ភ្នំពេញ៖ បន្ទាប់ពីផ្ទុះរឿង អតីតតារាសម្តែង លោក ថៃ នរៈពិទូ និងប្រពន្ធរបស់លោក អ្នកនាង អោក រតនៈប៉ុណ្ណិកា ត្រូវបានប៉ូលិសខេត្តបាត់ដំបង ចាប់ឃាត់ខ្លួនពីបទ «រក្សាទុកគ្រឿងញៀន» ពេលនេះ លោក ថៃ នរៈសត្យា ដែលជាឪពុកក្មេករបស់អ្នកនាង រតនៈប៉ុណ្ណិកា ក៏បានប្រាប់ឱ្យសារព័ត៌មាននៅក្នុងស្រុកមួយដឹងពីរឿងនេះដែរ។
តាមការឱ្យដឹង លោក ថៃ នរៈសត្យា អះអាងថា លោកមិនបានដឹងរឿងដែល នរៈពិទូ ពាក់ព័ន្ធនឹងគ្រឿងញៀន មុនពេលចាប់ខ្លួននោះទេ ហើយបានបញ្ជាក់ថាកូនប្រសារស្រីខ្លួនមិនសមស្ថិតនៅក្នុងករណីនេះដែរ ព្រោះនាងទើបតែដើរតាមស្វាមីប៉ុន្មានដងចុងក្រោយនេះ។
ក្រៅពីនេះទៀត កូនប្រសារលោក ក៏មិនសូវចុះទៅតាមខេត្ត ឬដើរចូលក្លឹបស៊ីផឹកជាមួយប្តីអី្វដែរ ទើបតែពីរបីដងនេះប៉ុណ្ណោះ។ ហេតុដូច្នេះ លោកក៏មានការភ្ញាក់ផ្អើលនៅពេលដែលបានឮដំណឹងថា កូនប្រសារស្រីខ្លួនត្រូវបានចាប់ខ្លួនជាមួយប្តីដែរ ពាក់ព័ន្ធករណីគ្រឿងញៀននៅខេត្តបាត់ដំបង។
មិនតែប៉ុណ្ណោះលោក ថៃ នរៈសត្យា ក៏បានប្រាប់ទៀតថា បើគិតទៅរឿងមិនល្អដែលបានកើតឡើងលើកនេះ លោកថាអាណិតកូនប្រសារជាងកូនបង្កើត ព្រោះកន្លងមកលោកថា មិនបានដឹងថា នរៈពិទូធ្វើអ្វីខ្លះទេ រាល់ថ្ងៃនេះ។ ប៉ុន្តែលោកថា នឹងចុះទៅមើលផ្ទាល់លើករណីនេះ ហើយរឿងការប្រើឥទ្ធិពល ដើម្បីការពារកូនប្រុសឱ្យនៅក្រៅឃុំ គឺលោកមិនធ្វើនោះទេ ដើម្បីបញ្ចៀសនូវការរិះគន់។
គួរឱ្យដឹងថា លោក ថៃ នរៈពិទូ គឺជា អតីត Freshie Boy លេខ១ ឆ្នាំ២០០៦ ដោយបានបាត់មុខពីសិល្បៈច្រើនឆ្នាំហើយ និងបានរៀបការជាមួយ អ្នកនាង អោក រតនៈប៉ុណ្ណិកា កាលពីថ្ងៃទី ៨ មេសា ឆ្នាំ២០១៦ កន្លងទៅ៕
ខាងក្រោមជាវីដេអូ ចាប់ខ្លួនលោក ថៃ នរៈពិទូ នៅថ្ងៃកើតហេតុ៖
No comments:
Post a Comment