Friday, May 12, 2017

តារាៗមិននៅស្ងៀមទេ ជី ដេវីត និងតារាកំប្លែងជាច្រើនរូប នាំគ្នាចូលរួមបុណ្យសព ភរិយារបស់ ហុងដា!

ភ្នំពេញ៖ ហេតុការណ៍ដ៏គួរឲ្យរន្ធត់ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីម្សិលមិញនេះ ទាក់ទងទៅនឹងអំពើឃាតកម្ម របស់ភរិយាវ័យក្មេងតារាកំប្លែង លោក ហុងដា ដែលត្រូវបានគេសម្លាប់។
យ៉ាងណាមិញ នៅថ្ងៃនេះផងដែរ ពិធីបុណ្យសពរបស់អ្នកនាង ស៊ឹម ចន្ទី ដែលជាភរិយារបស់លោក ហុងដា កំពុងតែដំណើរការ ដោយមានវត្តមានពីសំណាក់គ្រួសារ និងមិត្តៗរួមសិល្បៈជាច្រើនរូបផងដែរ។
ដោយក្នុងនោះ គេសង្កេតឃើញមានវត្តមានដូចជា តារារ៉េបលោក ជី ដេវីត នាយព្រែកកញ្ញា មាស សម្ផស្ស តារាកំប្លែង នាយក្រូច កញ្ញា ប្រិមប្រិយ នាង ខ្ញុង និងតារាជាច្រើនរូបផ្សេងទៀត ដែលពួកគេបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ នៅក្នុងពិធីបុណ្យសពភរិយារបស់ លោក ហុងដាផងដែរ។
ទាំងនេះបញ្ជាក់ឲ្យឃើញថា ពួកគេ មិននៅស្ងៀមនោះទេ នៅពេលតារាដូចគ្នា កំពុងជួបទុក្ខ ទោះបីជាពួកគេ មិនបានជួយអ្វី តែពួកគេ បានផ្តល់ជាកម្លាំងចិត្តយ៉ាងពេញទំហឹង ៕

នាយ ហុង ដា ប្រគល់​កូន​ប្រុស ឲ្យ​សមត្ថកិច្ច​ចាត់​ចែង​​តាម​​ផ្លូវ​​ច្បាប់ ក្រោយពីជាប់សង្ស័យ​ជា​ឃាតករ រឹត​កស​ម្លាប់​ម្ដាយ​ចុង ក្នុង​បន្ទប់​ទឹក (មានវីដេអូ)

