Tuesday, January 17, 2017

នី រតនា ចេញបទថ្មី «នារីក្នុងសុបិនបងគឺជាអូន» ឆ្លើយឆ្លងជាមួយ ឈិន ម៉ានិច្ច ពិរោះកប់!(មានវីដេអូ) អង្គារ ១៧ មករា, ២០១៧ ១៥:៤១

ភ្នំពេញ៖ បទចម្រៀងស្នេហា មនោសញ្ចេតនាជ្រាលជ្រៅ ដែលមានចំណងជើង ថា «នារីក្នុងសុបិនបងជានរណា?» របស់កញ្ញា ឈិន ម៉ានិច្ច ម្ចាស់ពានរង្វាន់ Cambodian Idol រដូវកាលទី២ ដែលទើបតែចេញថ្មីៗកាលពីសប្តាហ៍មុននេះ គឺទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ទស្សនិកជន។
កាលពីយប់មិញនេះ លោក នី រតនា ម្ចាស់ពាន Cambodia Idol រដូវកាលទី១ ក៏បានចេញ Teaser បទចម្រៀងថ្មីមួយបទទៀតហើយដែរ ក្រោមចំណងជើងថា «នារីក្នុងសុបិនបងគឺជាអូន» ឆ្លើយឆ្លងជាមួយនឹងកញ្ញា ឈិន ម៉ានិច្ច ទៅវិញយ៉ាងពិរោះរណ្តំចិត្ត។
គ្រាន់តែបទចម្រៀងឆ្លងឆ្លើយគ្នា រវាងម្ចាស់ពានទាំងពីររដូវកាលនេះចេញភ្លាម ធ្វើឱ្យអ្នកគាំទ្រជាច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ពេញចិត្តពេញថ្លើមយ៉ាងខ្លាំង ព្រោះតែបទរបស់លោក នី រតនា ដែលទើបតែចេញមកថ្មីៗនេះ គឺស្របទៅតាមការចង់បានរបស់អ្នកគាំទ្រភាគច្រើនថែមទៀតផង។
គួរឱ្យដឹងដែរថា ក្រោយក្លាយខ្លួនជាម្ចាស់ពានលើកដំបូងភ្លាម កញ្ញា ឈិន ម៉ានិច្ច ក៏បានចេញបទចម្រៀងថ្មីមួយបទភ្លែត និងទទួលបានការគាំទ្រយ៉ាងខ្លាំងក្លា។ ចំណែកឯលោក នីរតនា វិញក៏មានសន្ទុះនៃការគាំទ្រខ្លាំងគួរឱ្យកត់សម្គាល់ដែរ ក្រោយក្លាយខ្លួនជាម្ចាស់ពានក្នុងកម្មវិធីប្រលងចម្រៀង Cambodian Idol រដូវកាលទី១៕
តោះស្តាប់បទ « នារីក្នុងសុបិនបងគឺជាអូន» របស់ នី រតនា បន្តិចទៅមើល ពិរោះយ៉ាងណាដែរ?
នី រតនា និងឈិន ម៉ានិច្ច

លីឡាបញ្ចេញ​ឈុត​ក្ដៅ​ខ្លួន ​ដែលកៀកកើយ​គ្នា ជាមួយឈុតប៊ីហ្គីនី ពណ៌ខ្មៅ ដែលឆ្លុះសាច់សខ្ចី ធ្វើ​ឲ្យ​ប្រិយមិត្ត​ភ្ញាក់​ផ្អើល​ អង្គារ ១៧ មករា, ២០១៧ ២០:០៩

