Sunday, January 15, 2017

ប្រធានក្លឹប Fujieda សន្យាជួយ ចាន់ វឌ្ឍនាកា រហូតឡើង J-League និងល្បីនៅអឺរ៉ុប អាទិត្យ ១៥ មករា, ២០១៧ ០៨:២៨

(ភ្នំពេញ)៖ លោក Jun Koyama ប្រធានក្លឹប Fujieda MYFC បានសម្ដែងការពេញចិត្តជាខ្លាំង ក្រោយឆក់បានកីឡាករ ខ្សែប្រយុទ្ធ ដ៏ឆ្នើមរបស់កម្ពុជា ចាន់ វឌ្ឍនាកា ទៅជួយក្លឹបរបស់ខ្លួន បើទោះបីក្នុងលក្ខខណ្ឌខ្ចីជើងក៏ដោយ។ លើសពីនេះ លោកថែមទាំងប្ដេជ្ញាជួយអភិវឌ្ឍន៍សមត្ថភាពខ្សែប្រយុទ្ធវ័យ ២២ឆ្នាំរូបនេះ ឲ្យកាន់តែល្បីនៅជប៉ុន ប្រចាំទ្វីបអាស៊ី ទ្វីបអឺរ៉ុប និងពិភពលោកទៀតផង។
ក្រោយប្រកាសផ្ទេរ និងទទួលកីឡាករ ចាន់ វឌ្ឍនាកា ជាផ្លូវការក្នុងសន្និសីទសារព័ត៌មាន លោក Jun Koyama បាននិយាយថា «ខ្ញុំសន្យាថា នឹងបណ្ដុះបណ្ដាល វឌ្ឍនាកា ឲ្យកាន់តែរីកចម្រើន ដែលអាចនិយាយបានថា រីកចម្រើន រហូតបានឡើងទៅលេងលីគកំពូលជប៉ុន (J-League) ឬតំបន់អឺរ៉ុប និងពិភពលោកជាដើម។ តែយ៉ាងណា ខ្ញុំសូម សំណូមពរដល់អ្នកគាំទ្រកម្ពុជា សូមបន្ដគាំទ្រ វឌ្ឍនាកា ដើម្បីជំរុញសមត្ថភាពរបស់គេឲ្យកាន់តែរីកចម្រើនបន្ថែមទៀត»
បុរសជនជាតិជប៉ុនរូបនេះបានឲ្យដឹងថា មូលហេតុនៃការទទួលយក ចាន់ វឌ្ឍនាកា នេះគឺជាយុទ្ធសាស្ដ្របាល់ទាត់ជប៉ុន និងពង្រឹងកីឡាករក្នុងក្រុមបន្ថែម។ ជប៉ុនមានយុទ្ធសាស្ដ្រស្វែងរកកីឡាករឆ្នើមៗក្នុងអាស៊ី នៅលេងនៅលើទឹកដីជប៉ុន ហើយធ្វើយ៉ាងម៉េចឲ្យកីឡាករអាស៊ីមានភាពខ្លាំង ដូចបណ្ដាកីឡាករនៅអឺរ៉ុប និងពិភពលោកដែរ។
សូមរំលឹកដែរថា  តំណាងក្លឹបបឹងកេតអង្គរ របស់កម្ពុជាលោក បែ មករា រួមជាមួយតំណាង ក្លឹបជប៉ុន Fujieda MYFC បានព្រមព្រៀងចុះកិច្ចសន្យារយៈពេល ១ឆ្នាំ (ឆ្នាំ២០១៧) ដើម្បីនៃយកកីឡាករដ៏ល្បីរបស់ កម្ពុជា ទៅលេងនៅជប៉ុន ក្នុងលក្ខខណ្ឌខ្វីជើង ក្រោមតម្លៃពលកម្មបិទជិត ដោយមិនត្រូវក្លឹបទាំងពីរទម្លាយឲ្យដឹងឡើយ បើទោះបីជា អ្នកសារព័ត៌មាន និងអ្នកគាំទ្រឯទៀតជជីកសួរយ៉ាងណាក៏ដោយ៕
ប្រភព ៖ Khmertalking

No comments:

Post a Comment