(ភ្នំពេញ)៖ គួរឲ្យអាសូរចំពោះតារាកំប្លែង នាយ ហុង ដា ដែលមានទុក្ខជាទម្ងន់ ត្រូវបាត់បង់ភរិយាជាទីស្រឡាញ់ ដោយត្រូវឃាតក ដែលសង្ស័យថា ជាកូនប្រុសរបស់ខ្លួន ជាអ្នកលើកដៃសម្លាប់ យ៉ាងព្រៃផ្សៃ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧នេះ ហើយត្រូវបានចាត់ទុកថា ជាសោដនាកម្មដ៏ធំធេងមួយ ក្នុងគ្រួសាររបស់នាង ហុង ដា។ អ្វីដែលកាន់តែហួសចិត្តនោះ គឺកូនប្រុសរបស់នាយ ហុងដា បានជាប់ឈ្មោះថា ជាឃាតកទាំងវ័យក្មេង ហើយនាយ ហុងដា បានបញ្ជាក់ថា លោកសូមប្រគល់កូនប្រុស ដែលហ៊ានលើកដៃសម្លាប់ម្ដាយចុងរបស់ខ្លួនរូបនេះ ឲ្យទៅសមត្ថកិច្ចចាត់ចែង តាមផ្លូវច្បាប់ទៅចុះ។
ក្នុងអំឡុងពេលរៀបចំពិធីបុណ្យសព ភរិយាវ័យក្មេង នាយប់មិញនេះ តារាកំប្លែងដែលធ្លាប់តែបង្កបរិយាកាស ធ្វើឲ្យមហាជនផ្ទុះសំណើច នាយ ហុង ដា បាននិយាយទាំងទឹកភ្នែករលីងរលោង ក្រោយពីយំឱបសពប្រពន្ធ ឲ្យដឹងថា លោកសូមមិននិយាយអ្វីទាំងអស់ ចំពោះករណីស្លាប់ភរិយារបស់ខ្លួន នៅពេលនេះ ព្រោះហាក់បីដូចជា «ហាទៅវាស្លាក់ខ្ជះទៅវាស្លែង» ពោលគឺសុទ្ធតែសាច់ឯងទាំងអស់ ប៉ុន្តែអ្វីដែលលោកត្រូវបំពេញនៅពេលនេះ គឺមានតែប្រគល់ជូនច្បាប់ (សមត្ថកិច្ច) ជាអ្នកចាត់ចែងទៅតាមហ្នឹងចុះ ព្រោះទោសកំហុសនេះ លោកក៏មិនអាចមានសមត្ថភាព ជួយបានឡើយ។
នាយ ហុង ដា និយាយថា « បាទ..បើនិយាយពីកូនប្រុសខ្ញុំ មានតែប្រគល់ ជូនច្បាប់ជាអ្នកចាត់ចែងទៅចុះ ខ្ញុំអស់អីនិយាយ ហើយក៏និយាយមិនកើតដែរ..!» ។ តាមការបញ្ជាក់បន្ថែម តាមរយៈវីដេអូឃ្លីប ដែលលោក ហេង ឡុង ប្ដីរបស់តារាសម្ដែងអ្នកនាង ចន ច័ន្ទលក្ខិណា បង្ហោះក្នុង Facebook របស់ខ្លួន បានបង្ហាញឲ្យដឹងថា បន្ទាប់ពីនាយ ហុង ដា វិលមកដល់ពីខេត្តភ្លាម លោកបានស្រែកយំឱសព ប្រពន្ធ ដោយបានរៀបរាប់ នូវអនុស្សាវរីយជាច្រើន ជាមួយនឹងប្រពន្ធវ័យក្មេង មើលទៅគួរឲ្យសង្វេគ ពេកក្រៃ។
ប៉ុន្តែរហូតមកដល់ពេលនេះ នាយ ហុង ដា បានបញ្ជាក់ជំហរបស់ខ្លួន គឺមានតែប្រគល់កូនប្រុស ដែលជាជនសង្ស័យឃាតកសម្លាប់ ប្រពន្ធរបស់ខ្លួន ឲ្យទៅសមត្ថកិច្ចជាអ្នកចាត់ចែង តាមផ្លូវច្បាប់តែប៉ុណ្ណោះ។
សូមបញ្ជាក់ថា ស្រ្តីជាប្រពន្ធទី២ របស់តារាកំប្លែងជើងចាស់នាយ ហុង ដា ត្រូវបានឃាតករឹតកសម្លាប់ចោល នៅក្នុងបន្ទប់ជាន់ទី៥ នៃអគារខុនដូ កំពុងស្ថាបនា ក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ពោលនៅក្រោយផ្សារ សារឿនយ៉ានី។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនពេលមានការភ្ញាក់ផ្អើលនេះ មានស្ត្រីម្នាក់ឈ្មោះ អឿន ចិន្តា ត្រូវជាប្អូនស្រីបង្កើតរបស់លោក ហុង ដា បានដើរលេងតាមបន្ទប់ខុនដូ ក្នុងជាន់ទី៥ ហើយពេលដើរដល់បន្ទប់ របស់ស្រ្តីរងគ្រោះ ស្រាប់តែប្រទះឃើញជនរងគ្រោះ មានភួយរុំក្បាលនឹងមុខ មើលមិនស្គាល់ទេ ហើយគាត់ក៏មានការភ័យស្លន់ស្លោរ បានទូរស័ព្ទរាយការណ៍ ទៅសមត្ថកិច្ចភ្លាមៗ ដើម្បីសុំការអន្តរាគមន៍។
ក្រោយទទួលបានដំណឹងនេះភ្លាម កម្លាំងនគរបាលខណ្ឌដង្កោ ដឹកនាំដោយលោក ជឹម ស៊ីថា អធិការនគរបាលខណ្ឌ បានចុះមកពិនិត្យជាក់ស្តែង ដល់ចំណុចខុនដូនេះ ហើយបានឲ្យឈ្មោះ អឿន ចិន្តា ត្រូវជាប្អូនលោក ហុង ដា ចូលទៅមើលមុខសាកសពស្ត្រី ដែលត្រូវគេសម្លាប់ ទើបដឹងថា ស្ត្រីដែលត្រូវជនមិនស្គាល់មុខសម្លាប់នោះ គឺមានឈ្មោះ ស៊ឹម ចន្ធី ហៅស្រីមុំ អាយុ១៩ឆ្នាំ គឺជាប្រពន្ធក្រោយរបស់លោក ហុង ដា ដែលមកស្នាក់នៅក្នុងខុនដូនេះ ជាងកន្លះឆ្នាំមកហើយ។
ក្រោយការសួរនាំសាក្សី និងធ្វើកោសល្យវិច្ច័យ នៅកន្លែងកើតហេតុរួចមក អធិការនគរបាលខណ្ឌដង្កោ លោក ជឹម ស៊ីថា បានប្រាប់ភ្នាក់ងារ Khmertalking ថា ជនសង្ស័យ ដែលបានសម្លាប់ស្រ្តីប្រពន្ធចុង របស់តារាកំប្លែង នាយ ហុង ដា គឺជាកូនប្រុសរបស់នាយ ហុង ដា តែម្តង។ នៅពេលនេះកម្លាំងនគរបាល កំពុងតាមចាន់ខ្លួន ខណៈជនសង្ស័យកំពុងរត់គេច បន្ទាប់ពីសម្លាប់ស្រ្តីរងគ្រោះហើយ។
លោក ជឹម ស៊ីថា បានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ អឿន សុខខេង អាយុជិត២០ឆ្នាំ។ ជនសង្ស័យបានយកខ្សែឆ្នាំងអ៊ុត ទៅរឹតកសម្លាប់ ស្រ្តីរងគ្រោះ។ យ៉ាងណាក៏ដោយ លោកអធិការមិនទាន់បានបញ្ជាក់ថា ការសម្លាប់ស្រ្តីរងគ្រោះនេះ ជាករណីរំលោភ ហើយសម្លាប់ ឬយ៉ាងណានោះទេ តែក្រោយកើតហេតុ ស្រ្តីរងគ្រោះបានបាត់គ្រឿងអលង្ការ អស់ពីខ្លួន ផងដែរ៕
ប្រភព : Khmertalking

