Friday, November 25, 2016

ក្រុមចោរប្លន់ កំពុងចល័តអាវុធ​ទៅប្លន់​នៅស្រុកសណ្ដាន់ និង​ស្រុកចំការ​លើ ត្រូវនគរបាល​បង្ក្រាប​ទាន់ពេល​

សុក្រ ២៥ វិច្ឆិកា, ២០១៦ ១៣:១៨
(កំពង់ធំ)៖ ក្រុមចោរប្លន់ប្រដាប់អាវុធមួយក្រុម កំពុងតែចល័តអាវុធទៅប្លន់នៅទឹកដីស្រុកសណ្ដាន់ ខេត្តកំពង់ធំ និងស្រុកចំការលើ ខេត្តកំពង់ចាម ត្រូវបានកម្លាំងនគរបាលខេត្តកំពង់ធំ បង្ក្រាបបានទាន់ពេល នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ​ ស្ថិតនៅចំណុចភូមិតាពៅ​ ឃុំគគីធំ​ ស្រុកបារាយណ៍។
លោកឧត្តមសេនីយ៍ត្រី ជូ សំអាន ស្នងការនគរបាលខេត្តកំពង់ធំ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកានេះថា ការបង្ក្រាបក្រុមចោរប្រដាប់អាវុធទាំងនេះ ក្រោយពីកម្លាំងរបស់លោក បានទទួលព័ត៌មានពីភ្នាក់ងារ​សម្ងាត់​ សហការជាមួយកម្លាំងនគរបាលស្រុកបារាយណ៍ ​ក្រោមការសម្របសម្រួលពីលោកព្រះរាជអាជ្ញាខេត្ត បានបើក​ប្រតិបត្តិការតាមបង្រ្កាបមុខសញ្ញាចោរ​ ដែលលាក់ទុកអាវុធ​ ប៉ុនប៉ងប្លន់នៅភូមិសាស្រ្ត​ ឃុំទំរីង​ ស្រុកសណ្តាន់ ខេត្តកំពង់ធំ​ និងក្នុងស្រុកចំការលើ​ ​ខេត្តកំពង់ចាម​ ​ព្រោះជនសង្ស័យបានសិក្សាភូមិសាស្រ្តទាំងពីរនេះរួចហើយ​។
លោកស្នងការបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ កម្លាំងនគរបាលជំនាញចាប់បានជនសង្ស័យម្នាក់ឈ្មោះ ​​សឿក​ ប៉ាង​ ​អាយុ​៤៥​ឆ្នាំ​ ទីលំនៅៗភូមិ​ ពង្រលីង​ ឃុំក្រវ៉ា​ ស្រុកបារាយណ៍​ហើយបានទៅរស់នៅ​ ធ្វើចំការនៅតំបន់​តាសោម​ ស្រុកអន្លង់វែង​ ខេត្ត​​ឧត្តរមានជ័យ​ ទើបត្រឡប់មកវិញបានប្រហែល​២-៣​ ខែប៉ុណ្ណោះ​​។
លោកបន្ថែមថា ក្រោយឃាត់ខ្លួនជំនាញ ដកហូតបាន​អាវុធ​ AK47 ស្វាយ​បត់​ ១​ដើម លេខ​រលប់, បង់​​១ មានគ្រាប់​ ៤២គ្រាប់​ ផលិតនៅប្រទេសចិន គុណភាព​ល្អ​ ហើយជនសង្ស័យបានសារភាពថា ខ្លួនទិញពីស្រុកអន្លង់វែង។
យ៉ាងណាក៏ដោយនៅពេលនេះ កម្លាំងនគរបាលជំនាញកំពុងតែជជីកសួរនាំ ដើម្បីតាមចាប់បក្ខបន្ថែមទៀត។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចជំនាញកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដ៕
ប្រភព ៖ Fresh News

វីដេអូបង្ហាញពីទិដ្ឋភាព នៃគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បណ្តាលឲ្យមនុស្ស៥នាក់ស្លាប់ នៅស្រុកមោងប្ញស្សី ខេត្តបាត់ដំបង (វីដេអូស្តែងៗ)

