Thursday, February 23, 2017

អាលីយ៉ា មានការងារបើកឆាកដំបូង សម្រាប់ឆ្នាំ២០១៧ ក្រោយពី​នាង​ ជួប​រឿងរ៉ាវជីវិតស្នេហា ជូចត់កាលពីពេលកន្លងមក ព្រហស្បតិ៍ ២៣ កុម្ភៈ, ២០១៧ ១៤:១០

ភ្នំពេញ៖ ស្នាដៃសិល្បៈថ្មី របស់តារាសម្តែង និងVJអាលីយ៉ា មានការងារបើកឆាកដំបូង សម្រាប់ឆ្នាំ២០១៧ ក្រោយពីនាង ជួបរឿងរ៉ាវជីវិតស្នេហា ជូចត់កាលពីពេលកន្លងមក ។ នាងបានថតរូប និងវីដេអូផ្សព្វផ្សាយ ពាណិជ្ជកម្មថ្មីនៅសណ្ឋាគា ប្រណីត Heritage Suites Hotel នៅលើទឹកដី នៃខេត្តសៀមរាប។ 
ក្រោយជួបរឿង ស្មុគស្មាញនៅក្នុងជីវិត តារាសម្តែងស្រី និងVJ អាលីយ៉ា បានឲ្យដឹងថា ទទួលបានការងារសិល្បៈថ្មីមួយ គឺជាការផ្តល់ឱកាស បើកឆាកការងារ សិល្បៈជាថ្មី។ នាងថាម្ចាស់ សណ្ឋាគា Heritage Suites Hotel បានអញ្ជើញនាង ជាតារាកិត្តិយស ដើម្បីថតរូបនិងសម្តែង ក្នុងឈុតផ្សព្វផ្សាយ សម្រាប់សណ្ឋាគារនេះ ដោយបូករួមទាំង ការផ្តល់ឱកាសឲ្យនាង ស្នាក់នៅសណ្ឋាគារនេះ ជាច្រើនថ្ងៃក្នុងឱកាស ថ្ងៃទិវានៃក្តីស្រលាញ់កន្លងទៅ។ 
សណ្ឋាគារនេះ ស្ថិតនៅជិតវត្តពោធិលង្កា សង្កាត់ស្លក្រាម ខេត្តសៀមរាប ។ នាងបានបញ្ជាក់ថា ការថតត្រូវបានធ្វើឡើង ជាមួយក្រុមអ្នកជំនាញ ផលិតមកពីប្រទេសហ្វីលីពីន ដោយតម្រូវឲ្យនាងថត នូវសកម្មភាពបង្ហាញ ពីសេវាកម្មជាច្រើន របស់សណ្ឋាគាប្រណីមួយនេះ ទាំងទិដ្ឋភាព នៃការស្នាក់នៅ និងការបម្រើសេវាកម្ម ជាច្រើនទៀត នៅក្នុងសណ្ឋាគារមួយនេះ។ 
តារាស្រីដែលធ្លាប់រងគ្រោះ ព្រោះរងអំពើហិង្សា បង្ហាញពីអារម្មណ៍ រំភើបផងដែរជុំវិញ ការផ្តល់ឱកាស របស់ម្ចាស់កម្មវិធី ក៏ដូចជាម្ចាស់សណ្ឋាគារ ដែលបានស្វែងយល់ និងលើកទឹកចិត្ត ផ្តល់តម្លៃដល់សិល្បករ ដោយផ្តល់ការស្នាក់នៅ ជាច្រើនថ្ងៃដោយឥតគិតថ្លៃ សម្រាប់នាងក្នុងថ្ងៃបុណ្យ នៃសេចក្តីស្រលាញ់ផងដែរ។
អ្វីដែលនាងកាន់តែមានកម្លាំងចិត្ត ក្នុងការបន្តការងារ សិល្បៈគឺក្រោយពីបុគ្គលិក សណ្ឋាគារខាងលើ បានស្វាគមន៍រួសរាយ រាក់ទាក់និងសុំថតរូប អនុស្សាវរីយរួមគ្នាជាដើម។ សូមជម្រាបថា ក្នុងឱកាសឆ្នាំថ្មីនេះ តារាសម្តែងស្រី និងVJ អាលីយ៉ា នឹងទទួលបាន ការងារសិល្បៈសាជាថ្មី ហើយនាងក៏បួងសួងឲ្យឆ្នាំថ្មីនាំមកនូវ អ្វីដែលថ្មីសម្រាប់រូបនាងផងដែរ។ នាងរំពឹងដែរថាសា្នដៃ សិល្បៈថ្មីរបស់នាង នឹងទទួលបានការគាំទ្រ ច្រើនពីមហាជន៕
ប្រភព ៖ ដើមអម្ពិល

ព្រឺរោមជំនួស! ស្រាប់តែលេចឃើញ មនុស្សអត់ក្បាល គេងក្បែរ តារាស្រី ជេស៊ីកា ខណៈកំពុងថតរឿង «រាជបុរី Comeback» ព្រហស្បតិ៍ ២៣ កុម្ភៈ, ២០១៧ ១៣:៥៨

ភ្នំពេញ៖ វាជារឿងមួយមិនគួរឲ្យជឿ ខណៈពេលតារាស្រី ជេស៊ីកា កំពុងថតឈុតមួយ ក្នុងរឿង «រាជបុរី Comeback »ស្រាប់តែថតចេញមនុស្សអត់ក្បាល នៅគេងក្បែរនាង ដែលតាមការពិតទៅ ឈុតនោះ គឺនាងគេងលើគ្រែ ម្នាក់ឯងប៉ុណ្ណោះ។
បើតាមការរៀបរាប់តាមហ្វេសប៊ុក លោក ហួរ សុផល ដែលជាម្ចាស់ផលិតកម្ម បានសរសេរថា «សូមជួយវិភាគទាំងអស់គ្នា នេះជាការពិត ជឿ ឬមិនជឿ រឿងកើតឡើង នៅពេលដែលកំពុងថតរឿង រាជ បុរី នៅឈុតបុរីស្លាប់ នៅម៉ោង ៩ យប់ ថតនៅថ្ងៃទី២១ ខែ២ ២០១៧ ពេលដែលក្រុមការងារ យករូបមើលទើបបានដឹងការពិត គួរឲ្យព្រឺរោមមែនទែន សំខាន់តួឯកស្រី ជេស៊ីកា ភ័យយំពេក ឥឡូវឈឺហើយ»
ក្នុងនោះ ក៏មានអ្នកលេងបណ្តាញសង្គមជាច្រើននាក់ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយពួកគេ ក៏បានមើលឃើញ ដូចលោក ហួរ សុផល បានសរសេររៀបរាប់ក្នុងហ្វេសប៊ុកផងដែរ ដែលឃើញមនុស្សអត់ក្បាល គេងជិតកញ្ញា ជេស៊ីកា មែន ហាក់ដូចជាគេងបែរខ្នង និងអង្គុញជើងទៀតផង៕ ចុះប្រិយមិត្តយល់ឃើញយ៉ាងណាដែរ? 
កំណត់ហេតុខ្មែរឡូត៖ 

