្ថែមថា ក្រោយក្មេងប្រុសនោះមានអាការៈក្អួតមិនឈប់ ម្តាយឪពុកបញ្ជូនទៅឲ្យពេទ្យ ពិនិត្យសួរនាំថា ពុលចំណី ពួកគេក៏ទៅយកសំបកថង់ទឹកក្រូចកញ្ចប់ពណ៌លឿង និងសំបកចាហួយពីរដុំទៀត មករក្សាទុកពិនិត្យ ។
ក្រោយហេតុការណ៍កើតឡើង សមត្ថកិច្ចមិនអាចស្រាយបំភ្លឺ ជុំវិញករណីនេះបានទេ ដោយសារសពក្មេងរងគ្រោះ ត្រូវឪពុកម្តាយនាំយកទៅ បញ្ចុះបាត់ទៅហើយ ។