សុក្រ ២៥ វិច្ឆិកា, ២០១៦ ០៩:១៦
(បាត់ដំបង)៖ វិដេអូបង្ហាញពីទិដ្ឋភាព នៃគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បណ្តាលឲ្យមនុស្ស៥នាក់ស្លាប់ នៅកន្លែងកើតហេតុ រវាងរថយន្ត Lexus បុករថយន្តធំ ខេត្តបាត់ដំបង, អ្នកស្លាប់ទាំង៥នាក់ មានប្រុសម្នាក់ និងស្រី៤នាក់ (កុមារីម្នាក់) ជាគ្រួសារតែមួយ នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ស្ថិតនៅចំណុចភូមិព្រៃព្រាល ឃុំព្រៃស្វាយលើ ស្រុកមោងឫស្សី ខេត្តបាត់ដំបង លើកំណាត់ផ្លូវជាតិលេខ៥៕
ប្រភព ៖ Fresh News

អាជ្ញាធរ រាជធានីភ្នំពេញ គ្រោងអភិវឌ្ឍន៍ ផ្លូវថ្មើរជើង មួយកន្លែងទៀត ប្របតាមដងទន្លេសាប

សុក្រ ២៥ វិច្ឆិកា, ២០១៦ ១៤:២៥
ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ នឹងបន្តស្ថាបនាផ្លូវថ្មើរជើង ជំហ៊ានទី២ ប្របតាមមាត់ទន្លេសាប ដោយចាប់ពីមុខផ្សាររាត្រី ដល់គល់ស្ពានជ្រោយចង្វា ក្នុងគោលដៅបង្កើតសោភណ័ភាពថ្មីរបស់ រាជធានីភ្នំពេញ សំដៅទាក់ទាញភ្ញៀវទេសចរ។
ក្នុងឱកាសចុះត្រួតពិនិត្យ ច្រាំងទន្លេសាប ដោយផ្ទាល់នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកានេះ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យក្រុមការងារ ជំនាញទំាងអស់ ពន្លឿនការសិក្សា គំរូប្លង់ឲ្យបានច្បាស់លាស់ ដើម្បីឈានទៅអភិវឌ្ឍន៍ផ្លូវថ្មើជើង តាមមាត់ទន្លេសាបចាប់ពីមុខផ្សាររាត្រី ដល់គល់ស្ពាន ជ្រោយចង្វានៅឆ្នាំក្រោយនេះ។
ការពន្លឿនការស្ថាបនាផ្លូវថ្មើជើងថ្មីនេះ ខណៈដែរបច្ចុប្បន្នតំបន់ទេសចរណ៍ ចាប់ពីសួនច្បារផ្សារត្រី ដល់គល់ស្ពានជ្រោយចង្វារនេះ មានភាពរញ៉េរញ៉ៃ បរិស្ថានមិនល្អ រួមទាំងទី តំាងបំរើសេវាកម្មទេសចរណ៍ មានលក្ខណៈដាច់ដោយដុំ មិនបំរើឲ្យសាធារណៈទំាងមូល។
លោកអភិបាលរាជធានី បន្តថា ក្រុមការងារកំពុងតែសម្របសម្រួល ជាមួយអ្នករងផលប៉ៈពាល់ ជិតរួតរាល់ហើយ ដោយប្រើយុទ្ធសាស្រ្ត ឈ្នះៗទំាងអស់គ្នា ក្នុងគោលបំណង បំរើផលប្រយោជន៍សាធារណៈ ។
ការស្ថាបនាផ្លូវថ្មើរជើង ប្របតាមមាត់ទន្លេនៅតំបន់នេះ មានសារសំខាន់ណាស់ ដោយវាមិនត្រឹមតែ ការពារបានច្រាំងទន្លេ ធ្វើឲ្យមានសោភណ័ភាពស្រស់ ស្អាតប៉ុណ្ណោះទេ ប៉ុន្តែវាបានផ្តល់ផលប្រយោជន៍ ដល់ប្រជាពលរដ្ឋ បានស្រូបយកខ្យល់អាកាសដ៏ បរិសុទ្ធ និងការហាត់ប្រាណតាមមាត់ទន្លេផងដែរ។
លោកបន្តថា សម្រាប់គម្រោងផ្លូវថ្មើរជើង ចាប់ពីសួនច្បារមុខផ្សារចាស់ ប្របតាមមាត់ទន្លេសាប ដល់គល់ស្ពានជ្រោយចង្វា អាជ្ញាធរនឹងធ្វើការកែលម្អ យ៉ាងហ្មត់ចត់ ជាទីបំផុតឲ្យសក្តិសមទៅនឹង កញ្ចប់ផលិតផលទេសចរណ៍ ដ៏ទាក់ទាញនៅរាជធានីភ្នំពេញ ដែល មានភោជនីយដ្ឋាន ហាងកាហ្វេ កន្លែងលក់វត្ថុអនុស្សាវរីយ៍ និងកំពង់ផែទូកទេសចរណ៍ ហើយផ្សារភ្ជាប់ទៅនឹងតំបន់រមណីយដ្ឋានវត្តភ្នំ ដែលជាតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត នៃរាជ ធានីភ្នំពេញ។
សូមបញ្ជាក់ថា ការឈានទៅអភិវឌ្ឍផ្លូវថ្មើរជើង និងការស្ថាបនាច្រាំងទន្លេ ជំហ៊ានទី២នេះ ដោយចាប់ពីផ្សាររាត្រីដល់គល់ស្ពានជ្រោយចង្វា ដែលមានប្រវែង ជាង១៦៤០ម៉ែត្រ បានធ្វើឡើង បន្ទាប់ពីគម្រោងស្ថាបនាផ្លូវថ្មើរជើង និងច្រាំងទន្លេសាប ចាប់ពីបញ្ជរព័ត៌មានទេសចរណ៍ មុខព្រះបរមរាជវំាង ដល់កំពង់ចម្លងអរិយក្សត្រចប់រួចរាល់ ហើយទទួលការគាំទ្រយ៉ាងខ្លំាង ពីសំណាក់ប្រជាពលរដ្ឋទំាងក្នុងរាជធានីភ្នំពេញ និងមកពីតាមបណ្តាខេត្ត៕
ប្រភព ៖ ដើមអម្ពិល