Wednesday, February 15, 2017

សង្គម រថយន្តដឹកឈើពេញ បណ្តាលឲ្យបាក់ស្ពានស្ទឹងកោះស្លា នៅស្រុកឈូក, ថ្ងៃនេះ​ព្រះរាជអាជ្ញា​ដឹកនាំ​កម្លាំង​ចុះអន្តរាគមន៍ និងបញ្ជា​ឲ្យតាម​ចាប់ជនល្មើស ពុធ ១៥ កុម្ភៈ, ២០១៧ ១៥:១៤

(កំពត)៖ រថយន្ត១គ្រឿងដឹកឈើលើសទម្ងន់ បណ្តាលឲ្យបាក់ស្ពានស្ទឹងកោះស្លា នៅម៉ោងជិត១ រំលងអាធ្រាត្រឈានចូល​ថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០១៧ ចំណុចស្ពានស្ទឹងកោះស្លា ស្ថិតក្នុងភូមិស្រកានាគ ឃុំតាកែន ស្រុកឈូក ខេត្តកំពត។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា រថយន្តដែលដឹកឈើល្មើសច្បាប់ ដែលបណ្តាលឲ្យបាក់ស្ពានខាងលើ ម៉ាកហុីយ៉ានដាយ ចំណុះ៨តោណ ពាក់ស្លាកលេខ ភ្នំពេញ 3B-5745។
មន្ត្រីរដ្ឋបាលព្រៃឈើ បានឲ្យដឹងថា ឈើល្មើស ប្រមាណ១៥ម៉ែត្រគូប ជាប្រភេទឈើធ្ងង់ សុក្រម និងឈើម្រេញ។
តែទោះជាយ៉ាងណាក៏ដោយ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០១៧នេះ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពតលោក ខាន់ សុផល បានដឹកនាំកម្លាំង ចុះមកដល់កន្លែងហេតុការណ៍ និងបញ្ជាឲ្យដឹកជញ្ជូនឈើល្មើសទាំងអស់ និងរកវិធីនាំយករថយន្តល្មើស ទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើកំពត ហើយស្រាវជ្រាវស្វែងរកជនបង្កមកចាត់ការ​តាមច្បាប់ ខណ:ម្ចាស់រថយន្តដឹកឈើ បានរត់គេចខ្លួនបាត់ ក្រោយហេតុការណ៍បាក់ស្ពាន។
សូមបញ្ជាក់ថា រថយន្តដឹកឈើនេះ ​ត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើខេត្តកំពង់ស្ពឺ បានចេញតាមពីក្រោយ ហើយសហការជាមួយកម្លាំងនៅខេត្តកំពត លុះពេលចាប់បាន​នៅពេលបើកឡើងលើស្ពាន បណ្តាលឲ្យបាក់តែម្តង៕
ប្រភព ៖ Fresh News

កម្លាំងនគរបាលខេត្តកំពត ចាប់ជនគ្រឿងញៀន​៤នាក់ ក្នុងនោះព្រះសង្ឃ​៣អង្គ នៅស្រុកដងទង់ ពុធ ១៥ កុម្ភៈ, ២០១៧ ១៦:០៩

(កំពត)៖ កម្លាំងនគរបាលស្រុកដងទង់ ខេត្តកំពតក្រោមការបញ្ជាពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរ​បាលខេត្ត បានចាប់ជនគ្រឿងញៀន៤នាក់ ក្នុងនោះព្រះសង្ឃ៣អង្គ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នៅចំណុចវត្តថៅកុង ភូមិព្រៃឃ្មុំ ឃុំខ្ជាយខាងជើង។
បើតាមនគរបាល ជនគ្រឿងញៀន ដែលចាប់ខ្លួនបាននេះទី១៖ ឈ្មោះ ច្រឹត វី អាយុ៣១ឆ្នាំ នៅភូមិព្រៃកែស ឃុំដំណាក់កន្ទួត​ខាងជើង ស្រុកកំពង់ត្រាច, ទី២៖ឈ្មោះ ញេវ ពិទូ (ព្រះសង្ឃ) ព្រះជន្ម១៦វស្សា, ទី៣៖ឈ្មោះ មាស សុភា (ព្រះសង្ឃ) ព្រះជន្ម១៨វស្សា និង៤៖ឈ្មោះ ប៉ុន តាំង (ព្រះសង្ឃ) ព្រះជន្ម១៦វស្សា ក្នុងនោះជំនាញ ដកហូតបានថ្នាំញៀនចំនួន៥កញ្ចប់។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ កំពុងកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធី៕
ប្រភព ៖ Fresh News

អ្វីដែលអ្នកគាំទ្រសង្ស័យ ពេលនេះកាន់តែច្បាស់ហើយថា ទេព បូព្រឹក្ស និង ដេវីត កំពុងតែមានទំនាក់ទំនងស្នេហាជាមួយគ្នា! (មានវីដេអូ) ពុធ ១៥ កុម្ភៈ, ២០១៧ ១៤:៣០