ភ្នំពេញៈ តារាសម្តែងស្រីស្អាត កញ្ញា លីឡា វីន បង្ហាញរូបជាច្រើនសន្លឹកជាមួយកំលោះ អែនឌី បញ្ចេញ​ឈុត​ក្ដៅ​ខ្លួន​ដែលកៀកកើយ​គ្នា ក្នុងឈុតប៊ីហ្គីនីពណ៌ខ្មៅ ដែលឆ្លុះសាច់សខ្ចី ​ធ្វើ​ឲ្យ​ប្រិយមិត្ត​ភ្ញាក់​ផ្អើល​នៅដើមឆ្នាំ២០១៧នេះ ។​
បន្ទាប់​ពី​ចាប់​ដៃគូ​ជាមួយ​ដៃគូ​ ថ្មី​ស្រី​ស្អាត លីឡា និងអេនឌី បាន​ធ្វើ​ឲ្យ​ប្រិយមិត្ត​ភ្ញាក់​ផ្អើល​កាល​ពី​ដើម​ឆ្នាំ​នេះ ជាមួយ​ការ​បង្ហាញ​ឈុត​ស្នេហា​ លើ​គ្រែ​ក្នុង​បទ​ចម្រៀង "លក់​ប៉ុន្មាន​ចរិត​ព្រាន​ហ្នឹង! "ដែលបាន​បញ្ចេញ​ឈុត​ក្ដៅ​ខ្លួន​វគ្គ​ទី​២​ទៀត​ហើយ ។ វគ្គ​ទី​២​នៃ​ឈុត​កៀក កើយ​គ្នា​ជាមួយ លីឡា គឺ​ជា​ស៊េរី​រូបភាព ​ដែល​ផ្ដិត​ដោយក្រុមហ៊ុន Sabay ផ្ទាល់ ។ បន្ទាប់​ពី​កាល​ពី​ឆ្នាំ២០១៦ អេនឌី បាន​ចាប់​ដៃគូ​ជាមួយ​ស្រី​ស្អាត បេនីយុំាង។
កញ្ញា លីឡា ធ្លាប់និយាយថា ការខំប្រឹងបញ្ចេញ ភាពសិចស៊ីទទួលប្រជាប្រិយ ជាចំណង់ចំណូលចិត្ដ របស់នាង មិនមែននាងចង់ល្បីនោះទេ។ កញ្ញា តែងតែបង្ហោះរូបភាព សិចស៊ីជាញឹកញាប់ នៅក្នុងបណ្ដាញទំនាក់ទំនង សង្គមរបស់នាង ដែលប្រហែលជា អាចនិយាយត្រូវថា នេះជាចំណង់ចំណូលចិត្ដរបស់នាង។
សូមរំលឹកថា តារាសម្តែងស្រីស្អាត ដែលនិយមស្លៀកពាក់ខើចខ្លី បញ្ចេញសាច់ដើមទ្រូង កញ្ញា លីឡា កាលពីពេលកន្លងមកនេះ ធ្លាប់មានព័ត៌មានថា នាងមានទំនាក់ទំនង ស្នេហាក្រៅឆាក ជាមួយលោក អាន គុណកូឡា ក្រោយពីបង្ហោះ រូបភាពសិ្នទ្ធស្នាល ជាមួយតារាចម្រៀង ប្រចាំផលិតកម្មសាន់ដេ លោក អាន គុណកូឡា ។
តាមរយៈរូបភាព ជាច្រើនសន្លឹក ដែលស្រីស្អាតសាច់សម៉ដ្ឋរលោង កញ្ញា លីឡា បានបង្ហោះជាសាធារណៈ បង្ហាញឲ្យមហាជន បានឃើញ ពីទំនាក់ទំនងកាយវិការ ផ្អែមល្ហែម រវាងនាងនិងបុរសសង្ហា លោក អាន គុណកូឡា បើតាមមើលរូបភាពនោះ ពួកគេទាំងពីរនាក់ បានសម្ងំបង្កាត់ភ្លើងស្នេហ៍ បែបរ៉ូមែនទិក ជាមួយគ្នាច្រើនទាំង ពេលរាត្រីនិងពេលថ្ងៃ ដោយតាមរូបរបស់ពួកនាង មួយប៉ុស្តិ៍ណាក៏មាន កាយវិការអោបរឹតគ្នា ប្រៀបដូចជាគូស្នេហ៍ ថ្មីថ្មោងដែលមាន ក្តីស្រលាញ់ពេញបេះដូង មិនចាញ់គូស្នេហ៍ ដទៃឡើយ ៕
ប្រភព ៖ Looking Today