ម្ចាស់ផលិតកម្ម រស្មីស្ទឹងសង្កែ ស៊ួរ វ៉ាន់នី ឆ្អែតចិត្ត ពេលត្រូវកំពូលតារាល្បីៗមួយចំនួន ធ្វើដាក់គាត់ ក្នុងថ្ងៃខួបកំណើត!

ម្ចាស់ផលិតកម្ម រស្មីស្ទឹងសង្កែ ស៊ួរ វ៉ាន់នី ឆ្អែតចិត្ត ពេលត្រូវកំពូលតារាល្បីៗមួយចំនួន ធ្វើដាក់គាត់ ក្នុងថ្ងៃខួបកំណើត!

LINE it!
សុក្រ ២៥ វិច្ឆិកា, ២០១៦ ១៧:២៨
ដោយ នាថ
បាត់ដំបង៖ កាលពីថ្ងៃទី ២០ ខែវិច្ឆិកា កន្លងទៅនេះ ម្ចាស់ផលិតកម្ម រស្មី ស្ទឹងសង្កែ លោកជំទាវ ស៊ួរ វ៉ាន់នី បានប្រារព្ធធ្វើ ពិធីចំរើនព្រះជន្មដ៏ធំបំផុត និងមានពិធីជប់ លៀងខួបកំណើតជួបជុំនៅពេលល្ងាច យ៉ាងផ្អើល ទីក្រុងបាត់ដំបងតែម្តង។
ជាការពិតណាស់ ក្រោយពីខ្មែរឡូត បានចុះផ្សាយនូវអត្ថបទ«ក្រោយក្ស័យធន៥០មឺុន ម្ចាស់ផលិតកម្ម RSK លោកជំទាវ ស៊ួរ វ៉ាន់នី រំភើបចិត្តស្រក់ទឹកភ្នែកពេលឃើញតារាល្បីៗ កូនចៅចាស់ៗ ស្កាត់មកចូលរួមពិធីខួបកំណើតខ្លួននៅបាត់ដំបង! » ក្នុងនោះយើងសង្កេតឃើញថា មានវត្តមាន តារាល្បីៗ និងកូនចៅចាស់ៗ ដែលពួកគេមិនបានភ្លេចគុណបុណ្យរបស់លោកស្រី ថែមទាំងបាននាំគ្នាមកស្កាត់ចូលរួម ក្នុងពិធីខួបកំណើតរបស់លោកស្រីទៀតផង ដោយក្នុងនោះមាន ដូចជា កញ្ញា សុគន្ធ នីសា លោក សាន ផានិត លោក ឈឿន ឧត្តម កញ្ញា នី មុន្នីនាថ និង លោក អេនឌីជាដើម ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើន កោតសរសើរពីទឹកចិត្តនិងភាពកត្តញ្ញូរបស់ពួកគេជាខ្លាំង។
ទន្ទឹមនឹងនេះផងដែរ ក៏ស្រាប់តែមានអ្នកគាំទ្រផ្សេងទៀត មានប្រតិកម្ម និងមានការងឿងឆ្ងល់យ៉ាងខ្លាំង ពីអវត្តមានរបស់កំពូលតារាចម្រៀងល្បីៗ និងអ្នកនិពន្ធមួយចំនួន ដូចជា កញ្ញា មាស សុខសោភា កញ្ញា ឱក សុគន្ធកញ្ញា លោក យឹម តាស្រង់ជាដើម ដែលដើមឡើយ ពួកគេកើតចេញដំបូង ពីទ្រនំផលិតកម្ម រស្មី ស្ទឹងសង្កែ របស់លោកស្រីផងដែរ ប៉ុន្តែបែរជាមិនឃើញវត្តមានរបស់ពួកគេ នៅក្នុងពិធីរបស់លោកស្រីទៅវិញ។