ភ្នំពេញ៖ កាលពីថ្ងៃទី១៣ ខែកុម្ភៈកន្លងទៅនេះ រូបថតដែលកញ្ញា ទេព បូព្រឹក្ស បានថតបង្ហាញពីចិញ្ចៀនពាក់គូជាមួយនឹងដៃបុរសម្នាក់ ដែលធ្វើឲ្យអ្នកគាំទ្រសង្ស័យថា គឺជាដៃរបស់តារាចម្រៀងរ៉េបលោក ងួន ចាន់ដេវីត ហៅ G-devith ពីព្រោះថ្មីៗនេះ គេតែងសង្កេតឃើញ អ្នកទាំងពីរដើរជាមួយគ្នាជាញឹកញាប់ខុសប្លែកពីធម្មតា ព្រមទាំងឆ្លងឆ្លើយសារស្នេហាបែបប្រយោល នៅលើបណ្តាញសង្គមហ្វេសប៊ុកថែមទៀត។
ដោយឡែក ឈានចូលមកដល់ថ្ងៃទី១៤ ខែកុម្ភៈ ដែលចំថ្ងៃ Valentine Day តែម្តង លោក ជី ដេវីត ត្រូវបានគេអញ្ជើញចូលរួមក្នុងកម្មវិធីប្រគុំតន្រ្តីមួយ ដែលក្នុងនោះគេក៏រៀបចំធ្វើជាSurprise ពិសេសពីគូស្នេហ៍តែម្តង។
ខណៈពេលSurprise នេះផងដែរ គឺកាន់តែបញ្ជាក់ច្បាស់ និងបានធ្វើឲ្យអ្នកគាំទ្រអស់មន្ទិលសង្ស័យ តាមរយៈចិញ្ចៀនមួយវង់ដែលលោក ជី ដេវីតយកមកSurprise លើឆាក ដែលអ្នកគាំទ្រជឿជាក់ថានោះគឺជាចិញ្ចៀនគូជាមួយកញ្ញា ទេព បូព្រឹក្សយ៉ាងពិតប្រាកដមែន។ លើសពីនេះ លោកក៏បានអគុណទៅដល់នារីបេះដូងពណ៌លឿង ដែលជាពណ៌បេះដូងដែលកញ្ញា បូព្រឹក្ស ស្រលាញ់និងតែងតែប្រើប្រាស់វានៅលើបណ្តាញសង្គមផងដែរ។
ប៉ុន្តែមិនថាយ៉ាងណា អ្នកគាំទ្រជាច្រើនក៏ កំពុងតែព្រួយបារម្ភពីភាពជាដៃគូដ៏ល្អ រវាងលោក ដេវីត និងអ្នកនាង ពេជ្រ សោភាផងដែរ ដោយមិនដឹងថាពួកគេមានរឿងអ្វីនឹងគ្នា ទើបខណៈពេលឡើងសម្តែង ពួកគេបែរជាសម្តែងផ្សេងៗដាច់ដោយឡែកពីគ្នា ទាំងដែលពីមុនៗមកពួកគេតែងតែសហការសម្តែងរួមគ្នាជារឿយៗ បន្ថែមពីនេះ ដេវីត ក៏ស្រាប់តែបែរមកដើរជាមួយនឹងកញ្ញា ទេព បូព្រឹក្សវិញ៕
មិនថាយ៉ាងណា ចុះប្រិយមិត្តយល់យ៉ាងណាដែលចំពោះ គូសង្សារស្ទាយKpopមួយគូនេះ ឬអាចនិយាយបានថា GDនិង CL ខ្មែរកំពុងស្រលាញ់គ្នា? 

Friday, February 10, 2017

Update: ករណីរឹតកសម្លាប់កូនស្រីមន្រ្តីរដ្ឋសភាប្លន់យកទ្រព្យសម្បត្តិ, កម្លាំងនគរបាលតាមចាប់ជនដៃដល់បានហើយ គឺជាពូបង្កើត សៅរ៍ ១១ កុម្ភៈ, ២០១៧ ០៨:០៣

(ភ្នំពេញ)៖ ករណីកូនស្រីមន្រ្តីរដ្ឋសភា ត្រូវគេចូលទៅរឹតកសម្លាប់ប្លន់យកទ្រព្យសម្បត្តិ ដល់ក្នុងបន្ទប់ ខណ្ឌច្បារអំពៅ ត្រូវបានកម្លាំងនគរបាលតាមចាប់ជនដៃដល់បានហើយ គឺជាពូបង្កើតរបស់ជនរងគ្រោះតែម្តង។
លោក ម៉ៅ សឿត អធិការរងនគរបាលខណ្ឌច្បារអំពៅ បានប្រាប់ឲ្យដឹងថា បន្ទាប់ពីមានករណីឃាតកម្មរឹតកសម្លាប់ប្លន់យកទ្រព្យសម្បត្តិ នាយឧត្តមសេនីយ៍ស្នងការ ជួន សុវណ្ណ បានបញ្ជាឲ្យកម្លាំងជំនាញ សហការគ្នា រហូតតាមចាប់ជនសង្ស័យបាន នៅស្រុកកៀនស្វាយ ខេត្តកណ្តាល នាថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០១៧នេះ។
លោកបានបញ្ជាក់ថា «យើងបានហើយធ្វើការស្រាវជ្រាវនិងមានកាំម៉ាសុវត្ថិភាព ហើយសហការជាមួយកងរាជអាវុធហត្ថខណ្ឌច្បារអំពៅ និងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ក៏ឈានទៅដល់ការ ឃាត់បានបុរសជនសង្ស័យជា ជនដៃដល់ត្រូវជាពូបង្កើតតែម្តង»។​
សម្រាប់មូលហេតុវិញ ជនសង្ស័យបានសារភាពថា មកពីខ្វះខាតលុយដើម្បីចិញ្ចឹមគ្រួសារ។
សូមបញ្ជាក់ថា នារីកូនរបស់មន្រ្តីរដ្ឋសភា ត្រូវជនល្មើសមិនស្គាល់អត្តសញ្ញាណ ចូលទៅរឹតកសម្លាប់ចោលដល់ក្នុងប​ន្ទប់ដេក ប្លន់យកទ្រព្យសម្បត្តិជាគ្រឿងអលង្ការ និងទូរស័ព្ទដៃ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅវេលាម៉ោង​ជាង១១ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។
អំពើប្លន់សម្លាប់នេះ បានកើតឡើងនៅចំណុចផ្ទះលេខ៤៤៣ តាមផ្លូវបេតុង ស្ថិតនៅភូមិព្រែកជាងព្រហ្ម សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ភ្នាក់ងារ Fresh News បានរាយការណ៍ថា សពនារីរងគ្រោះឈ្មោះ ពៅ សុភ័ក្រ្ត អាយុ២២ឆ្នាំ មុខរបរនៅផ្ទះ ត្រូវបានជនដៃដល់​យកខ្សែភ្លើង រឹតកបណ្ដាលសម្លាប់ក្នុងបន្ទប់ដេក។
តាមសេចក្តីរាយការណ៍ពីជិតខាង បានឲ្យដឹងថា អំពើឃាតកម្មនេះ បានដឹងដោយសារតែក្មេងស្រីតូចម្នាក់ ដែលជាប្អូនស្រីរបស់​នារីរងគ្រោះ បានស្រែកយំយ៉ាងខ្លាំង។ នៅពេលកើតហេតុនេះ ខណៈឪពុកម្តាយរបស់នាង បានចេញទៅធ្វើការបាត់៕
ប្រភព ៖ Fresh News

