Monday, September 19, 2016

អាជ្ញាធរជាតិអប្សរា នឹងពង្រឹងសុវត្ថិភាពបន្ថែម នៅថ្ងៃទី២៣ កញ្ញា ពេលព្រះអាទិត្យរះ ចំកំពូលប្រាសាទ

ច័ន្ទ ១៩ កញ្ញា, ២០១៦ ១៦:០២
ភ្នំពេញ ៖ នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ខាងមុខនេះ ព្រះអាទិត្យនឹងរះ ចំពីលើកំពូលកណ្តាល នៃប្រាសាទអង្គរវត្ត ចាប់ពីម៉ោង ៥ ទៅម៉ោង៦ព្រឹក។ 
យោងតាមការចេញផ្សាយ របស់អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ព្រឹត្តិការណ៍នេះ តែងកើតមានឡើងជាទៀងទាត់ ក្នុងមួយឆ្នាំពីរដង នៅពេលយប់ ​​និងថ្ងៃមានរយៈពេលស្មើគ្នា គឺ នៅថ្ងៃទី២០-២១ ខែមីនា និងថ្ងៃទី២១-២២ ខែកញ្ញា។សម្រាប់ខែកញ្ញា ឆ្នាំ២០១៦នេះ ដោយសារសមរាត្រីនឹង ត្រូវកើតមានឡើង នៅម៉ោង៩និង២១នាទី យប់ថ្ងៃទី២២ ខែកញ្ញា ដូច្នេះ គេអាចទស្សនាព្រះអាទិត្យ រះចំពីលើកំពូលប្រាង្គ កណ្តាលនៃប្រាសាទអង្គរវត្ត នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា។
កន្លងមក រៀងរាល់ពេលព្រឹត្តិការណ៍នេះ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ជាច្រើន តែងតែរូតរះ ក្រោកពីព្រលឹមធ្វើដំណើរ មកប្រាសាទអង្គរវត្ត ​ដើម្បីត្រៀមមើលទិដ្ឋភាព ថ្ងៃរះដំបូងដ៏អស្ចារ្យ ដែលចំប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត ដែលជាទិដ្ឋភាពដ៏កម្រនឹងជួបប្រទះ ប្រចាំឆ្នាំ។​
ដើម្បីបង្កលក្ខណៈងាយស្រួល អាជ្ញាធរជាតិអប្សរា គ្រោងនឹងដាក់បន្ថែម ភ្នាក់ងារទេសចរ ដើម្បីរៀបចំសណ្តាប់ធ្នាប់ និងជួយសម្រួលការកកស្ទះ ចាប់ពីម៉ោង៤ទៀបភ្លឺព្រឹក ថ្ងៃទី២៣ ខែកញ្ញា តទៅ។
លោក សុខ សង្វារ អគ្គនាយករង ទទួលបន្ទុកនាយកដ្ឋាន អភិវឌ្ឍន៍ទេសចរណ៍អង្គរ នៃអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ​ដើម្បីសម្រួលការកកស្ទះមនុស្ស ដែលអាចនាំឲ្យមានបញ្ហាផ្សេងៗ ក្នុងអំឡុងពេលទស្សនា ថ្ងៃរះចំពីលើកំពូលប្រាង្គ កណ្តាលនៃប្រាសាទអង្គរវត្ត អាជ្ញាធរជាតិអប្សរា នឹងរៀបចំលំហូរភ្ញៀវ ដោយដាក់ខ្សែដើរទស្សនា ហើយនឹងបន្ថែមកម្លាំងភ្នាក់ងារទេសចរណ៍ ឲ្យបានច្រើន ដើម្បីអាចរៀបចំសណ្តាប់ធ្នាប់ និងការពារប្រាសាទ ពីការឡើងជាន់ ឬអង្គុយលើបង្កាន់ដៃនាគ ជាដើម៕

No comments:

Post a Comment