ទាក់ទងនឹងសំណួរ និងចម្ងល់ របស់ប្រិយមិត្តនេះ លោកជំទាវ ស៊ួរ វ៉ាន់នី ដែលជាម្ចាស់ ផលិតកម្ម រស្មី ស្ទឹងសង្កែផ្ទាល់ ក៏បានថ្លែងប្រាប់មកកាន់ខ្មែរឡូតយ៉ាងក្បោះក្បាយផងដែរថា តាមពិតទៅ លោកស្រី បានខលតាមទូរសព្ទ័អញ្ជើញពួកគេ(ដូចជា ឱក សុគន្ធកញ្ញា មាស សុគន្ធសោភា និងលោកយឹម តាស្រង់) តាំងពី៣ខែមុនមកម៉្លេះ ហើយកាលនោះពួកគេក៏បានសន្យាថា នឹងទៅចូលរួមពួកគេមិនភ្លេចលោកស្រីនោះទេ។
រហូតមកដល់ថ្ងៃទី១៧ ខែវិច្ឆិកា លោកស្រីក៏បានខលទៅប្រាប់ពួកគេដើម្បីបញ្ជាក់ ពីការចូលរួមថ្ងៃកំណើតរបស់លោកស្រី នៅថ្ងៃទី២០ ជាថ្មីម្តងទៀត ដោយខ្លាចថាពួកគេភ្លេច ហើយដោយកាលនោះ លោកស្រីក៏បាននិយាយបែបលេងសើច ទៅកាន់ពួកគេដោយប្រយោគមួយឃ្លាថា៖ «បើស្រលាញ់មីងម៉ោ តែបើស្រលាញ់លុយអត់ម៉ោទេ» ស្របពេលនោះ កញ្ញា ឱក សុគន្ធកញ្ញា ក៏បានឆ្លើយតបទៅវិញថា «មិនអីទេអ្នកមីង ខ្ញុំមិនដែលភ្លេចអ្នកមីងទេ ខ្ញុំនឹងទៅ»។
ចំណែកឯ កញ្ញា មាស សុខសោភាវិញ ក៏បានសន្យាថានឹងចូលរួមដូចគ្នា ដោយឡែក ជិតដល់ថ្ងៃ លោកស្រីដ៏បានខលទៅកញ្ញា មាស សុខសោភា ម្តងទៀតដើម្បីបញ្ជាក់ ស្រាប់តែកញ្ញា បាននិយាយថា ជាប់រវល់កំពុងតែប្រជុំចាំពេលចប់ កញ្ញានឹងខលទៅអ្នកស្រីវិញ ដោយសារតែចាំការខលត្រឡប់របស់កញ្ញា យូរពេកលោកស្រីក៏បានខលទៅកញ្ញាម្តងទៀត ខណៈនោះក៏មានអ្នកផ្សេងលើកទូរស័ព្ទ ជំនួសនាង ដោយប្រាប់ថា កញ្ញា កំពុងតែជាប់រវល់ បន្ទាប់ពីលឺបែបនេះ លោកស្រីក៏មិនបានខលអ្វីទៀតទេ ដោយគិតថា ប្រហែលជានាងកំពុងជាប់រវល់ ប៉ុន្តែដល់ថ្ងៃកញ្ញា នឹងចូលរួមហើយ ពីព្រោះយើងបានសន្យាគ្នារួចហើយ។