Thursday, February 9, 2017

ចាប់រថយន្តមួយគ្រឿង ដឹកឈើប្រណិត ពេញប្រគល់ឲ្យ រដ្ឋបាលព្រៃឈើ ព្រហស្បតិ៍ ០៩ កុម្ភៈ, ២០១៧ ០៩:៥៧

រតនគិរី៖ កម្លាំងគណបញ្ជាការ ឯកភាពក្រុងបានលុង នៅវេលាម៉ោង៨៖១០នាទីព្រឹក ថ្ងៃទី៩​ ខែកុម្ភៈ ឆ្នាំ២០១៧​ នេះបានស្ទាក់ចាប់ រថយន្តសាំយ៉ុងពណ៌ស ពាក់ស្លាកលេខព្រៃវែង2A-0329 ដឹកឈើប្រណិតពេញ ខណៈកំពុងធ្វើដំណើរ លើកំណាត់ផ្លវជាតិលេខ៧៨ ចេញពីទីរួមក្រុងបានលុង ឆ្ពោះទៅប្រទេសវៀតណាម។
បន្ទាប់ពីស្ទាក់ចាប់រថយន្ត ដឹកឈើនេះបានបញ្ជូនភ្លាមៗ ប្រគល់ឲ្យខណ្ឌរដ្ឋបាលព្រៃឈើ។ចំណែកឯចំនួនឈើប្រណិត មិនទាន់ដឹងទូរលេខ ពិតប្រាកដនៅឡើយទេ ហើយម្ចាស់រថយន្តដឹកឈើ ក៏មិនទាន់ដឹងអត្តសញ្ញាណដែរ ។
ទន្ទឹមករណីចាប់រថយន្ត ដឹកឈើនេះដែរ មជ្ឈដ្ឋានប្រជាពលរដ្ឋ និងមន្ត្រីរាជការក្នុងខេត្តរតនគិរី មានមតិលើកឡើងស្រដៀងគ្នាថា សូមឲ្យសមត្ថកិច្ចជំនាញ ចាត់ការតាមច្បាប់ ឲ្យបានតឹងរឹងផង ព្រោះពួកគាត់តែងសង្កេតឃើញ កន្លងមកមិនទាន់បាន មួយដង្ហើមចង្រិតផងឃើញរថយន្ត ដែលចាប់ទៅដឹក បទល្មើសព្រៃឈើដដែល៕
ប្រភព ៖ ដើមអម្ពិល

Wednesday, February 8, 2017

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារសួរសុខទុក្ខលោក ម៉ា សេរី តាមទូរស័ព្ទតាំងពីពេលនៅព្យាបាលជំងឺ, ពេលនេះ «ខ្ញុំបាត់ដៃគូដែលតែងហៅរកសួរនាំពីបញ្ហាកីឡា» ពុធ ០៨ កុម្ភៈ, ២០១៧ ១៣:៣៦