Monday, January 16, 2017

រយៈពេលកន្លះខែ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់ទូទាំងប្រទេស បង្ក្រាបបានចំនួន៥០៦ករណី ឃាត់ខ្លួន១៣០៧នាក់ ច័ន្ទ ១៦ មករា, ២០១៧ ១៣:២៥

(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់រយៈពេលកន្លះខែ ចាប់ថ្ងៃទី១ ដល់១៥ ខែមករា ឆ្នាំ២០១៧ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៖
* បទល្មើសគ្រឿង​ញៀនចំនួន ៥០៦ករណី
* ឃាត់ខ្លួនជនសង្ស័យចំនួន១,៣០៧នាក់
សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញផែនការ ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀន​ខុសច្បាប់លើកទី១ រយៈពេល៦ខែ (ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧) ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា ឲ្យកាន់តែខ្លាំងក្លា និងទទួល​បាន​លទ្ធផល​ល្អឡើងថែមទៀត។
យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ដឹកនាំដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធាន និងឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀនជាអនុប្រធាន៕

រថយន្ដធុនធំ ដឹកដី ដឹកថ្ម របស់ក្រុមហ៊ុន «អ៊ីធាន» បើកបុកម៉ូតូពេញទំហឹង បណ្ដាលឲ្យស្លាប់ម្នាក់ នៅខណ្ឌឫស្សីកែវ (មានវីដេអូ) ច័ន្ទ ១៦ មករា, ២០១៧ ២០:០៨

ភ្នំពេញ៖ អ្នកបើកបររថយន្ដធុនធំ ដឹកដី ដឹកថ្ម របស់ក្រុមហ៊ុន ក្រឡុកស៊ីម៉ង់ «អ៊ីធាន» មិនមានការប្រុងប្រយ័ត្ន បានជ្រុលចង្កូតទៅបុកម៉ូតូ MSX ១គ្រឿង ពេញទំហឹង ដែលបើកបរដោយយុវជនម្នាក់ បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅនិងកន្លែងកើតហេតុ​។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧នេះ នៅត្រង់ចំណុចទល់មុខក្រុមហ៊ុនក្រឡុកស៊ីម៉ង់
«អ៊ីធាន» លើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងក្រុម២ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។
​លោក ហ៊ឹម គឹមសាន្ដ នាយនគរបាលប៉ុស្ដិ៍ស្វាយប៉ាក បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដ ដែលបើកមកបុកម៉ូតូបណ្ដាលឲ្យយុវជនម្នាក់ស្លាប់នេះ បន្ទាប់ពីម៉ូតូជនរងគ្រោះ បើកបរម្នាក់ឯង ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿ​នលឿនល្មម ខណៈបើកមកដល់ចំណុចកើតហេតុ ស្រាប់តែ​អ្នកបើក​បររថយន្ដធុនធំ ដឹកដី ដឹកថ្ម បានបើកចេញពីក្រុមហ៊ុន ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ហើយជាន់ហ្វ្រាំងមិនជាប់ ក៍ជ្រុលទៅបុក ម៉ូតូចំពីចំហៀងខាងមុខ បណ្ដាលឲ្យដួលអូស ចូលទៅខាងក្រោមរថយន្ដ និងកិនហើយ ក៍ខ្ទាតចេញមកក្រៅវិញបណ្ដាលឲ្យស្លាប់ភ្លាមៗតែម្ដង។
លោកនាយប៉ុស្ដិ៍ដដែល បានឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ វៀង យ៉ាន់ផាន់ អាយុ១៧ឆ្នាំ ស្នាក់នៅ​ភូមិ​ពោធិ៍គល់ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ​ បើកបរម៉ូតូម៉ាក MSX ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GB-8297។ រីឯរថយន្ដបង្កម៉ាក HiNO ពណ៍លឿង ពាក់ស្លាកលេខកណ្ដាល3A-0183 ចំណែកអ្នកបើកបររថយន្ដ បានរត់គេចខ្លួន បន្ទាប់ពីកើតហេតុ។
ក្រោយកើតហេតុ កម្លាំងនគរបាលមូលដ្ឋានប៉ុស្ដិ៍ស្វាយប៉ាក សហការចុះអន្តរាគមន៍ និងវាស់វែង ដោយសម្រេចយករថយន្ដបង្ក និងម៉ូតូរងគ្រោះទៅរក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយស្រាវជ្រាវអនុវត្តតាមនិតិវិធីនៅពេលក្រោយ។ ដោយឡែក សពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ប្រភព ៖ Fresh News