ដោយឡែក ងាកមកអ្នកនិពន្ធប្រចាំផលិតកម្ម Town លោក យឹម តាស្រង់វិញម្តង ដោយកាលពីដំបូងឡើយ លោកខំជិះកង់មកសុំឱកាស ពីផលិតកម្មរបស់លោកស្រីដើម្បីចង់និពន្ធចម្រៀង ដោយក្តីអាណិតមេត្តា របស់លោកស្រី ក៏បានផ្តល់ឱកាសឲ្យលោក សាងក្តីស្រមៃមកដល់សព្វថ្ងៃ ហើយដោយក្នុងនោះផងដែរ លោកក៏បានសន្យាជាមួយលោកស្រីថា លោក នឹងចូលរួមពិធីខួបកំណើតរបស់លោក មិនឲ្យអាក់ខាននោះទេ។
រហូតមកដល់ថ្ងៃកំណើត លោកស្រីក៏បានកក់បន្ទប់ជាច្រើន នៅឯសណ្ឋាគារល្បីមួយនៅក្នុងទីក្រុងបាត់ដំបង ដើម្បីរង់ចាំស្វាគមន៍ទទួលភ្ញៀវកិត្តិយស តារាល្បីៗ និងកូនចៅចាស់ៗ របស់លោកដែលខំធ្វើដំណើរពីភ្នំពេញ ដើម្បីមកចូលរួម ទាំងក្នុងចិត្តសប្បាយផងរំភើបផង។ ប៉ុន្តែមិនថាយ៉ាងណា អ្វីដែលធ្វើឲ្យលោកស្រី ខកបំណង ជាខ្លាំង ឬអាចនិយាយបានថា ឆ្អែតចិត្តនោះ គឺមិនឃើញវត្តមានរបស់អ្នកទាំង៣ ដែលធ្លាប់បាននិយាយសន្យាជាមួយនឹងលោកស្រីឡើយ ទាំងដែលលោកស្រីខំទន្ទឹងចាំមើលផ្លូវ ម្តងហើយម្តងទៀត ហើយថែមទាំងមិនខលមកប្រាប់លោកស្រី ថាមិនបានមកចូលរួមទៀត។
បន្ថែមពីនេះ លោកស្រីក៏បាននិយាយថា ៖ «មិនដឹងថាជាប់រវល់ឬក៏ធ្វើភ្លេចនោះទេ តែណ្ហើយថាជាប់រវល់មិនបានមកចុះ សូម្បីតែខលមកប្រាប់គ្នាដែលកំពុងទន្ទឹងរង់ចាំផ្លូវមួយម៉ាត់ ថាមិនបានមកទេអ្នកមីងអើយ ខ្ញុំរវល់អញ្ចេះមួយអញ្ចុះពីរ ដូចជា សុគន្ធកញ្ញា រវល់ថតកម្មវិធី Cambodia Idol មិនអាចអាក់ខានបាន ក៏ខ្ញុំមិនថាអ្វីដែរ ប៉ុន្តែនេះគ្មានឃើញសោះ។ តែណ្ហើយម្លោះតែថាមិនបានមកហើយ គ្រាន់តែសរសេរសារជូនពរ បង្ហោះលើបណ្តាញសង្គម ឬក៏ផ្ញើរសារជូនពរតាមទូរសព្ទ័ ក៏មិនមានឃើញដែរ។ ដែលនេះពិតជាខកចិត្តខ្លាំងមែនទែន»៕ 
ខ្មែរឡូត