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមរយៈ Facebook ផ្លូវការរបស់សម្តេចបានបង្ហាញនូវពាក្យថា៖ «ខ្ញុំនៅមានទុក្ខជាមួយការ បាត់បង់មិត្តភ័ក្រគឺលោក ម៉ា សេរីដែលបានលាចាកលោកនេះនាព្រឹកម៉ិញនេះ, ខ្ញុំបាត់ដៃគូរដែលតែងហៅ រកសួរនាំពីបញ្ហាកីឡា»។
នៅព្រឹកថ្ងៃទី០8 ខែកុម្ភៈនេះ សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់យ៉ាងដូច្នេះថា៖ «ថ្ងៃនេះទោះបីខ្ញុំរីករាយជាមួយបុណ្យបញ្ចុះខណ្ឌសីមានៅវត្ត ព្រែកប្រាក៏ដោយ តែ ខ្ញុំនៅមានទុក្ខជាមួយការបាត់បង់មិត្តភ័ក្រគឺលោក ម៉ា សេរី ដែលបានលាចាកលោកនេះនាព្រឹកមិញនេះ។ ខ្ញុំបានជួបលោកម៉ា សេរី តាមទូរសព្ទ័ បន្ទាប់មកបន្តឆ្លងឆ្លើយ គ្នាតាម Line ដែលខ្ញុំបង្ហាញជូននេះ។ តាមគំរោងព្រឹកនេះខ្ញុំនឹងផ្ញើសារសួរសុខទុក្ខគាត់ទៀត តែមិននឹកស្មានថាខ្ញុំទទួលសារពីលោក ហ៊ុយ វណ្ណៈ ថា លោក ម៉ា សេរី ទទួលមរណភាពទៅហើយ។ ខ្ញុំបាត់ដៃគូរដែលតែងហៅរកសួរនាំពីបញ្ហាកីឡា។ ក្រៅពីសាររំលែកទុក្ខខ្ញុំគ្មានពាក្យ អ្វីក្រៅពីពាក្យថាលាហើយជាមួយទឹកភ្នែកដើម្បីជូនដំណើរនោះឡើយ»។
ខាងក្រោមនេះជាសាររបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើសួរសុខទុក្ខលោក ម៉ា សេរី ពេលកំពុងព្យាបាលជំងឺ៖
១៖ សម្តេចតេជោ ហ៊ុន សែន (ថ្ងៃទី៣០ ខែមករា ម៉ោង១០៖៣០ព្រឹក)៖ ជូនពរលោក ម៉ា សេរី ជំនះបានលើពេលវេលាដ៏លំបាកនេះ។ ហ៊ុន សែន
២៖ ម៉ា សេរី (ថ្ងៃទី៣០ ខែមករា ម៉ោង១៣៖១៨នាទី)៖ អរព្រះគុណដ៏ជ្រាលជ្រៅសម្តេច
៣៖ ម៉ា សេរី (ថ្ងៃទី០៣ ខែកុម្ភៈ ម៉ោង១១៖៥៣នាទី)៖ គោរពជូនសម្តេចជាទីគោរពដ៏ថ្លៃថ្លា នៅវេលាម៉ោង១១៖៣០ព្រឹក ថ្ងៃទី០៣កុម្ភៈនេះ ខ្ញុំបានរើចេញពីមន្ទីរពេទ្យរុស្ស៊ីហើយ ព្រោះគ្រូពេត្យបានប្រាប់ថា ពួកគាត់អស់លទ្ធភាពព្យាបាលហើយ។ ប៉ុន្មានថ្ងៃមុខ បើខ្ញុំបាទឈឺទ្រាំមិនបាន ឲ្យខ្ញុំបាទត្រឡប់មកវិញចុះ គាត់នឹងព្យាយាមជួយបន្តទៀត។ ដោយសេចក្តីគោរពដ៏ថ្លៃថ្លាបំផុត ពីខ្ញុំ ម៉ា សេរី។
៤៖ សម្តេចតេជោ ហ៊ុន សែន (ថ្ងៃទី០៣ ខែកុម្ភៈ ម៉ោង១២៖១៩នាទី)៖ ខិតខំព្យាលបន្តនៅផ្ទះតាមការណែនាំ របស់ពេទ្យ។ សូមជូនពរដើម្បីជំនះលើការលំបាកនេះ។
៥៖ ម៉ា សេរី (ថ្ងៃទី០៣ ខែកុម្ភៈ ម៉ោង១២៖៥១នាទី)៖ អរគុណនូវសណ្តានចិត្តគាំទ្ររបស់សម្តេច គុណបំណាច់ដ៏ធំធេងនេះ ខ្ញុំបាទនឹងក្រុមគ្រួសារគ្មានថ្ងៃបំភ្លេចបានឡើយ។
តាមរយៈសារឆ្លើយឆ្លងសួរសុខទុក្ខនេះអាចបង្ហាញថា សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំមួយដែលតែងតែគិតអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ មិនថាឋានៈខ្ពស់ទាប វណ្ណៈពណ៌សំបុរអ្វីឡើយ ដែលនេះជាសកម្មភាពដ៏ប្រពៃមួយដែលកម្រមានមេដឹកនាំថ្នាក់កំពូលយកចិត្តទុក្ខយ៉ាងនេះណាស់។
សូមជំរាបថា លោក ម៉ា សេរី ប្រធានផ្នែកកម្មវិធីកីឡារបស់ស្ថានីយ៍ទូរទស្សន៍ CTN CNC MyTV បានទទួលមរណភាពនៅវេលាម៉ោង​៥៖៥៤នាទីព្រឹកថ្ងៃទី៨ ខែកុម្ភ:​ ឆ្នាំ២០១៧នេះ នៅមន្ទីរពេទ្យរុស្ស៊ី៕
ប្រភព ៖ Fresh News

នៅ ស៊ីនឿន បង្ហោះសារមួយឃ្លាបង្កប់ន័យជ្រៅ ក្រោយរស្មីហង្សមាស ចាប់ផ្ដើមបែកបាក់សមាជិក ពុធ ០៨ កុម្ភៈ, ២០១៧ ២០:៥៦