បុរស​បាញ់​សត្វ​ក្ងោក​១​ក្បាល សារភាព​ថា សម្លាប់​យក​ទៅ​ធ្វើ​​ម្ហូប​យ៉ាង​ឆ្ញា​ញ់​ពិសារ ច័ន្ទ ១៦ មករា, ២០១៧ ២០:២២

រាជធានី​ភ្នំពេញ៖ មានការ​រិះគន់​ត​ៗ​គ្នា​ជា​ច្រើន​បន្តបន្ទាប់​ហូរហែរ លើ​សកម្មភាព​របស់​បុរស​ម្នាក់ ដែល​បាន​ប្រើ​ជំ​ពាម​កាំ​ស៊ូ បាញ់​សត្វ​ក្ងោក​ដ៏​សែន​ស្លូត​ចំនួន​១​ក្បាល ក្នុង​ចំណោម​សត្វ​៤​ក្បាល ដែល​ហោះហើរ​ទុំ​លេង​លើដំបូល​ផ្ទះ​ប្រជាពលរដ្ឋ នៅ​ក្នុងភូមិ​ទ្រា​២ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ បានចូលមកសារភាព​ហើយ ​នៅ​ម៉ោង១២​ថ្ងៃ​ទី១៦ ខែមករា នៅ​ចំពោះ​មុខ​អាជ្ញាធរ​សង្កាត់ និង​មន្ត្រី​អភិរក្ស​សត្វព្រៃ ។
បុរស​ដែល​ប្រព្រឹត្តិ​អំពើ​មិន​គ​ម្បី​ខាងលើ​មានឈ្មោះ ខេ​ង ពៅ អាយុ៦៥ឆ្នាំ មាន​ទីលំនៅ ភូមិ​ទ្រា​២ សង្កាត់ ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ រូបគេ​បាន​ឆ្លើយ​សារភាព​មុខ​អាជ្ញាធរ​ថា ខ្លួន​ពិតជា​បាន​បាញ់​សម្លាញ់​សត្វ​ក្ងោក​ខាងលើ​ពិតប្រាកដ​មែន ហើយ​ក្រោយ​ពេល​បាញ់​សម្លាញ់​ហើយ​នោះ ខ្លួន​បាន​យក​សត្វ​ខាងលើ​ ទៅ​ចំអិន​ធ្វើ​ជា​ម្ហូប​យ៉ាង​ឆ្ញា​ញ់​ពិសារ​អស់​ទៅ​ហើយ បន្សល់​ទុក​តែ​រោម​ក្ងោកបីបួនស​សៃ ជា​ភ័ស្ដុតាងតែ​ប៉ុណ្ណោះ ។
ការ​ចូល​ឆ្លើយ​មក​សារភាព​បន្តថា ខ្លួនបាន​ប្រព្រឹត្តិ​កាលពីល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ បន្ទាប់​ពី​មាន​បណ្តាញ​សង្គម​ចុះ​ផ្សាយ​ព្រោងព្រាត​ពី​រូប​ខ្លួន ព្រមទាំង​ចោទ​ថា ជា​ជនជាតិ​វៀតណាម​ទៀត​ផង ប៉ុន្តែ​ពុំ​មែន​នោះ​ទេ រូប​ខ្លួន​គឺជា​ជនជាតិ​ខ្មែរ ។
យ៉ាងណាមិញ​រូបគេ​បាន​ទទួលស្គាល់​នូវ​កំហុស​ដែល​បាន​ប្រព្រឹត្តិ ដូច្នេះ​អាជ្ញាធរ​បាន​ធ្វើការ​អប់រំ​ណែនាំ​ដល់​គេ ឈប់​បន្តសកម្មភាព​បែប​នេះ​ទៀត ប្រសិនបើ​យើង​ឃើញ​មាន​សត្វព្រៃ ឬ​បក្សាបក្សី យើង​គួរ​គ​ម្បី​ធ្វើការ​រាយការណ៍​ជូន​មក​សមត្ថកិច្ច​មូលដ្ឋាន ដើម្បី​អាជ្ញាធរ​មូលដ្ឋាន​ធ្វើការ​ទំនាក់ទំនង​ទៅ​កាន់​មន្ត្រី​អភិរក្ស ឬ​ជំនាញ​ពាក់ព័ន្ធ​អោយមក​ទទួលយក​ពពួកសត្វ​ទាំងនេះ​ ទៅ​ប្រលែង​នៅ​ទីវាល​ សមរម្យ​សម្រាប់​ស្រប​តាម​លក្ខ​ណៈ​ជីវសាស្ត្រ​របស់​ពួក​វា ជៀសវៀង​ការ​បាញ់​សម្លាប់​ដូច​សកម្មភាព​បែប​នេះ វា​អាច​ធ្វើ​អោយ​ហិនហោច​នូវ​ប្រភេទ​សត្វ​ធម្មជាតិ​របស់​ប្រទេស​យើង ៕
ប្រភព ៖