ឧត្តមសេនីយ៍ឯក នន្ទ សុខា បញ្ជាក់លម្អិតពីហេតុការណ៍ឈ្លោះ ជាមួយក្មេងស្ទាវ៖ គឺផ្តើមចេញពីក្មេងស្ទាវនេះ «បើករថយន្តបុកប៉ុនប៉ង ចង់សម្លាប់រូបលោក»

សៅរ៍ ១៩ វិច្ឆិកា, ២០១៦ ១០:៥០
(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក នន្ទ សុខា មេបញ្ជាការរងអាវុធហត្ថលើផ្ទៃប្រទេស បានចេញមុខមកបញ្ជាក់លម្អិតពីហេតុការណ៍ឈ្លោះគ្នាជាមួយក្មេងស្ទាវ នៅក្បែរផ្សារថ្មី គឺផ្តើមចេញពីក្មេងស្ទាវនេះបើករថយន្តបំបុកប៉ុនប៉ងចង់សម្លាប់រូបលោក តែសំណាងល្អរូបគាត់គេចផុតពីគ្រោះថ្នាក់។
ឧត្តមសេនីយ៍ឯក នន្ទ សុខា បានរៀបរាប់ និងបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃសៅរ៍នេះយ៉ាងដូច្នេះថា៖
នៅយប់មិញលោកឈប់រថយន្ត នៅមុខហាងលក់ទូរស័ព្ទហាក់សែ ពេលនោះក្មេងស្ទាវខាងលើ បានថយរថយន្ត ជិតប៉ះរថយន្តលោក ហើយពេលនោះលោកក៏ ចុចស៊ីផ្លេឲ្យដឹងក្រែងថយជ្រុលមកប៉ះ ពីព្រោះវាគៀកណាស់ទៅហើយ។ ពេលនោះក្មេងស្ទាវខាងលើ ក៏បានបើកទៅមុខចំងាយប្រហែល៥ម៉ែត រួចហើយក៏ចុចកញ្ចក់ ប្រើសម្តីជេរខ្លាំងៗ ហើយថែមទាំងចុះពីលើរថយន្ត ទៅស្តីឲ្យលោកថា «អញបុកឡានហ្អែងនៅ បើអញបុក អញសង ឡានអញមានកញ្ចក់ក្រោយតើ ... ហ្អែងដឹងថា អញកូនពីណាគេអត់?»។ ពេលនោះលោក ក៏ឆ្លើយតបវិញថា «ទោះកូនពីណាគេក៏ដោយ ត្រូវទទួលខុស»។
ក្មេងស្ទាវរូបនេះក៏បានបន្តបោះពាក្យសម្តីទៀតថា «ចាំមើលអញ បុកហ្អែងអោយមើល»។ មិនទាន់ថា ផុតពីមាត់ផង ក៏រូបគេរត់ឡើងរថយន្ត ហើយបើកសំដៅបុកលោក និងអង្គរក្ស នៅឈរនៅក្រៅរថយន្ត តែសំណាងល្អចេះលោតទាន់ កុំអីមានគ្រោះថ្នាក់បាត់ទៅហើយ។
ក្រោយបើកបុកលោកប៉ុនប៉ងសម្លាប់ហើយ ក្មេងស្ទាវខាងលើ ក៏បើករថយន្ត គេច១ជុំ២ជុំ ផ្សារថ្មី ដោយជ្រែចាក់គួរ ហើយលោកបើករថយន្តដេញតាមតែតាមមិនទាន់។ តែបានបន្តិច ក្មេងស្ទាវខាងលើ ក៏បើករថយន្ត មកឈប់ក្បែរផ្សារថ្មី ដោយបិតភ្លើង តែលោកចំណាំស្លាកលេខ ក៏ចង់ចុះទៅឃាត់ ហើយរូបគេក៏បើកទៅមុខទៀត។ លោកក៏បានតាមបន្តទៀត តែតាមមិនទាន់ លុះដល់ស្តុបនៅខាងកើតផ្សារថ្មី រថយន្តរបស់គេទៅមុខលែងរួច ដោយទើសម៉ូតូ ទើបលោកតាមទាន់ ហើយឈប់រថយន្ត ពីក្រោយ ដោយលោក និងអង្គរក្ស បានដើរទៅមុខរថយន្ត រួចដកកាំភ្លើង ដោយលោកបញ្ជាក់ថា «បើហ៊ានបើកទៅមុខ នឹងបាញ់កង់ឡាន ពីព្រោះវា មានបំណងបើក បុកសម្លាប់ខ្ញុំ»។ នៅទីនោះហើយដែលក្មេងស្ទាវ មានឱកាសថតរូប និងវិដេអូ យកទៅបង្ហោះតាម Facebook ដោយនិយាយថា លោកឧត្តមសេនីយ៍ឯក នន្ទ សុខា ដកកាំភ្លើងភ្ជង់រូបគេ។