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ផលិតកម្មរស្មីហង្សមាស បានបាត់បង់កំពូលតារាចម្រៀងស្រី២រូប ដែលទីមួយគឺកញ្ញា ឈិត សុវណ្ណបញ្ញា និងអ្នកនាង យក់ ថិតរដ្ឋាដែលការចាកចេញពីទ្រនំដែលពួកគេធ្លាប់រស់នៅនេះ បានធ្វើឲ្យមហាជនសោកស្តាយយ៉ាងខ្លាំងផងដែរ។ លើសពីនេះ តារាទាំង២ ក៏ពុំទាន់បានលេចលឺនូវដំណឹងថា ពួកគេចាប់ផ្ដើមអាជីពនេះបន្ត នៅក្នុងផលិតកម្មធំៗក្នុងស្រុកណាមួយ ឬក៏ធ្វើជាតារាឯករាជ្យមិនជ្រកក្រោមផលិតកម្មណាមួយ នៅឡើយទេ។
យ៉ាងណាមិញ ស្របពេលដែលមហាជន ជាពិសេសអ្នកគាំទ្រ មិនទាន់អស់អាល័យពីកំពូលតារាចម្រៀងទាំង២ផងនោះ តារាចម្រៀងប្រុសប្រចាំផលិតកម្មរស្មីហង្សមាស បានបង្ហោះសារមួយ ដែលធ្វើឲ្យអ្នកគាំទ្រគិតស៊ីជម្រៅពីន័យរបស់លោក។ 
លោក នៅ ស៊ីនឿនក៏បានបង្ហោះសារមួយនៅលើទំព័ររបស់ខ្លួនផងដែរថា “ខ្ញុំមិនចោលឆ្នាំងបាយចាស់ខ្ញុំទេ!! ទោះជាដាំបាយឆ្អិនយឺតបន្តិចមែនតែជាឆ្នាំងបាយដ៏រឹងមាំនិងសែនកក់ក្ដៅបំផុតសម្រាប់ខ្ញុំ។ សង្ឃឹមថាការសម្រេចចិត្តនិងការអត់ធ្មត់តស៊ូរបស់ខ្ញុំជាយូរឆ្នាំនេះនឹងធ្វើឲ្យខ្ញុំទទួលបានជោគជ័យក្នុងពេលខាងមុខដ៏ខ្លីនេះ។ ស្រលាញ់កូនឲ្យស្មើគ្នាណាពុកម៉ែណាព្រោះយើងជាគ្រួសារតែមួយកូនសុំបានទេ កូនមិនចង់ឃើញគ្រួសារយើងបែកបាក់គ្នាទៀតទេ...”៕
យ៉ាងណាមិញ ក្រោយពីការបង្ហោះសារនេះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន អ្នកគាំទ្រលោកនៅ ស៊ីនឿនក៏បានបញ្ចេញអារម្មណ៍សោកស្តាយជាមួយលោក ខណៈដែលលោកក៏បានបាត់បង់មិត្តរួមការងារ ជាពិសេសធ្លាប់ជ្រកនៅក្រោមដំបូលផលិតកម្មតែមួយ រីឯខ្លះទៀតក៏យល់ថា សារដែលលោកនៅ ស៊ីនឿនបានបង្ហោះនេះក៏មានន័យជ្រៅ ហើយមានបំណងចង់បង្ហាញអារម្មណ៍ប្រាប់អ្នកណាម្នាក់ដែរ?
ចុះប្រិយមិត្តយល់យ៉ាងណាជាមួយសារដែលលោក នៅ ស៊ីនឿនបានបង្ហោះនេះ?
ដោយឡែកពត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖
ភ្នំពេញ៖ ក្រោយពីបានដឹងដំណឹងថា តារាចម្រៀងស្រី អ្នកនាង យក់ ថិតរដ្ឋា បានប្រកាសលាឈប់ ពីផលិតកម្មរស្មីហង្សមាសរួចមក បានធ្វើឲ្យមហាជន សោកស្តាយជាពន់ពេក លើការសម្រេចចិត្តរបស់នាងបែបនេះ។ ប៉ុន្តែរឿងមួយ ដែលអាចធ្វើឲ្យ អ្នកគាំទ្រអ្នកនាង យក់ ថិតរដ្ឋា នៅតែសប្បាយចិត្តបាន បើទោះបីពេលនេះ នាងលែងជាតារាចម្រៀង ក្នុងផលិតកម្មរស្មីហង្សមាស ទៅដោយក្តី។
បើក្រឡេកមើលសារ នៅក្នុងគណនីហ្វេសប៊ុក របស់តារាស្រីរូបនេះ គឺរូបនាង នៅតែប្រកាន់ជំហររឹងមាំមួយថា នាងមិនបោះបង់ វិថីសិល្បៈចោលនោះទេ បើនៅតែមានអ្នកគាំទ្រ ស្រលាញ់ និងចូលចិត្តនាង ហើយជាពិសេស រូបនាង ចង់បំពេញបំណងប្រាថ្នា របស់លោកប៉ានាងផងដែរ។
ក្នុងនោះ នាងបានសរសេរថា "នាងខ្ញុំសូមអរគុណ ដល់បងប្អូនទាំងអស់គ្នាខ្លាំងណាស់ ដែលបានគាំទ្រ និងបាន comment ព្រមទាំង message មកកាន់ខ្ញុំជាច្រើន ហើយខ្ញុំសូមជំរាប ដល់បងប្អូនទាំងអស់ឲ្យបានជ្រាបដែរថា ខ្ញុំនឹងមិនបោះបង់ចោលឡើយ នូវវិថីសិល្បៈ មួយនេះដរាបណាបងប្អូននៅតែបន្តគាំទ្រ និងផ្តល់កម្លាំងចិត្តសម្រាប់ សិល្បៈការិនីម្នាក់នេះ បន្តទៀត ! ព្រោះថាខ្ញុំម្នាក់នេះមិនត្រឹមតែមានដុងពីកំនើតទេ ថែមទាំងមានឈាមជ័រជាអ្នកសិល្បៈផងដែរ ព្រោះលោកប៉ាខ្ញុំគាត់គឺជាតន្រ្តីករ មួយរូបដែលមានក្រុមភ្លេងជាមួយនឹង លោកពូ ណូយ វណ្ណណេតផងដែរ លោកប៉ាជាតន្រ្តីករផ្នែរ ព្យាណូ បាស់ និងសូឡូ ផងដែរ! ចឹង នាងខ្ញុំពិតជាមិនបោះបង់ទេ ដើម្បីបំពេញបំណងប្រាថ្នារបស់ លោកប៉ា និងបន្តវេនជាអ្នកសិល្បៈពីលោក ប៉ា ផងដែរ ព្រោះប៉ាបានចាកចេញពីកូនដោយគ្មានថ្ងៃនឹងត្រលប់វិញអស់រយៈពេលជាច្រើនឆ្នាំណាស់ មកហើយ !
បទច្រៀងដែលលោកបានស្តាប់ កូនច្រៀងដំបូងបង្អស់ គឺបទ (ចិត្តដាច់) RSK production លោកប៉ា ទន្ទឹងរង់ចាំថ្ងៃណាទៅទើបចេញជាVCDនឹងបានមើលការសម្តែង របស់កូនព្រោះប៉ា ជាអ្នកជូនកូនទៅដោយផ្ទាល់ ទីបញ្ចប់លោកប៉ាមិនទាន់ទាំងបានស្តាប់ផង ប៉ាបានទៅចោល កូនបាត់ទៅហើយ ចឹងកូនម្នាក់នេះនឹងសន្យាថាខំប្រឹងក្រោកដើរបន្តទៀត ហ៊ឹម ! នឹកលោកប៉ាខ្លាំងណាស់ លោកប៉ា ( យក់ ថិតសារិ ) ទេពកោសល្យ និងជំនាញ របស់លោក នឹងស្ថិតក្នុងចិត្តនឹងអារម្មណ៍របស់ កូនរហូត តទៅ"។
យ៉ាងណាមិញ ខណៈពេលនេះ តារាចម្រៀង អ្នកនាង យក់ ថិតរដ្ឋា មិនទាន់បង្ហើបប្រាប់អ្នកគាំទ្រទេថា នាងនឹងត្រៀមដើរចូលផលិតកម្មមួយណាបន្ត ឬក៏ធ្វើយ៉ាងណា លើវិថីសិល្បៈបន្ត៕   

