សមត្ថកិច្ចចាប់ខ្លួនលោក កឹម សុខា និងកងអង្គរក្សរបស់លោកចំនួន៨នាក់ដោយគ្មានដីកាចាប់ខ្លួន
ដោយ ខែ សុណង និង យាង សុជាមេត្តា
2017-09-02
2017-09-02
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅម៉ោងជាង ១២រំលងអធ្រាត្រចូលថ្ងៃទី៣ កញ្ញា គឺប្រមាណជាង ៣ម៉ោងបន្ទាប់ពីសារព័ត៌មាន ហ្វ្រែសញូវ (Fresh News) ដែលគាំទ្ររដ្ឋាភិបាល បានផ្សព្វផ្សាយវីដេអូ ឃ្លីបទទួលបានពីម្ចាស់ហ្វេសប៊ុក (Facebook) ឈ្មោះកូនខ្មែរ ដែលសារព័ត៌មានមួយនេះអះអាងថាជារបស់លោក កឹម សុខា។
វីដេអូឃ្លីបមានរយៈពេលជាង ១៣នាទីដែលសារព័ត៌មានហ្វ្រែសញូវផ្សព្វផ្សាយនេះ ត្រូវបានបណ្ដាញសារព័ត៌មានមួយនេះអះអាងថា គឺជាវីដេអូដែលលោក កឹម សុខា បានថ្លែងនៅប្រទេសអូស្ត្រាលី តាំងពីខែធ្នូ ឆ្នាំ២០១៣ ពោលគឺ ៥ខែក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៥។
នៅក្នុងវីដេអូឃ្លីបនោះគេឃើញរូបរបស់លោក កឹម សុខា ដែលឈរថ្លែងនៅចំពោះមុខអ្នកគាំទ្រមួយចំនួន ប៉ុន្តែថាតើសំឡេងនោះជារបស់លោក កឹម សុខា ឬជាសំឡេងកាត់ត ឬយ៉ាងណានោះទេ ខណៈដែលអាស៊ីសេរី នៅពុំទាន់អាចសុំការបញ្ជាក់ពីលោក កឹម សុខា និងមន្ត្រីបក្សប្រឆាំងបាននៅឡើយនោះទេនៅក្រោយការចាប់ខ្លួននេះ។
ខ្លឹមសារដែលសារព័ត៌មានហ្វ្រែសញូវអះអាងថាជាការថ្លែងរបស់លោក កឹម សុខា ដែលឈានដល់ការចាប់ខ្លួនមេបក្សប្រឆាំងរូបនេះ គឺនិយាយពីការដែលមេបក្សប្រឆាំងរូបនេះ បានតស៊ូ ២០ឆ្នាំហើយដើម្បីប្រឆាំងនឹងរបបដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយឈរលើគោលការណ៍ច្បាស់លាស់ និងជាការសន្សំការតស៊ូជាយូរណាស់មកហើយ ហើយថាការដែលពលរដ្ឋក្រោកឡើងប្រឆាំងរបបដឹកនាំដោយលោក ហ៊ុន សែន ក្រោយការបោះឆ្នោតនោះ គឺកើតឡើងដោយសារយុទ្ធសាស្ត្រច្បាស់លាស់របស់អ្នកប្រឆាំង៖ «»។
លើសពីនេះ សំឡេងថ្លែងនៅក្នុងវីដេអូឃ្លីបដដែលបានលើកឡើងនូវពាក្យដូរ ឬមិនដូរ ដែលបក្សប្រឆាំងតែងប្រើនៅក្នុងបាតុកម្មក្រោយការបោះឆ្នោតឆ្នាំ២០១៣ ហើយថានៅពេលគណបក្សសង្គ្រោះជាតិ ឈ្នះ បក្សប្រឆាំងនឹងឆ្លាក់សារនយោបាយដូរឬមិនដូរ និងលេខ៧ ដែលជាលេខរៀងរបស់គណបក្សដ៏ធំនៅកណ្ដាលរាជធានីភ្នំពេញ ដើម្បីជាប្រវត្តិសាស្ត្រនៃការ ផ្លាស់ប្ដូរនៅកម្ពុជា។ ក្រៅពីនេះ ក៏មានការថ្លែងពីការចុះពន្យល់ពលរដ្ឋអំពីលទ្ធិប្រជាធិបតេយ្យចាប់តាំងពីឆ្នាំ២០០២ មក និងពីសហរដ្ឋអាមេរិក ផ្ដល់ជំនួយដើម្បីជួលប៉ុស្តិ៍វិទ្យុដើម្បីផ្សាយអប់រំពលរដ្ឋ ហើយថាដោយសារតែការអប់រំនេះហើយ បានធ្វើឲ្យពលរដ្ឋឆ្លាតជាងលោក ហ៊ុន សែន ទៅទៀត៖ «»។
