កំពង់ធំ ៖ នៅថ្ងៃសុក្រ ៤រោច ខែបុស្ស ឆ្នាំរការ នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៦និង៤១នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តហាយឡែនឌ័រ បើកបុករថយន្តហ៊ីយ៉ាន់ដាយ ក្នុងទិសដៅផ្ទុយគ្នា បណ្តាលឲ្យ ម្ចាស់រថយន្តហ៊ីយ៉ាន់ដាយ និងអ្នករួមដំណើរស្លាប់ នៅលើកំណាត់ផ្លវជាតិលេខ៦ ភូមិសំណាក ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ។
ជនរងគ្រោះមានឈ្មោះ អៀង ភ័ណ្ឌ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរវេជ្ជ:បណ្ឌិតឯកទេស នៃមន្ទីរពេទ្យកាល់ម៉ែត(ស្លាប់) ស្នាក់នៅផ្ទះលេខ៥៦០ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ បើរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2A-3504 និងអ្នករួមដំណើរឈ្មោះ ជួន វ៉ាន់នី ភេទស្រី អាយុ២៩ឆ្នាំ នៅផ្ទះលេខ១៣៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ(ស្លាប់)។ ចំណែកម្ចាស់រថយន្តហ៊ីយ៉ាន់ដាយឈ្មោះ ពៅ ម៉ៃ ភេទប្រុស អាយុ២១ឆ្នាំ(គេចខ្លួន) ស្នាក់នៅភូមិគោមមហា ឃុំវិហារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម បើករថយន្តក្បាលពណ៌សលាយខៀវ ស្លាកលេខភ្នំពេញ 3B-7108 ។
អធិការរងចរាចណ៍ស្រុកសន្ទុក លោក ស៊ីវ វណ្ណា បានឲ្យដឹងថា មូលហេតុបង្កឡើងដោយរថយន្តហាយឡែនឌ័ររ៉េចង្កូតទៅបុករថយន្តហ៊ីយ៉ាន់ដាយ ក្នុងបំណែកផ្លូវផ្ទុយទិសគ្នា បណ្តាលឲ្យភាគីរថយន្តបង្កស្លាប់២នាក់ភ្លាមៗតែម្តង ។ លោកបញ្ជាក់ថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាកហាយឡែនឌ័រពណ៌សរ ស្លាកលេខ ភ្នំពេញ 2AF-3504 ធ្វើដំណើរពីជើងទៅត្បូង ជិះបញ្ច្រាសទិសគ្នាជាមួយរថយន្តហ៊ីយ៉ាន់ដាយប្រភេទយីឌុប៤ភ្លៅ លុះមកដល់កន្លែងកើតហេតុខាងរថយន្តហាឡែនឌ័រ ទំនងងោកមួយភាំង ក៏រេចង្កូតជ្រុលចូលទៅបុករថយន្តយីឌុប ចំពីមុខពេញទំហ៊ឹង បណ្តាលឲ្យអ្នកជិះរថយន្តហាយឡែនឌ័រ ស្លាប់ទាំង២នាក់ ។
ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកវត្ថុតាងមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកសន្ទុក ដើម្បីចងក្រងសំណុំរឿង ដោះស្រាយតាមនីតិវិធីច្បាប់ ។ បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវយកមកតម្កល់ទុកនៅអធិការដ្ឋាននគរបាលចរាចរណ៍ផ្លូវគោក ស្រុកសន្ទុក រង់ចាំក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