Tuesday, February 7, 2017

តារា & កម្សាន្ដ ​បង​ស្រី ដេន​នី ក្វាន់ ត្រូវ​ចាប់​ខ្លួន សង្ស័យ​ពីបទ​ឆ​បោក​ប្រាក់ អង្គារ ០៧ កុម្ភៈ, ២០១៧ ១៣:០៩

ថ្មីៗនេះ មានការភ្ញាក់ផ្អើលមួយ នៅលើបណ្តាញទំនាក់ទំនង ហ្វេសប៊ុក បន្ទាប់ពីមានលេចចេញនូវព័ត៌មានថា បងស្រីបង្កើតរបស់តារាសម្តែងសិចស៊ី កញ្ញា ដេននី ក្វាន់ គឺអ្នកនាង ស្រឿន ចំរើន ហៅ ចោម ក្វាន់ ដែលតែងតែបង្ហាញវត្តមាន ក្នុងឈុតសិចស៊ី ជាមួយប្អូនស្រីដែរនោះ ត្រូវបានមន្ត្រីនគរបាលធ្វើការឃាត់ខ្លួន ជាប់សង្ស័យពីបទឆបោកប្រាក់រាប់ម៉ឺនដុល្លារ ក្នុងជំនួញរកស៊ីរបស់នាង។ លើសពីនេះ សមត្ថកិច្ចបានធ្វើការចុះស្រាវជ្រាវ ដល់ទីតាំងហាងលក់គ្រឿងសង្ហារឹមរបស់អ្នកនាង ចោម ខ្វាន់ទៀតផង ព្រោះអាចជាប់ពាក់ព័ន្ធក្នុងករណីផ្សេងទៀត។
ប្រភពព័ត៌មានទម្លាយចេញពីបណ្ដាញសង្គម Facebook ដដែលបានឲ្យដឹងទៀតថា ការចាប់ឃាត់ខ្លួននេះ ធ្វើឡើងនៅចំណុចមុខក្រសួងការពាជាតិ ផ្លូវសហព័ន្ធរុស្ស៊ី នាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧ ប៉ុន្តែទើបតែបែកធ្លាយសុះសាយនៅពេលនេះ។ ការចាប់ខ្លួន អ្នកនាង សឿន ចំរើន (ហៅ ចោម ខ្វាន់) តាមដីការនាំខ្លួន របស់សាលាតំបូងរាជធានីភ្នំពេញ លេខ៩៥៧ ដចន ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ ក្នុងសំណុំរឿងលេខ៣៤៧៤ ចុះថ្ងៃទី២២ ខែក្កដា ឆ្នាំ២០១៦ ដើម្បីប្រគល់ឲ្យសាលាដំបូងចាត់ការតាមនិតិវិធី បន្ទាប់មកបញ្ជូនទៅមណ្ឌលកែប្រែម២ នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង១១ព្រឹក។
យ៉ាងណាមិញ អ្វីដែលមហាជនចាប់អារម្មណ៍ខ្លាំង ចំពោះព័ត៌មានចាប់ខ្លួនតាមដីការខាងលើ គឺដោយសារតែអ្នកនាង សឿន ចំរើន (ហៅចោមខ្វាន់) គឺជាបងស្រីបង្កើត របស់តារាសិចស៊ី ដេននី ក្វាន់ ហើយក៏ជាអ្នកលេងហ្វេសប៊ុកលេចធ្លោ ជាមួយនឹងរូបថតសិចស៊ី ជាច្រើន ពិសេសនាងត្រូវបានគេស្គាល់ តាមរយៈឃ្លីបវីដេអូខ្លីៗ ជាច្រើនបន្តបន្ទាប់ ជាមួយនឹងតារាសម្តែង ដេននី ក្វាន់ និងធ្លាប់បានធ្វើការរិះគន់ និងជេរមិនសំច្ចៃមាត់ ទៅកាន់អ្នកលេងហ្វេសប៊ុកដូចគ្នា។
ទោះបីជាយ៉ាងណា គេហទំព័រ Khmertalking មិនអាចធ្វើការទំនាក់ទំនងសួរនាំបន្ថែម ជុំវិញរឿងរ៉ាវចាប់ឃាត់ខ្លួនដ៏រសើប បងស្រី ដេននី ខ្វាន់ ដើម្បីឲ្យ ដេននី ខ្វាន់ បំភ្លឺលើរឿងនេះ បានទេ។ ប៉ុន្តែមហាជននៅតែរង់ចាំការបកស្រាយ ពីសំណាក់ ដេននី ខ្វាន់ ដើម្បីឲ្យទស្សនិកជនអស់ការសង្ស័យ ខណៈដែលនាង គឺជាតារាដែលចូលចិត្ត មានប្រតិកម្មបំផុត ពេលមានរឿងអយុត្តិធម៌ណាមួយ កើតឡើងលើរូបនាង ក៏ដូចជាសមាជិកគ្រួសារណាម្នាក់៕
ប្រភព ៖ khmertalking

No comments:

Post a Comment