ដោយសារតែខ្លឹមសារថ្លែងនៅក្នុងវីដេអូឃ្លីបដូចនេះហើយ ទើបរដ្ឋាភិបាលយកជាហេតុផលសំអាងក្នុងការចាប់ខ្លួនលោក កឹម សុខា ទាំងលោកកំពុងមានអភ័យឯកសិទ្ធិសភា ដោយចោទប្រកាន់ថាជាការឃុបឃិតគ្នារវាងលោក កឹម សុខា និងបក្សពួកជាមួយបរទេស ដែលធ្វើឲ្យប៉ះពាល់ដល់ប្រទេសជាតិ និងជាអំពើក្បត់ជាតិ ហើយដែលរដ្ឋាភិបាលអះអាងថា ជាបទល្មើសជាក់ស្ដែង។
ទោះជាយ៉ាងណា ការចាប់ខ្លួនលោក កឹម សុខា នេះ គឺកើតឡើងក្រោយពីបណ្ដាញសារព័ត៌មានហ្វ្រែសញូវ បានផ្សព្វផ្សាយជាបន្តបន្ទាប់នូវសារបែកធ្លាយចេញពីប្រភពមួយឈ្មោះកូនខ្មែរ និយាយចោទប្រកាន់បក្សប្រឆាំងថាមានទំនាក់ទំនងជាមួយមន្ត្រីវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ (IRI) ថាបក្សប្រឆាំងទទួលលុយពីអង្គការបរទេស ថាបក្សប្រឆាំងទាក់ទងជាមួយក្រុមចលនានយោបាយនៅតៃវ៉ាន់ និងនៅទីបំផុត គឺថាលោក កឹម សុខា ឃុបឃិតជាមួយបរទេសបង្កបញ្ហាដល់កម្ពុជា ដែលជាអំពើក្បត់ជាតិនៅពេលនេះ។
ក្រោយពីការផ្សព្វផ្សាយរបស់សារព័ត៌មានហ្វ្រែសញូវជាបន្តបន្ទាប់នេះហើយ ទើបរដ្ឋាភិបាលមានគម្រោងបើកការស៊ើបអង្កេតបក្សប្រឆាំងករណីទទួលលុយពីអង្គការបរទេស ព្រោះថាបើរកឃើញថាបក្សនេះពិតជាបានទទួលលុយពីអង្គការបរទេសមែន បក្សប្រឆាំងអាចប្រឈមនឹងត្រូវរំលាយចោលតាមច្បាប់ស្ដីពីគណបក្សនយោបាយ។
ប្រតិកម្មទៅនឹងការចាប់ខ្លួនលោក កឹម សុខា នៅពេលនេះ នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប៊្រែដ អាដាម (Brad Adams) ថាការផ្លាស់ប្ដូររបបមួយដោយសន្តិវិធី តាមដំណើរប្រជាធិបតេយ្យ និងការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ គឺជារឿងស្របច្បាប់បំផុតក្នុងប្រទេសប្រជាធិបតេយ្យ។ លោកបន្តថា អ្នកដែលត្រូវចោទប្រកាន់ពីអំពើក្បត់ជាតិពាក់ព័ន្ធនឹងការឃុបឃិតគ្នាជាមួយបរទេស គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខ្លួនឯងឯណោះទៅវិញទេដែលជាជនដំបូងគេ ដែលត្រូវទទួលទោសនេះ៖ «យើងទាំងអស់គ្នាសុទ្ធតែដឹងឮគ្រប់គ្នាថា លោក ហ៊ុន សែន បានឡើងកាន់អំណាចពីដំបូងដោយសាររដ្ឋាភិបាលវៀតណាម ជាអ្នកលើកបន្តុប។ ហើយយើងក៏ដឹងដែរថា លោក ហ៊ុន សែន ពឹងវៀតណាម និងចិន ដើម្បីបន្តកាន់អំណាចតាំងពីដើមរហូតដល់សព្វថ្ងៃនេះ។ ដូច្នេះខ្ញុំគិតថា បើគាត់ឆ្លាត គាត់គួររិះរកបទចោទណាឲ្យវាទំនងជាងនេះ ដើម្បីចោទលោក កឹម សុខា។ បើចោទបែបនេះ គឺមិនខុសអីពីចោទខ្លួនឯងនោះទេ»។
លោក ប៊្រែដ អាដាម បន្តទៀតថា ការធ្វើទុក្ខបុកម្នេញមកលើគណបក្សប្រឆាំងបែបនេះ នឹងមិនអាចឲ្យអ្នកគាំទ្រគណបក្សប្រឆាំងនៅស្ងៀមបាននោះទេ។ លោកថា ពួកគេច្បាស់ជានឹងក្រោកតវ៉ាជាក់ជាមិនខាន។ មិនតែប៉ុណ្ណោះ លោកបញ្ជាក់ថា សហគមន៍អន្តរជាតិក៏មិនព្រងើយកន្តើយទុកឲ្យលោក ហ៊ុន សែន បន្តបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា តទៅទៀតនោះដែរ។
ចំណែកនាយកផ្នែកតស៊ូមតិនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ប្រចាំតំបន់អាស៊ី លោក ចន ស៊ិបថន់ (John Sifton) ថ្លែងថា ការចាប់ខ្លួនលោក កឹម សុខា នេះ គឺជាការធ្វើឲ្យស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដើរថយក្រោយយ៉ាងមហន្តរាយ។ លោកថា ការចោទប្រកាន់របស់រដ្ឋាភិបាលខ្វះនូវជំនឿទុកចិត្ត ដែលវាបង្ហាញឲ្យឃើញពីការប្រើប្រាស់ប្រព័ន្ធតុលាការមិនត្រឹមត្រូវតាំងពីដើមមក ដើម្បីបំបិទសំឡេង និងសម្លុតបំភ័យអ្នករិះគន់ និងសំឡេងប្រឆាំង។ លោកបន្តថា អស់រយៈពេល ៣៣ឆ្នាំហើយដែលលោក ហ៊ុន សែន ប្រើអំពើហិង្សា ការគំរាមកំហែង ប្រព្រឹត្តអំពើពុករលួយ និងប្រើប្រាស់តុលាការដើម្បីការពារអំណាចរបស់ខ្លួន ហើយក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ គឺលោក ហ៊ុន សែន បានបង្កើនការវាយប្រហារលើអង្គការសង្គមស៊ីវិល និងបក្សប្រឆាំងកាន់តែខ្លាំងឡើងៗ។
លោក ចន ស៊ិបថន់ ថាប្រទេសម្ចាស់ជំនួយគួរថ្កោលទោសលោក ហ៊ុន សែន និងកោះហៅឯកអគ្គរាជទូតកម្ពុជា ឲ្យពន្យល់ពីសកម្មភាពរបស់លោក ហ៊ុន សែន នៅពេលនេះ។ លោកបញ្ជាក់ថា សហគមន៍អន្តរជាតិគួរប្រាប់លោក ហ៊ុន សែន ថា ប្រសិនបើគាត់មិនព្រមធ្វើឲ្យស្ថានការណ៍ត្រឡប់ទៅរកភាពដើមវិញនោះទេ វាពិបាកនឹងគិតថា ការបោះឆ្នោតជាតិនៅឆ្នាំ២០១៨ ខាងមុខ ជាការបោះឆ្នោតដែលមានលក្ខណៈសេរី និងយុត្តិធម៌ណាស់៕