​ស្ពានបណ្តែតទឹក បណ្តោះអាសន្ននៅប្រាសាទអង្គរវត្ត នឹងបង្ហាញរូបរាងនាពេលឆាប់ៗនេះហើយ! ច័ន្ទ ១៦ មករា, ២០១៧ ១៥:០៧

(សៀមរាប)៖ ស្ពានបណ្តែតទឹកបណ្តោះអាសន្ន ធ្វើពីពោងជ័រ Polyethylene មានទីតាំងនៅក្នុងទឹកកសិន្ធុខាងត្បូង ស្ពានហាលប្រាសាទ អង្គរវត្ត នឹងដាក់ឲ្យដំណើរការ ប្រើប្រាស់មុនខែឧសភា ឆ្នាំ២០១៧នេះហើយ។
​ស្ពាននេះសាងសង់ឡើង ដើម្បីបង្វែរចរាចរណ៍ និងរក្សាសុវត្ថិភាព ជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ ពេលធ្វើដំណើរឆ្លងកាត់ទៅទស្សនា អង្គរវត្ត ខណៈស្ពានហាលអង្គរវត្ត ត្រូវបិទទាំងស្រុង ដើម្បីទុកលទ្ធភាពឲ្យក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យ សូហ្វីយ៉ា ធ្វើការជួសជុលក្នុងគោលបំណង អភិរក្សស្ពានបុរាណនេះឲ្យបានល្អប្រសើរ។
លោក ហេង គឹមឡេង ប្រធាននាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យ នៃអាជ្ញាធរជាតិអប្សរា បានប្រាប់ថា លក្ខណៈ ពិសេសរបស់ស្ពានបណ្តែតទឹកបណ្តោះអាសន្ន គឺមានសុពលភាពប្រើការបានដល់ទៅ២០ឆ្នាំ មានកន្លែងឈរលេងចំនួន៦ សម្រាប់ភ្ញៀវ ទេសចរឈរ ស្រូបយកខ្យល់អាកាស និងថតរូបជាដើម។ ចំណែកផ្ទៃពោងជ័របណ្តែតទឹក សរុបគឺ១,៨៧៤ម៉ែត្រការេ (បណ្តោយ១៩៧ម៉ែត្រ គុណទទឹង១០ម៉ែត្រ) ដែលក្នុង១ម៉ែត្រការេ អាចទ្របន្ទុកបានចំនួន២៧២គីឡូក្រាម ហើយបើសន្មត់មនុស្សម្នាក់ មានទម្ងន់៨០គីឡូក្រាម ស្ពាននេះអាចទ្រមនុស្សសរុបចំនួន៦,៣៧១នាក់ ក្នុងពេលតែមួយ។ លោក ហេង គឹមឡេង បន្តទៀតថា ស្ពាននេះសិក្សាដោយអាជ្ញាធរ ជាតិអប្សរា ហើយទទួលខុសត្រូវសាងសង់ដោយក្រុមហ៊ុន កាំត្រង់ស៊ីប (KTS)។