ឈាមស្រែក ស្បែកហៅមែន ពេលនេះ ចាប់បាន កូនប្រុសហុងដាហើយ (មានវីដេអូ) សុក្រ ១២ ឧសភា, ២០១៧ ១៦:០៥

ភ្នំពេញ៖ ខណៈពេលនេះ កូនប្រុស នាយហុងដា ត្រូវបានចាប់ខ្លួនហើយ នៅក្រោយវត្តចាស់ សង្កាត់ជ្រោយចង្វារ។
នេះបើតាម គណនីហ្វេសប៊ុក លោក ប៊ុនរឿន ប្រុសស្អាតជ្រោយចង្វារ តំណាងឲ្យអភិបាលខណ្ឌជ្រោយចង្វារ បានបង្ហោះឲ្យដឹងថា «ចាប់បានឃាតករវ័យក្មេង សម្លាប់សាច់ឯងហើយ ក្រោមការ បញ្ជាផ្ទាល់ពីលោក សេង ឈាង មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ បានឃាត់ខ្លួនកូននាយ ហុង ដា បានហើយនៅមុននេះបន្តិច នៅក្រោយវត្តចាស់ សង្កាត់ជ្រោយចង្វារ»។
នៅពេលនេះ ជនដៃដល់ ត្រូវសមត្ថកិច្ចនាំខ្លួនភ្លាមៗ ទៅកាន់បញ្ជាការដ្ឋានអាវុធហត្ថ រាជធានីភ្នំពេញ ដើម្បីធ្វើការសួរនាំបន្តទៀត។ រីឯមូលហេតុ នៃការសម្លាប់ម្តាយចុង មិនទាន់ត្រូវបានមន្ត្រីអាវុធហត្ថ បញ្ជាក់នៅឡើយទេ ដោយបាននិងកំពុងសួរនាំជាមុនសិន។
ព័ត៌មានលម្អិត ខ្មែរឡូតនឹងផ្សាយជាបន្តបន្ទាប់ទៀត៕

Tuesday, May 9, 2017

អ្នកនាំពាក្យក្រសួងការពារជាតិ៖ ទាហានមួកខៀវកម្ពុជា៣នាក់ ដែលបាត់ខ្លួននៅប្រទេសអាហ្រ្វិកកណ្តាល ពេលនេះបានស្លាប់ហើយ, សពត្រូវបានរកឃើញ២គីឡូម៉ែត្រពីកន្លែងកើតហេតុ ពុធ ១០ ឧសភា, ២០១៧ ០៨:១១