បន្ទាប់ពីឃាត់ខ្លួនបញ្ជូនទៅកាន់ទីបញ្ជាការដ្ឋានអាវុធហត្ថក្រុងភ្នំពេញ, ក្មេងស្ទាវដែលបានប្រើពាក្យសម្ដីមិនសមរម្យ ទៅលើមេបញ្ជាការរងអាវុធហត្ថលើផ្ទៃប្រទេស ឧត្តមសេនីយ៍ផ្កាយ៣ នន្ទ សុខា ត្រូវបានមន្រ្តីអាវុធហត្ថបញ្ជាក់ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះថា បន្ទាប់ពីពិនិត្យតាមដានទឹកនោមឃើញថា យុវជននោះបានប្រើប្រាស់គ្រឿងញៀន។
មន្រ្តីអាវុធហត្ថបានបញ្ជាក់ប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃសៅរ៍នេះបន្ថែមទៀតថា ក្រោយពីពិនិត្យទឹកនោមរួចហើយ យុវជននេះក៏បានសារភាពខ្លួនឯងដែរថា ខ្លួនបានប្រើប្រាស់គ្រឿងញៀនតាំងពីម្សិលមិញ។ ការពិនិត្យទឹកនោមនេះធ្វើឡើងនៅទីបញ្ជាការអាវុធហត្ថក្រុងភ្នំពេញនាពេលយប់មិញ។
មន្រ្តីអាវុធហត្ថក៏បានបញ្ជាក់ឲ្យដឹងបន្ថែមទៀតថា កាលពីយប់មិញមាន​បក្ខពួក៦នាក់របស់ ក្មេងស្ទាវដែល សម្តីជេរសម្លុតឧត្តមសេនីយ៍ផ្កាយ៣ នន្ទ សុខា បានទៅអុកឡុក និងរំខានពេញទីបញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ ហើយត្រូវបានឃាត់ខ្លួនដើម្បីធ្វើការអប់រំ។
ក្មេងស្ទាវដែលបានប្រើពាក្យសម្ដីមិនសមរម្យនេះ ត្រូវបានមន្ត្រីអាវុធហត្ថមួយរូបថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅយប់ថ្ងៃទី១៨ ខែវិច្ឆិកានេះថា គឺជាកូនប្រុសលោកវេជ្ជបណ្ឌិត (Doctor) ឬជាមន្រ្តីសុខាភិបាល មានលំនៅដ្ឋាន នៅខណ្ឌសែនសុខ និងរូបគេជាមន្រ្តីយោធាផងដែរ។
ក្មេងស្ទាវរូបនេះ មានមិត្តភក្តិមួយចំនួន សុទ្ធតែកូនអ្នកធំ និងអ្នកមានផងដែរ ដែលមានគណនី Facebook ឈ្មោះ «Ya Ko Sa (Me Phea)»។ មូលហេតុដែលរូបគេបានប្រើពាក្យសម្តីបែបនេះដោយសារតែស្រវឹងខ្លាំង និងប្រើប្រាស់គ្រឿងញៀន។
ឧត្តមសេនីយ៍ឯក នន្ទ សុខា ដែលទើបត្រឡប់មកពីបំពេញបេសសកម្មការងារនៅខេត្តស្វាយរៀង បានអំពាវនាវ និងទទូចថា សូមកុំឲ្យមានការអន្តរាគមន៍​ឲ្យសោះ ព្រោះករណីនេះ សូមទុកឲ្យសមត្ថកិច្ច និងតុលាការចាត់ការ​តាមនីតិវិធីច្បាប់ចុះ។
នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកានេះ ក្មេងស្ទាវបង្កហេតុខាងលើ កំពុងស្ថិតក្រោមការសួរនាំ នៅទីបញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តទៀត៕
ប្រភព ៖ Fresh News

Saturday, November 19, 2016

ឧត្តមសេនីយ៍ឯក នន្ទ សុខា បញ្ជាក់លម្អិតពីហេតុការណ៍ឈ្លោះ ជាមួយក្មេងស្ទាវ៖ គឺផ្តើមចេញពីក្មេងស្ទាវនេះ «បើករថយន្តបុកប៉ុនប៉ង ចង់សម្លាប់រូបលោក