រាជធានីភ្នំពេញ ៖ បន្ទាប់ពីមានការតវ៉ាមួយឈុត នៅក្រុងប៉ោយប៉ែត ក្នុងរឿងក្តីរថយន្តបុកប៉ូលិស ដែលសាធារណមតិចាត់ទុកថា រថយន្តមិនបានបុកប៉ូលិសទេ តែប៉ូលិសធ្វើពុត រហូតដល់មានការបង្ហោះវីដេអូ នៃការធ្វើត្រាប់គ្រប់រូបភាព ចំអកដល់សមត្ថកិច្ច ដោយសារតែបានចាប់ខ្លួន អ្នកបើកបររថយន្តដាក់ពន្ធនាគារ ជាបណ្តោះអាសន្ន ។
នៅថ្ងៃទី២៩ ខែធ្នូ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មានមួយដោយអំពាវនាវថា ទុកឱ្យតុលាការចាត់ការ តាមនីតិវិធីច្បាប់។ លុះ១ថ្ងៃក្រោយមក ឃ្លីបវីដេអូ៣ឈុតទៀតត្រូវបានគេបង្ហោះ ក្នុងបណ្តាញសង្គម នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ ចុះផ្សាយនៅថ្ងៃទី២៩ ខែធ្នូ បានលើកឡើងថា ដោយពិនិត្យឃើញថា នាពេលថ្មីៗនេះ នៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក និងតាមបណ្តាញសារព័ត៌ មានមួយចំនួន បានបង្ហោះផ្សព្វផ្សាយ និងចែករំលែកនូវរូបភាព និងវីដេអូ និងបានធ្វើត្រាប់សកម្មភាពនៃព្រឹត្តិការណ៍ដែលបានកើតឡើង រវាងលោក ឌិត ពុទ្ធី ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា ជាមួយលោកវរសេនីយ៍ត្រី ឈាន ពិសិដ្ឋ នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នៅលើស្ពានមិត្តភាពកម្ពុជា-ថៃ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយចោទប្រកាន់ថា លោកវរសេនីយ៍ត្រី ឈាន ពិសិដ្ឋ ធ្វើពុតជាដួលសន្លប់ ដើម្បីទម្លាក់កំហុសឲ្យមានការចោទប្រកាន់លើលោក ឌិន ពុទ្ធី នោះក្រសួងបានទុកឲ្យតុលាការជាអ្នកសម្រេច ។
អ្នកនាំពាក្យរៀបរាប់ថា នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោងប្រមាណ១០និង៣០នាទីព្រឹក ឈ្មោះ អ៊ឹង ឃាន ភេទប្រុស មានមុខរបរជាអ្នករត់ម៉ូតូឌុប បានជិះម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ បន្ទាយមានជ័យ ១F ៤៦៦៦ មកឈប់កណ្តាលផ្លូវទុកចោល ហើយក៏បានដើរទៅចាប់ម៉ូយដណ្តើមគ្នាដឹក ។ ពេលនោះលោកវរសេនីយ៍ត្រី ឈាន ពិសិដ្ឋ ដែលប្រចាំការនៅទីតាំងខាងលើ សុំឲ្យម្ចាស់ម៉ូតូអែបម៉ូតូទៅចិញ្ចឹមផ្លូវ តែគាត់មិនព្រម។ បន្ទាប់មកមន្ត្រីនគរបាលនៅទីនោះបានឃាត់ម៉ូតូ និងបានហៅលោក អ៊ឹង ឃាន មកធ្វើការអប់រំណែនាំនៅស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ។
អ្នកនាំពាក្យបញ្ជាក់ថា «ខណៈពេលលោកវរសេនីយ៍ត្រី ឈាន ពិសិដ្ឋ កំពុងអប់រំណែនាំដល់លោក អ៊ឹង ឃាន ស្រាប់តែមានវត្តមាន លោក ឌិន ពុទ្ធី ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា បានបើកបររថយន្តម៉ាកឡិចស៊ីស RX 300 ពាក់ផ្លាកលេខ បន្ទាយមានជ័យ ពណ៌ស្ករ មកចតបិទផ្លូវលើស្ពានមិត្តភាពកម្ពុជា-ថៃ រួចដើរមកធ្វើការតវ៉ានៅមុខស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដើម្បីអន្តរាគមន៍យកម៉ូតូទៅវិញ និងបានប្រើពាក្យសម្តីមិនសមរម្យបញ្ចេញកាយវិការច្រងេងច្រងាងមកលើលោក ឈាន ពិសិដ្ឋ ដែលកំពុងបំពេញភារកិច្ច ។