Tuesday, February 7, 2017

ចាប់ខ្លួន​ជន​នាំ​ស្ត្រី​ខ្មែរ​ទៅ​ធ្វើ​ពេស្យា​នៅ​ជប៉ុន

រាជធានី​ភ្នំពេញ ៖ ជនជាតិ​ជប៉ុន​ម្នាក់ និង​ខ្មែរ​២​នាក់ កាលពី​ព្រឹក​ថ្ងៃ​ទី​៦ ខែកុម្ភៈ បាន​ត្រូវ​នគរបាល​នាយកដ្ឋាន​ ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ក្រសួងមហាផ្ទៃ ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​ សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​មនុស្ស​ទៅ​ប្រទេស​ជប៉ុន ។
ជន​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​នេះ​មាន ៖
១-​ឈ្មោះ FUKUI SUSUMU ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជនជាតិ​ជប៉ុន
២-​ឈ្មោះ អេ​ង ចាន់​ឌី ហៅ ខេន ឌី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ និង
៣-​ឈ្មោះ លឹ​ម ល​ក្ខិ​ណា ហៅ​ណែ​ត ភេទ​ស្រី អាយុ​២៨​ឆ្នាំ ។
ការ​ឃាត់ខ្លួន​ជន​ទាំង​៣​នាក់​នេះ សមត្ថកិច្ច​មិន​បាន​ផ្តល់​ព័ត៌មាន​ ជា​ផ្លូវការ​ដល់​អ្នក​សារព័ត៌មាន​ទេ តែ​ទោះជា​យ៉ាងណា​ នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ត្រូវ​បាន​គេ​ដឹង​ថា កាល​ក្នុង​អំឡុង​ឆ្នាំ​២០១៦ មាន​បុរស​ជនជាតិ​ជប៉ុន​ម្នាក់​ ជា​ថៅកែ​ភោជនីយដ្ឋាន​ជប៉ុន​មួយ​នៅ​កម្ពុជា បាន​អូស​ទាញ​នារី​ខ្មែរ​ចំនួន​១០​នាក់​ យក​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន ដោយ​អះអាង​ថា ទទួល​បាន​ប្រាក់ខែ​ពី​ ៣.០០០​ទៅ​៥.០០០​ដុល្លារ​អា​មេ​រិ​ក ។
ប្រភព​ព័ត៌មាន​បន្ត​ថា ពេល​និយាយ​ត្រូវរ៉ូវ​គ្នា​ហើយ ជនជាតិ​ជប៉ុន​នោះ​បាន​ឲ្យ​នារី​ទាំង​១០​នាក់​នោះ​ខ្ចីប្រាក់​មុន​ក្នុង​ម្នាក់​៥០០​ដុល្លារ សម្រាប់​ទុក​ឲ្យ​ម្តាយ​ឪពុក​ប្រើប្រាស់​ក្នុង​ជីវភាព​គ្រួសារ ។ លុះ​ពេល​ទៅ​ដល់​ប្រទេស​ជប៉ុន ពួក​នាង​ត្រូវ​បាន​គេ​បង្ខាំង​ទុក​មួយ​កន្លែង និង​បាន​ដកហូត​យក​លិខិតឆ្លងដែន ហើយ​បង្ខំ​ឲ្យ​ធ្វើ​ជា​ស្ត្រី​បម្រើ​ផ្លូវភេទ ។
ពេល​នោះ ដោយសារ​ម្នាក់​ៗ​ បាន​ធ្លាក់ខ្លួន​ទៅ​ជា​ស្រី្ត​ពេ​ស្សា ក៏​ខិតខំ​ប្រឹងប្រែង​រក​មធ្យោបាយ​ទាក់ទង​ទៅ​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ជប៉ុន និង​បាន​ទូរ​សព្ទ័​ផ្តល់​ព័ត៌មាន​មក​ក្រុម​គ្រួសារ ដើម្បី​ឲ្យ​ដឹង​ពី​ការ​ចាញ់ល្បិច​កល​ជន​បោកប្រាស់​នាំ​ទៅ​ធ្វើ​ស្រី្ត​ពេ​ស្សា​នៅ​ជប៉ុន ។
ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​ ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​ អនីតិជន​ក្រសួងមហាផ្ទៃ បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជន​ទាំង​៣​នាក់​ខាងលើ​ នៅ​រាជធានី​ភ្នំពេញ និង​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ រាជធានី​ភ្នំពេញ​តាម​នីតិវិធី ។
ទាក់ទង​នឹង​ករណី​នេះ​ដែរ លោក​ឧត្តមសេនីយ៍ឯក ប៉ុ​ល ភិ​ធេ​យ្យ ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​យ៉ាង​ខ្លី​ថា ជនសង្ស័យ​ទាំង​៣​នាក់​នេះ​ គឺ​ពិតជា​អ្នក​ដើរ​ជ្រើសរើស​នារី​ចំនួន​១០​នាក់​ពី​ស្រុក​ខ្មែរ នាំ​ទៅ​ឲ្យគ្នា​គេ​នៅ​ជប៉ុន​មែន ។
ដូច្នេះ ជន​ទាំង​៣​នាក់​នេះ​ហើយ ​ដែល​ជា​មនុស្ស​ទី​១ ផ្តើមគំនិត​ក្នុង​ការ​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង​នៅ​ស្រុក​ខ្មែរ ដែលសមត្ថកិច្ច​ត្រូវ​តែ​ចាប់ខ្លួន​ ដើម្បី​ដោះស្រាយ​ទៅ​តាម​ច្បាប់​៕
ប្រភព ៖ កោះសន្តិភាព