លោក វង្ស ចាន់វិបុល ប្រធានការដ្ឋានសាងសង់ស្ពានបណ្តែតទឹក របស់ក្រុមហ៊ុន កាំត្រង់ស៊ីប បញ្ជាក់ថា សម្ភារៈនិងអ្នកជំនាញ បច្ចេកទេសក្នុងការធ្វើស្ពាន គឺយកពីប្រទេសកាណាដាទាំងអស់ ហើយលក្ខណៈពិសេសរបស់ពោងបណ្តែតទឹក គឺជាជ័រ ស្វិត ធន់ ហើយអាចទ្រទ្រង់នឹងអាកាសធាតុ បានយ៉ាងល្អបំផុត មិនមានប្រតិកម្មនឹងពន្លឺថ្ងៃ ភ្លៀង និងធ្វើឱ្យទឹកប្រែពណ៌ ឬបង្ករជាសារធាតុពុល ផ្សេងៗដល់ទឹកឡើយ។ លើសពីនោះទៅទៀត ពោងជ័រ Polyethylene មានលក្ខណៈគ្រើម ដែលមិនធ្វើឲ្យរអិល ហើយពោងនីមួយៗ មានខ្យល់នៅខាងក្នុង ពេលណាកម្តៅឡើងខ្លាំងធ្វើឲ្យឧស្ម័នក្នុងពោងសាយភាយមកក្រៅ ដែលអាចរក្សាទ្រង់ទ្រាយ និងសីតុណ្ហភាព ក្នុងពោងឲ្យនៅដដែល។
លោក​បន្ថែមទៀតថា ក្នុងការតំឡើង និងតភ្ជាប់ពោងពីមួយទៅមួយដើម្បីធ្វើស្ពាន គឺអ្នកជំនាញនៃក្រុមហ៊ុនកាំត្រង់ស៊ីប និងអ្នកជំនាញ ផលិតស្ពាន មកពីប្រទេសកាណា បានយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុតលើបច្ចេកទេស ដែលធានាបាននូវភាពមាំ សុវត្ថិភាពខ្ពស់ មិនអាចរបូតចេញពីគ្នាឡើយ។
សូមបញ្ជាក់ថា មកដល់ពេលនេះក្រុមការងារ បានតភ្ជាប់ពោងជ័របណ្តែតទឹក រួមនឹងដាក់បង្កាន់ដៃស្ពានរួចរាល់ហើយ នៅសល់តែការ ភ្ជាប់ជណ្តើរឈើមកស្ពានលើទឹកតែប៉ុណ្ណោះ ដែរក្រុមការងារទាំង២ កំពុងសិក្សាពីវិធីសាស្ត្របន្ថែមទៀត ក្នុងការទប់លំនឹងស្ពានកុំឲ្យ យោលយោគឬរេចុះឡើង ខណៈ​មានភ្ញៀវទេសចរឆ្លងកាត់ផងដែរ៕
ប្រភព ៖ Fresh News