អង្គារ ២០ កញ្ញា, ២០១៦ ០៨:១៦
ខេត្តកំពង់ឆ្នាំង ៖ កុមារដែលមានអាយុទើបតែ១ខួប៣ខែម្នាក់បានលង់ទឹកស្លាប់ ខណៈដែលម្តាយយកទៅច្រូតស្មៅជាមួយហើយបានទុកកូនចោលនៅលើខ្នងប្រឡាយតែម្នាក់ឯង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ នៅភូមិអូរោង ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ។
សមត្ថកិច្ចបានឲ្យដឹងថា កុមារដែលលង់ទឹកស្លាប់នេះមានឈ្មោះ សុត សំណាង ភេទប្រុស អាយុទើបបាន១៥ខែ រស់នៅភូមិឃុំកើតហេតុខាងលើ ។
ប្រភពដដែលបានស្រង់សំដីស្ត្រីជាម្តាយថា មុនពេលកើតហេតុគាត់មកច្រូតស្មៅនៅវាលស្រែ ពេលនោះកូនប្រុសរបស់គាត់តាមទៅជាមួយដែរ ។ ពេលមកដល់កន្លែងច្រូតស្មៅរូបគាត់បានទុកកូនតួចនេះនៅលើខ្នងប្រឡាយរួចចុះទៅច្រូតស្មៅ ។ មួយសន្ទុះ ក្រឡេកមកក្រោយបាត់កូនប្រុសរបស់គាត់ ពេលនោះគាត់បានប្រញាប់ឡើងមកខ្នងប្រឡាយវិញ រកកូនក៏ប្រទះឃើញកូនធ្លាក់ទៅក្នុងប្រឡាយទឹកលង់ស្លាប់បាត់ទៅហើយ ។ ពេលនោះគាត់បានស្រែកហៅគេឲ្យជួយស្រង់សពកូនប្រុសចេញពីក្នុងប្រឡាយ និងបានរាយការណ៍ទៅសមត្ថកិច្ចតែម្តង ។
សូមរំឮកថា រយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នានេះនៅក្នុងភូមិសាស្ត្រស្រុករលាប្អៀរមានករណីអ្នកលង់ទឹកស្លាប់ជាបន្តបន្ទាប់ ដូចជាករណីលង់ទឹកនៅទ្វារទឹក២០ឧសភា, លង់ទឹកនៅភូមិអូរកណ្តោល ឃុំជ្រៃបាក់, លង់ទឹកនៅភូមិព្រៃពួច ឃុំជ្រៃបាក់ និងលង់ទឹកនៅភូមិអូររោង ឃុំជ្រៃបាក់នេះជាដើម ។ ជាមួយនឹងការលង់ទឹកដល់ទៅ៤នាក់ជាប់ៗគ្នានេះ អាជ្ញធរភូមិ ឃុំ និងស្រុក ក៏បានប្រកាសដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នចំពោះកូនៗ កុំបណ្តោយឲ្យទៅលេងទឹក ឬនៅក្បែទឹកជ្រៅជាដើម ព្រោះពេលនេះទឹកកំពុងឡើង ទាំងជំនន់ទឹកភ្លៀង និងទឹកទន្លេ ៕
No comments:
Post a Comment