ហីឡើងចឹងអី! កន្លែងផលិតទឹកបរិសុទ្ធ? អង្គារ ០៧ កុម្ភៈ, ២០១៧ ១៣:១២

ខេត្តបាត់ដំបង ​៖ ដូច​ជា​ហូ​សហេតុ​ពេក​​ហើយ ដែល​អាជ្ញាធរមាន​សមត្ថ​​កិច្ច និង​ស្ថាប័ន​ជំនាញ​នៅ​ស្រុក​ភ្នំព្រឹក មិន​​ខ្វល់ខ្វាយ​អំពី​ សុខ​ភាព​ប្រជា​ពលរដ្ឋ រហូត​ប​ណ្ដែ​ត​​បណ្ដោយ​ឱ្យ​​ក្រុមហ៊ុន​ ផលិត​ទឹក​សុទ្ធ​ដ៏​ធំ​​មួយ ប្រើប្រាស់​បរិវេណ​ស្ថានីយ​ប្រេង​មួយ​​កន្លែង ជាទី​តាំង​សម្រាប់​ច្រក​ទឹក​សុទ្ធ​ លក់​ជាង​១០​ឆ្នាំ​កន្លង​ទៅ​នេះ ដោយ​គ្មាន​ការ​បិត​បាំង ​ឬ​មាន​បន្ទប់​ត្រឹម​​ត្រូវ​តាម​ លក្ខណ​:​​បច្ចេកទេស ដែល​​មើល​ទៅ​ ការ​បូ​ប​ទឹក​សុទ្ធ​ច្រក​ប៊ីដុង​លក់​​នៅ​កណ្ដាលវាល​​នេះ ហាក់ដូច​នឹង​ការ​បូម​ ប្រេងសាំង​លក់​នៅ​ក្នុង​ស្ថានីយ​ប្រេង​ដូច្នេះ​ដែរ ​។
បើ​តាម​ការ​ពិនិត្យ​លើ​ស្លាក​ប្លា​ស្ទិ​ច​ ដែល​បិទ​លើ​ប៊ីដុង​ទឹក​សុទ្ធ​គឺ​មាន​យីហោ «ហ្គោ​ដិ​ន​ស៊ី» ​។ ទីតាំង​ផលិត​ទឹក ឬកន្លែង​ច្រក​ទឹក​សុទ្ធ​ គឺ​ធ្វើ​ឡើង​នៅ​ក្នុង​បរិវេណ​ស្ថានីយប្រេង​ឥន្ធន​: ជាប់​នឹង​ម៉ាស៊ីន​បូម​ប្រេង​ចាក់​យានយន្ត​តែ​ម្ដង ដែល​ស្ថិត​ត្រង់​ផ្លូវបែក​ជា​៤ ក្នុង​ភូមិ​ភ្នំ​តូច ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក ​។
បើ​តាម​កម្មករ​បូម​សាំង​លក់​បាន​ប្រាប់​ថា ថៅកែ​ទឹក​សុទ្ធ «ហ្គោ​ល​ដិ​ន​ស៊ី​» ​និង​ថៅកែ​ស្ថានីយ​​ប្រេង​នេះ ​ឈ្មោះ​ឡេ​ង ស្រ៊ុ​ន ​។ គេ​មិនឃើញ​មាន​​បន្ទប់​ សម្រាប់​ច្រក​ទឹក​សុទ្ធ​ទេ តែ​គេ​ឃើញ​មាន​ទុយោ​ជ័រ​​ បំពាក់​តាម​ជញ្ជាំង​​របង​ថ្ម បន្ត​មក​ពី​ខាងក្រោយ​ស្ថានីយ​ប្រេង​ដែល​គេ​មិនដឹង​បង្ហូរ​ ចេញពី​ប្រភព​ណា​ឡើយ ​។ នៅ​ទីនោះ​ មាន​កម្មករ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ បាន​អូស​ទុយោ​បង្ហូរទឹក​ ច្រកចូល​ប៊ីដុង​តូច-​ធំ​ ដែល​តំរៀប​ផ្ទាល់​នៅ​លើ​ដី​ផង និង​តំរៀប​នៅ​លើ​រថយន្ត​ជា​ស្រេច​ផង​។
អ្នក​ធ្វើ​ដំណើរ​នៅ​លើ​ផ្លូវជាតិ និង​ម្ចាស់​យានយន្ត​នានា ដែល​ចូល​ចាក់​ប្រេង​នៅ​ក្នុង​ស្ថានីយ​របស់​លោក​ឡេ​ង ស្រ៊ុ​ន នេះ នឹង​បាន​ឃើញ​យ៉ាង​ច្បាស់​ពី​សកម្មភាព​កម្មករ​បូមទឹក​សុទ្ធ​ច្រក​ប៊ីដុង​នេះ​ ។ ​
ជាក់ស្ដែង​ កាលពី​ព្រឹក​ថ្ងៃ​ទី​០៥​ កុម្ភ​: គេ​ឃើញ​ក្រុម​កម្មករ​បាន​អូស​ទុយោ​បូមទឹក​សុទ្ធ​ច្រក​ក្នុង​ប៊ីដុង​ទឹក​សុទ្ធ​ផង ហើយ​បូម​ដាក់​ចូល​ក្នុង​ ស៊ីទែន​ធំ​ដែល​ដាក់​លើ​រថយន្ត​ផង​ ។ ជាមួយនឹង​សកម្មភាព​ ដ៏​ស្មោ​គគ្រោក​នេះ ស្ត្រី​ម្នាក់​ដែល​មើល​ការ​ខុស​ត្រូវ​នៅ​ទីនោះ​បាន​និយាយ​ប្រាប់​ កោះសន្តិភាព​ប៉ុន្មាន​មាត់​​ថា «ទឹក​សុទ្ធ​របស់​គាត់​មាន​ម៉ាស៊ីន​ចម្រុះ​ត្រឹម​​ត្រូវ» តែ​គាត់​មិន​បាន​បង្ហាញ​ ម៉ាស៊ីន​ចម្រុះ​នោះ​​ឱ្យឃើញ​ទេ ​។
កោះសន្តិភាព​មិន​អាច​ទំនាក់ទំនង​ លោក​ឡេ​ង ស្រ៊ុ​ន ដែល​គេ​អះអាង​ថា ជា​ថៅកែ​ទឹក​សុទ្ធ​នេះ ដើម្បី​បំភ្លឺ​បន្ថែម​បាន​ទេ​ កាលពី​​ព្រឹក​ថ្ងៃ​ទី​០៦​ កុម្ភ​:​ ។ ប៉ុន្តែ​កាលពី​ព្រឹក​ថ្ងៃ​ទី​០៥​ កុម្ភ​: នោះ លោក​ឡេ​ង ស្រ៊ុ​ន បាន​ពន្យល់​ប្រាប់​តាម​​ទូរស័ព្ទ​កម្មករ​ទឹក​សុទ្ធ​របស់​លោក​ម្នាក់​​ថា រឿង​មុខរប​រ​ទឹក​សុទ្ធ​នេះ គឺ​លោក​ជា​អ្នក​ធ្វើ​មុនគេ​ច្រើន​ឆ្នាំ​ហើយ ដូច្នេះ​ លោក​ដឹង​ច្បាស់​ណាស់​អំពី​បញ្ហា​នេះ​ ៕ ​
ប្រភព ៖ កោះសន្តិភាព