Wednesday, February 8, 2017

នៅ ស៊ីនឿន បង្ហោះសារមួយឃ្លាបង្កប់ន័យជ្រៅ ក្រោយរស្មីហង្សមាស ចាប់ផ្ដើមបែកបាក់សមាជិក ពុធ ០៨ កុម្ភៈ, ២០១៧ ២០:៥៦

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ផលិតកម្មរស្មីហង្សមាស បានបាត់បង់កំពូលតារាចម្រៀងស្រី២រូប ដែលទីមួយគឺកញ្ញា ឈិត សុវណ្ណបញ្ញា និងអ្នកនាង យក់ ថិតរដ្ឋាដែលការចាកចេញពីទ្រនំដែលពួកគេធ្លាប់រស់នៅនេះ បានធ្វើឲ្យមហាជនសោកស្តាយយ៉ាងខ្លាំងផងដែរ។ លើសពីនេះ តារាទាំង២ ក៏ពុំទាន់បានលេចលឺនូវដំណឹងថា ពួកគេចាប់ផ្ដើមអាជីពនេះបន្ត នៅក្នុងផលិតកម្មធំៗក្នុងស្រុកណាមួយ ឬក៏ធ្វើជាតារាឯករាជ្យមិនជ្រកក្រោមផលិតកម្មណាមួយ នៅឡើយទេ។
យ៉ាងណាមិញ ស្របពេលដែលមហាជន ជាពិសេសអ្នកគាំទ្រ មិនទាន់អស់អាល័យពីកំពូលតារាចម្រៀងទាំង២ផងនោះ តារាចម្រៀងប្រុសប្រចាំផលិតកម្មរស្មីហង្សមាស បានបង្ហោះសារមួយ ដែលធ្វើឲ្យអ្នកគាំទ្រគិតស៊ីជម្រៅពីន័យរបស់លោក។ 
លោក នៅ ស៊ីនឿនក៏បានបង្ហោះសារមួយនៅលើទំព័ររបស់ខ្លួនផងដែរថា “ខ្ញុំមិនចោលឆ្នាំងបាយចាស់ខ្ញុំទេ!! ទោះជាដាំបាយឆ្អិនយឺតបន្តិចមែនតែជាឆ្នាំងបាយដ៏រឹងមាំនិងសែនកក់ក្ដៅបំផុតសម្រាប់ខ្ញុំ។ សង្ឃឹមថាការសម្រេចចិត្តនិងការអត់ធ្មត់តស៊ូរបស់ខ្ញុំជាយូរឆ្នាំនេះនឹងធ្វើឲ្យខ្ញុំទទួលបានជោគជ័យក្នុងពេលខាងមុខដ៏ខ្លីនេះ។ ស្រលាញ់កូនឲ្យស្មើគ្នាណាពុកម៉ែណាព្រោះយើងជាគ្រួសារតែមួយកូនសុំបានទេ កូនមិនចង់ឃើញគ្រួសារយើងបែកបាក់គ្នាទៀតទេ...”៕
យ៉ាងណាមិញ ក្រោយពីការបង្ហោះសារនេះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន អ្នកគាំទ្រលោកនៅ ស៊ីនឿនក៏បានបញ្ចេញអារម្មណ៍សោកស្តាយជាមួយលោក ខណៈដែលលោកក៏បានបាត់បង់មិត្តរួមការងារ ជាពិសេសធ្លាប់ជ្រកនៅក្រោមដំបូលផលិតកម្មតែមួយ រីឯខ្លះទៀតក៏យល់ថា សារដែលលោកនៅ ស៊ីនឿនបានបង្ហោះនេះក៏មានន័យជ្រៅ ហើយមានបំណងចង់បង្ហាញអារម្មណ៍ប្រាប់អ្នកណាម្នាក់ដែរ?
ចុះប្រិយមិត្តយល់យ៉ាងណាជាមួយសារដែលលោក នៅ ស៊ីនឿនបានបង្ហោះនេះ?
ដោយឡែកពត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖
ភ្នំពេញ៖ ក្រោយពីបានដឹងដំណឹងថា តារាចម្រៀងស្រី អ្នកនាង យក់ ថិតរដ្ឋា បានប្រកាសលាឈប់ ពីផលិតកម្មរស្មីហង្សមាសរួចមក បានធ្វើឲ្យមហាជន សោកស្តាយជាពន់ពេក លើការសម្រេចចិត្តរបស់នាងបែបនេះ។ ប៉ុន្តែរឿងមួយ ដែលអាចធ្វើឲ្យ អ្នកគាំទ្រអ្នកនាង យក់ ថិតរដ្ឋា នៅតែសប្បាយចិត្តបាន បើទោះបីពេលនេះ នាងលែងជាតារាចម្រៀង ក្នុងផលិតកម្មរស្មីហង្សមាស ទៅដោយក្តី។
បើក្រឡេកមើលសារ នៅក្នុងគណនីហ្វេសប៊ុក របស់តារាស្រីរូបនេះ គឺរូបនាង នៅតែប្រកាន់ជំហររឹងមាំមួយថា នាងមិនបោះបង់ វិថីសិល្បៈចោលនោះទេ បើនៅតែមានអ្នកគាំទ្រ ស្រលាញ់ និងចូលចិត្តនាង ហើយជាពិសេស រូបនាង ចង់បំពេញបំណងប្រាថ្នា របស់លោកប៉ានាងផងដែរ។
ក្នុងនោះ នាងបានសរសេរថា "នាងខ្ញុំសូមអរគុណ ដល់បងប្អូនទាំងអស់គ្នាខ្លាំងណាស់ ដែលបានគាំទ្រ និងបាន comment ព្រមទាំង message មកកាន់ខ្ញុំជាច្រើន ហើយខ្ញុំសូមជំរាប ដល់បងប្អូនទាំងអស់ឲ្យបានជ្រាបដែរថា ខ្ញុំនឹងមិនបោះបង់ចោលឡើយ នូវវិថីសិល្បៈ មួយនេះដរាបណាបងប្អូននៅតែបន្តគាំទ្រ និងផ្តល់កម្លាំងចិត្តសម្រាប់ សិល្បៈការិនីម្នាក់នេះ បន្តទៀត ! ព្រោះថាខ្ញុំម្នាក់នេះមិនត្រឹមតែមានដុងពីកំនើតទេ ថែមទាំងមានឈាមជ័រជាអ្នកសិល្បៈផងដែរ ព្រោះលោកប៉ាខ្ញុំគាត់គឺជាតន្រ្តីករ មួយរូបដែលមានក្រុមភ្លេងជាមួយនឹង លោកពូ ណូយ វណ្ណណេតផងដែរ លោកប៉ាជាតន្រ្តីករផ្នែរ ព្យាណូ បាស់ និងសូឡូ ផងដែរ! ចឹង នាងខ្ញុំពិតជាមិនបោះបង់ទេ ដើម្បីបំពេញបំណងប្រាថ្នារបស់ លោកប៉ា និងបន្តវេនជាអ្នកសិល្បៈពីលោក ប៉ា ផងដែរ ព្រោះប៉ាបានចាកចេញពីកូនដោយគ្មានថ្ងៃនឹងត្រលប់វិញអស់រយៈពេលជាច្រើនឆ្នាំណាស់ មកហើយ !
បទច្រៀងដែលលោកបានស្តាប់ កូនច្រៀងដំបូងបង្អស់ គឺបទ (ចិត្តដាច់) RSK production លោកប៉ា ទន្ទឹងរង់ចាំថ្ងៃណាទៅទើបចេញជាVCDនឹងបានមើលការសម្តែង របស់កូនព្រោះប៉ា ជាអ្នកជូនកូនទៅដោយផ្ទាល់ ទីបញ្ចប់លោកប៉ាមិនទាន់ទាំងបានស្តាប់ផង ប៉ាបានទៅចោល កូនបាត់ទៅហើយ ចឹងកូនម្នាក់នេះនឹងសន្យាថាខំប្រឹងក្រោកដើរបន្តទៀត ហ៊ឹម ! នឹកលោកប៉ាខ្លាំងណាស់ លោកប៉ា ( យក់ ថិតសារិ ) ទេពកោសល្យ និងជំនាញ របស់លោក នឹងស្ថិតក្នុងចិត្តនឹងអារម្មណ៍របស់ កូនរហូត តទៅ"។
យ៉ាងណាមិញ ខណៈពេលនេះ តារាចម្រៀង អ្នកនាង យក់ ថិតរដ្ឋា មិនទាន់បង្ហើបប្រាប់អ្នកគាំទ្រទេថា នាងនឹងត្រៀមដើរចូលផលិតកម្មមួយណាបន្ត ឬក៏ធ្វើយ៉ាងណា លើវិថីសិល្បៈបន្ត៕   

No comments:

Post a Comment