ខេត្តព្រះសីហនុ ៖ នៅសាលសវនាការ សាលាដំបូងខេត្ត នាព្រឹកថ្ងៃទី៣០ ខែធ្នូ លោក ញឹម វិសាល ចៅក្រមស៊ើបសួរសាលាដំបូងខេត្ត និងលោកស្រី ចាត សូរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានបើកសវនាការលើសំណុំរឿង ព្រហ្មទណ្ឌលេខ៥៦៩ ដែលមានជនជាប់ចោទឈ្មោះ គាង ហេង ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលបានប្រើអំពើហិង្សាវាយដំ លើរូបរាងកាយស្រីស្នេហ៍នាង សុខ ម៉ី ហៅពេជ្រ អាវីហ្សា ជាតារាសម្តែងសាច់សខ្ចី នៅក្នុងក្លិបកម្សាន្ត អិលវី កាលពីយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងមក ។
នៅក្នុងបន្ទប់សវនាការ គេឃើញមានវត្តមានជនជាប់ចោទ គាង ហេង និងសមត្ថកិច្ចអនុរក្សពន្ធនាគារ និងមេធាវីការពារក្តីឱ្យជនជាប់ចោទក្នុងសំណុំរឿងខាងលើ ។ ដោយឡែកនាង ពេជ្រ អាវីហ្សា មិនមានវត្តមាននៅក្នុងបន្ទប់សវនាការទេ គឺមានតែសាច់ញាតិមកចូលរួមស្តាប់ ។
លោកចៅក្រមស៊ើបសួរ និងលោកស្រីព្រះរាជអាជ្ញាបានធ្វើការចោទសួរទៅតាមកំណត់ហេតុសួរចម្លើយរបស់សមត្ថកិច្ចយ៉ាងល្អិតល្អន់ ដោយប្រើប្រាស់ពេលវេលាពេញមួយព្រឹក។ យោងតាមមាត្រានៃច្បាប់ព្រហ្មទណ្ឌលេខ២១៧ ចំពោះជនជាប់ចោទពីបទប្រព្រឹត្តអំពើហិង្សាដោយចេតនា បង្កឱ្យមានរបួសស្នាមលើជនរងគ្រោះ គឺត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំដល់៥ឆ្នាំ និងទទួលការផាកពិន័យជាប្រាក់ថែមទៀតផង ។
នៅចំពោះមុខចៅក្រមស៊ើបសួរ និងលោកស្រីព្រះរាជអាជ្ញា ជនជាប់ចោទបានឆ្លើយថា រូបគេមិនបានវាយតប់ទៅតាមកម្លាំងមនុស្សប្រុសទេ គ្រាន់តែជាការប្រវាយប្រតប់គ្នាទៅវិញទៅមកបន្តិចបន្តួច និងមានស្នាមដាច់រលាត់ដោយក្រចកដៃនៅលើផ្ទៃមុខនាងតែប៉ុណ្ណោះ។ ដោយឡែកស្នាមជាំនៅលើភ្លៅនាង គឺដោយសារតែពេលប្រវាយប្រតប់គ្នានោះ នាងជ្រុលខ្លួនដួលដោយខ្លួនឯងទៅលើដី ហើយមិនដឹងជាប៉ះអ្វីដែរទើបបណ្តាលឲ្យមានស្នាមជាំបែបនេះ ។
ជនជាប់ចោទជាអតីតប្រុសស្នេហ៍បានឆ្លើយទៀតថា ពួកគេទាំងពីរនាក់បានបង្កាត់ភ្លើងស្នេហ៍ជាមួយគ្នាអស់រយៈពេលជាង២ឆ្នាំមកហើយ ដោយមានអាណាព្យាបាលទទួលស្គាល់ហើយនិងមានគម្រោងរៀបអាពាហ៍ពិពាហ៍នាពេលដ៏ខ្លីខាងមុខនេះ ។ បញ្ហាបណ្តាលឱ្យមានរឿងបែបនេះកើតឡើង ផ្តើមចេញពីការប្រចណ្ឌរបស់នាង ខណៈដែលពួកគេជិះរថយន្តមួយគ្រឿងមានគ្នា៥ទៅ៦នាក់ កាលពីយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ចូលទៅផឹកស្រាបៀរកម្សាន្តនៅក្នុងក្លិប អិលវី ។
