Thursday, January 5, 2017

ម្នាក់​ៗ​ផ្ទុះ​កំហឹង ក្រោយ​ពី​ឃើញ​ហេតុការណ៍​បែប​នេះ សុក្រ ០៦ មករា, ២០១៧ ០៨:១២

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ ដែល​ឃើញ​ហេតុការណ៍​ បាន​នាំ​គ្នា​ផ្ទុះ​កំហឹង​គ្រប់​គ្នា ដោយ​យក​ដុំ​ថ្ម​គប់​ បំបែក​កញ្ចក់​រថយន្ត​ខ្ទេច​អស់ និង​ផ្លោង​ដុំ​ថ្ម​ចូល​ក្នុង​រថយន្ត បន្ទាប់​ពី​រថយន្ត​នោះ​បាន​បុក និង​អូស​ម៉ូតូ​ជាប់​ពីក្រោម​ជិត​២​គីឡូម៉ែត្រ​រហូត​ដល់​ជិត​ស្ពាន​អាកាស​ក្បាលថ្នល់ ។
ហេតុការណ៍​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​យប់ ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០១៧ ចំណុច​ផ្លូវ​លេខ​៣៩០​កែង​ផ្លូវ​លេខ​១១៣ ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន ។
តាម​សម្តី​ជន​រង​គ្រោះ​ទាំង​៣​នាក់​ បាន​និយាយ​ថា មុន​ពេល​កើតហេតុ ពួក​គេ​ចេញពី​ដើរ​លេង​នៅ​កោះ​ពេជ្រ​ គោលបំណង​ត្រឡប់​ទៅ​ផ្ទះ​វិញ​ នៅ​ម្តុំ​ផ្សារ​ហេង​លី ដោយ​បាន​ជិះ​ម៉ូតូ​ម៉ាក MSX ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​១១៣ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ ដែល​ជា​ផ្លូវបំបែក​ជា​បួន ស្រាប់តែ​បុរស​ម្នាក់ ប្រហែល​អាយុ​៤០​ឆ្នាំ បាន​បើករថយន្ត​ម៉ាក CRV ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2X-6958 ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​៣៩០ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​លឿន និង​ស្រវឹង បាន​បួង​ចង្កូត​បត់​ឆ្វេង​ឡើង​ទៅ​ផ្លូវ​លេខ​១១៣ ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​ដែល​កំពុង​ជិះ​គ្នា​៣​នាក់​ ចំ​ពីមុខ​ពេញទំហឹង ភ្លាម​ៗ​នោះ​រថយន្ត​បង្ក​មិន​បាន​ឈប់​ដោះស្រាយ​ នៅ​កន្លែង​កើតហេតុ​នោះ​ទេ បាន​បន្ថែម​ល្បឿន​បើក​រត់​អូស​ទាំង​ម៉ូតូ​នៅ​ជាប់​ក្រោម​រថយន្ត​អូស​ រហូត​ដល់​ក្នុង​ស្ថានីយ ប្រេងឥន្ធនៈ​សូ​គី​មិច ទើប​សមត្ថកិច្ច​ឃាត់​រថយន្ត និង​អ្នកបើកបរ​បាន ។
ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀត​ថា ខណៈ​ពេល​ឃាត់​រថយន្ត​បង្ក​បាន​ហើយ ប្រជាពលរដ្ឋ​ដែល​ឃើញ​ ហេតុការណ៍​បាន​ផ្ទុះ​កំហឹង ដោយ​យក​ដុំ​ថ្ម​គប់​កំទេច​រថយន្ត​បែក​កញ្ចក់​ខ្ទេច​អស់​គ្មាន​សល់ ហើយ​ផ្លោង​ដុំ​ថ្ម​ចូល​ក្នុង​ រថយន្ត​បណ្ដាល​ឲ្យ​ម្ចាស់​រថយន្ត​រង​របួស​ហើម​មុខ​ហើម​មាត់​ ជាំភ្នែក​ខាងឆ្វេង ទើបត្រូវ​សមត្ថកិច្ច​ជម្លៀស​ទៅ​ឃុំខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​ ដើម្បី​ធ្វើការ​សាកសួរ ។
ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​នាំ​គ្នា​ជិះ​រ៉ឺ​ម៉ក​ម៉ូតូ​ ទៅ​លាង​របួស​នៅ​មន្ទីរពេទ្យ ចំណែក​ម៉ូតូ និង​រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​ ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​ ដើម្បី​ធ្វើការ​ដោះស្រាយ ៕
ប្រភព ៖ កោះសន្តិភាព

No comments:

Post a Comment