ដោយឡែក លោកវរសេនីយ៍ត្រី ឈាន ពិសិដ្ឋ ពុំបានបញ្ចេញសកម្មភាពតបតចំពោះទង្វើរបស់លោក ឌិន ពុទ្ធី វិញឡើយ ដោយគ្រាន់តែប្រាប់ទៅលោក អ៊ឹង ឃាន ជាម្ចាស់ម៉ូតូឲ្យធ្វើកិច្ចសន្យាបញ្ឈប់ទង្វើខុសឆ្គងនៅថ្ងៃក្រោយទៀត រួចយកម៉ូតូទៅប្រកបរបររកស៊ីធម្មតាវិញចុះ ។ ប៉ុន្តែលោក ឌិន ពុទ្ធី បានស្រែកខ្លាំងៗឲ្យ មិនចាំបាច់ធ្វើកិច្ចសន្យាអ្វីទេ បើគេមិនឲ្យទុកម៉ូតូនៅទីនេះចុះ ចាំប្តឹងទៅតុលាការ ។ លោកបានបន្តថា «ចាំមើល មានបាតុកម្មកើតឡើង ឬអត់» ។
សេចក្តីប្រកាសព័ត៌មានលើកឡើងទៀតថា បន្ទាប់មក លោក ឌិន ពុទ្ធី បានទាញដៃលោក អ៊ឹង ឃាន សំដៅចូលទៅក្នុងរថយន្តដែលគាត់បានចតបិទផ្លូវនៅលើស្ពានកម្ពុជា-ថៃ ។
សកម្មភាពរបស់លោក ឌិន ពុទ្ធី បែបនេះ គឺក្នុងគោលបំណងចោទប្រកាន់មកលើសមត្ថកិច្ចថា បានដកហូតម៉ូតូរបស់ប្រជាពលរដ្ឋ ដោយមិនបានបំពេញឯកសារគ្រប់គ្រាន់ ពីព្រោះគ្មានការយល់ព្រមពីម្ចាស់ម៉ូតូ ។ ខណៈឃើញសកម្មភាពរបស់លោក ឌិន ពុទ្ធី បែបនេះលោកវរសេនីយ៍ត្រី ឈាន ពិសិដ្ឋ បានដើរទៅឈរពីមុខរថយន្តរបស់លោក ឌិន ពុទ្ធី និងបានហៅលោក អ៊ឹង ឃាន ជាម្ចាស់ម៉ូតូឲ្យចេញពីរថយន្តដើម្បីធ្វើកិច្ចសន្យា ស្រាប់តែលោក ឌិន ពុទ្ធី រោទ៍ម៉ាស៊ីនរថយន្ត រួចបើកបុកលោកវរសេនីយ៍ត្រី ឈាន ពិសិដ្ឋ ធ្វើឲ្យដួលបោកក្បាលទៅនឹងថ្នល់សន្លប់បាត់ស្មារតី ។
លោកវរសេរនីយ៍ត្រី ត្រូវបានដឹកយកទៅសង្គ្រោះនៅគ្លីនិក សុខ វិសាល ប៉ុន្តែដោយមានសភាពធ្ងន់ ទើបបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យឯខេត្តស្រះកែវ ប្រទេសថៃ ។
អ្នកនាំពាក្យបញ្ជាក់ថា «ក្រសួងមហាផ្ទៃសូមបញ្ជាក់ជាថ្មីជូនដល់សាធារណជនជាតិ និងអន្តរជាតិឲ្យបានជ្រាបថា តំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានសម្រេចបើកការស៊ើបសួរទៅលើឈ្មោះ ឌិន ពុទ្ធី ពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» តាមបញ្ញត្តិមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ និងបានបញ្ជូនទៅចៅក្រមស៊ើបសួរដើម្បីចាត់ការតាមនីតិវិធីរួចហើយ ដូចនេះសូមសាធារណជនរង់ចាំលទ្ធផលនៃចំណាត់ការរបស់តុលាការត្រូវបញ្ចប់» ។
ទោះបីជាបែបណា នៅថ្ងៃទី៣០ ខែធ្នូ ឃ្លីបវីដេអូ៣ឈុត ត្រូវបានគេបង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលបង្ហាញពីវត្តមានមន្ត្រីប៉ូលិសរូបនេះនៅមន្ទីរពេទ្យប្រទេសថៃ បណ្តើរស្រីស្អាតម្នាក់ និងការដើររបស់លោកគឺហាក់ដូចជាគ្មានបញ្ហាអ្វីទាំងអស់ ឯក្បាលដែលថា របួសក៏មិនបានឃើញប៉ង់ស៊ីម៉ង់ត៍ដែរ។ គេបានគិតថា បើតាមស្ថានភាពរបស់លោក ឈាន ពិសិដ្ឋ របួសធ្ងន់នោះក្នុងរយៈពេល៣ទៅ៤ថ្ងៃ ដើរភឹលបែបនេះ មន្ទីរពេទ្យនោះពិតជាពូកែខ្លាំងណាស់ ។
មានការកត់សម្គាល់ថា ក្រោយពីមានការបង្ហោះរូបភាព និងវីដេអូតាមបណ្តាញសង្គមហ្វេសប៊ុក គេសង្កេតឃើញថាករណីប៉ូលិសនិងអ្នកបើករថយន្តដែលជាប់ចោទត្រូវបានសាធារណមតិជឿថាប៉ូលិសធ្វើពុត ។ ជាងនេះទៀត ករណីនោះបានធ្វើឲ្យមានផ្ទុះការតវ៉ាទាមទារឲ្យតុលាការដោះលែង លោក ឌិន ពុទ្ធី ផងដែរ ។
មិនដឹងថា មន្ត្រីសមត្ថកិច្ចឆ្លើយបំភ្លឺបែបណានោះទេ ជុំវិញការបង្ហោះវីដេអូឃ្លីបថ្មីៗនេះ ៕
ប្រភព ៖ កោះសន្តិភាព
No comments:
Post a Comment