ចៃដន្យប៉ះចំស្រាបៀរកាច ខណៈស្រវឹងរៀងខ្លួន នាងក៏ចាប់ផ្តើមកើតរោគប្រចណ្ឌចោទថារូបគេ(គាង ហេង) ចេះតែសម្លឹងមុខនារីៗនៅក្នុងក្លិបខាងលើ ក៏ផ្តើមទៅជាឈ្លោះប្រកែក ហើយនាងបានគប់បំបែកកែវធ្វើឲ្យមានការភ្ញាក់ផ្អើលនៅក្នុងក្លិប ។
ខណៈឃើញដូចនេះ ពួកគេក៏បបួលមិត្តភក្តិបែកគ្នាទៅកាន់លំនៅឋានរៀងៗខ្លួនវិញ លុះបើករថយន្តមកដល់ផ្ទះ នាងក៏នៅតែបន្តការឈ្លោះប្រកែកគ្នាទៀត និងបង្កការប្រ
វាយប្រតប់គ្នាធ្វើឱ្យមានស្នាមដាច់រលាត់បន្តិចបន្តួចតែប៉ុណ្ណោះ ។ ចំពោះការបង្ហោះរូបថតមានស្នាមរបួសរបស់នាងអាវីហ្សា ត្រូវបានអតីតប្រុសស្នេហ៍រុបនេះចោទថានាងបានកែច្នៃដោយយកថ្នាំលាបឱ្យប្រឡាក់ប្រតេកប្រតាក ធ្វើដូចជាមានស្នាមដាច់រលាត់ធ្ងន់ រួចថតរូបបង្ហោះតាមហ្វេសប៊ុក ទើបធ្វើឱ្យជ្រួលច្របល់បង្កាត់ភ្លើងទៅជារឿងបែបនេះទៅ ។
ទោះបីនាងពេជ្រ អាវីហ្សា មិនបានចូលខ្លួនក្នុងសវនាការនេះ តែតាមរយៈលោកមេធាវី ការពារក្តីជនជាប់ចោទ នាងបានផ្ញើលិខិតផ្លូវការដោយប្រកាសសុំដកពាក្យបណ្តឹង។
ជាមួយនេះ សំណូមពរសុំឱ្យតុលាការមេត្តាដោះលែងអនាគតស្វាមីនាងផង ដោយហេតុថាជនជាប់ចោទមានបញ្ហាសុខភាព ខណៈពេលត្រូវបានឃុំខ្លួនក្នុងពន្ធនាគារ ព្រោះជនជាប់ចោទជាមនុស្សវះកាត់យកប្រមាត់ចេញ ដែលសូម្បីតែពោះវៀនក៏ត្រូវបានតភ្ជាប់ជាកង់ៗដោយពោះវៀនជ័រដែរ ។
លិខិតរបស់នាងបញ្ជាក់ទៀតថា កន្លងមកជនជាប់ចោទបានប្រើអំពើហិង្សាមកលើនាងប្រមាណជាង១០ដង ហើយការចោទប្រកាន់ខាងលើ គឺចង់ឱ្យសមត្ថកិច្ចនិងស្ថាប័នច្បាប់ឃាត់ខ្លួន ឃុំខ្លួន យកមកអប់រំឱ្យចេះកែប្រែខ្លួន ព្រោះអនាគតជាស្វាមីល្អនិងទទួលបានសុភមង្គលក្នុងគ្រួសារតែប៉ុណ្ណោះ ។ ជាងនេះទៀត នាងបានទទូចស្នើសុំឱ្យស្ថាប័នតុលាការមេត្តាជួយអនុគ្រោះ និងធ្វើការដោះលែងមកវិញចុះ ពេលនេះជនជាប់ចោទបានភ្លក្សរសជាតិ និងបានស្គាល់ឯកសណ្ឋានជាពិរុទ្ធជនពិតៗហើយ ។
ទោះបីជាយ៉ាងណា សវនាការមិនទាន់បានប្រកាសលទ្ធផលយ៉ាងណានោះទេ ។ លោកចៅក្រមស៊ើបសួរ និងលោកស្រីព្រះរាជអាជ្ញា បានជម្រាបជូនទៅមេធាវីការពារក្តីឱ្យជនជាប់ចោទ ត្រូវស្វែងរកនាងពេជ្រ អាវីហ្សា ឱ្យចូលខ្លួនមកតទល់មុខគ្នាជាមួយជនជាប់ចោទ ដែលត្រូវបានកំណត់ពេលសវនាការសាជាថ្មី តាមការគ្រោងទុកនាថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧ ខាងមុខនេះ ដើម្បីបានស្តាប់ការបកស្រាយរបស់ជនរងគ្រោះ និងឈានដល់ការសន្និដ្ឋានប្រកាសសាលក្រម ៕