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅយប់ជ្រៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧នេះថា ទាហានមួកខៀវកម្ពុជា៣រូប ដែលបាត់ខ្លួនក្រោយហេតុការណ៍បាញ់ប្រហារ ដោយក្រុមឧទ្ទាម នៅប្រទេសអាហ្រ្វិកកណ្តាល នាយប់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧នោះ ពេលនេះបានស្លាប់ហើយ។ សាកសពរបស់ពួកគាត់ត្រូវបានរកឃើញ នៅថ្ងៃទី០៩ ខែឧសភានេះ នៅប្រមាណ២គីឡូម៉ែត្រពីកន្លែងកើតហេតុតែម្តង។ ទាហានកម្ពុជាស្លាប់សរុបទាំងអស់ចំនួន៤នាក់។
នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា «កម្លាំងកម្ពុជា០៣នាក់ដែលបានបាត់ខ្លួន ក្នុងសាធារណរដ្ឋអាហ្វ្រិកកណ្តាល ត្រូវបានរកឃើញស្លាប់ទាំងអស់ ក្នុងចំងាយ ២គម ពីកន្លែងកើតហេតុ។ សពទាំងបីនេះត្រូវបានអន្តរាគមន៍​ដោយក្រុមគ្រូព្រះវិហារ​ដែលនៅ​ក្បែរនោះ។​ សពទាំងបីកំពុងតំកល់នៅតំបន់ Bangassou រង់ចាំដឹកតាមឧទ្ធម្ភាគចក្ររបស់ អ.ស.ប មកទីក្រុង Bangui នាព្រឹកស្អែក»
ក្រសួងការពារជាតិ បានសម្តែងការសោកស្តាយយ៉ាងពន់ពេក ចំពោះការបាត់បង់ទាហានមួកខៀវរបស់កម្ពុជា ព្រមទាំងចូលរួមរំលែកទុក្ខ​ចំពោះការ​ពលីជីវិតប្រកបដោយកិត្តិយសថ្លៃថ្នូរ និងវីរភាពដ៏អង់អាចក្លាហាននៃកុលបុត្រកម្ពុជា ដែលបានលះបង់ជីវិតក្នុងការបំពេញ​បេសកកម្មមនុស្សធម៌​អន្តរជាតិ ក្រោមឆ័ត្រ អ.ស.ប នៅសាធារណរដ្ឋអាហ្រ្វិចកណ្តាល នាពេលនេះ។
បើតាមសេចក្តីប្រកាសក្រសួងការពារជាតិ បានឱ្យដឹងថា ទាហានមួកខៀវកម្ពុជា ៣រូប ដែលបានបាត់ខ្លួន ហើយទើបនឹងដឹងថាទទួលមរណភាព​នេះរួមមាន៖ លោកអនុសេនីយ៍ត្រី ស៊ាន នរិន្ទ (ព្រិន្ទបាលទោ) ជំនួយការត្រួតពិនិត្យគុណភាព, លោកពលបាលឯក មុំ តុលា (ព្រិន្ទបាលទោ) ជំនួយការបើកបរអ៊ិស្ការវ៉ាទ័រ និង លោកអនុសេនីយ៍ត្រី ម៉ៅ អេង (អនុសេនីយ៍ឯក) បុគ្គលិកពេទ្យ។
សូមបញ្ជាក់ថា នៅយប់រំលងអាធ្រាត្រ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧នេះ មានការវាយប្រហារ ដោយក្រុមឧទ្ទាម ទៅលើក្បួនយុទ្ធដំណើររបស់កម្លាំង Minusca របស់អង្គការសហប្រជាជាតិ បណ្តាលឱ្យកម្លាំងកម្ពុជាម្នាក់ស្លាប់ភ្លាមៗ ម្នាក់រងរបួស និងបាត់ខ្លួន៣នាក់។ ប៉ុន្តែពេលនេះអ្នកដែលបាត់ខ្លួនទាំងនោះបានស្លាប់ហើយ។ ដោយចំនួនអ្នកស្លាប់ទាំងអស់៤នាក់ (មុនម្នាក់ ក្រោយ៣នាក់)។
នៅព្រឹកមិញនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឱ្យអង្គការសហប្រជាជាតិ យកចិត្តទុកដាក់ទទួលខុសត្រូវ ឱ្យបានខ្ពស់ចំពោះហេតុការណ៍ខាងលើផងដែរ៕
ប្រភព : Fresh News

Monday, May 8, 2017

រថយន្ដក្រុងក្រុមហ៊ុន វីរៈប៊ុនថាំ ក្រឡាប់បណ្តាលឲ្យ ជនបរទេស៧នាក់ រងរបួសធ្ងន់ស្រាល នៅក្រុងប៉ោយប៉ែត អង្គារ ០៩ ឧសភា, ២០១៧ ០៨:១៣

(បន្ទាយមានជ័យ)៖ រថយន្ដដឹកភ្ញៀវទេសចរអន្តរជាតិក្រុមហ៊ុន វីរៈប៊ុនថាំ បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយក្រឡាប់បណ្តាលឲ្យ ជនជាតិបរទេសចំនួន៧នាក់ រងរបួសធ្ងន់ស្រាល តែសំណាងល្អគ្មានអ្នកស្លាប់នោះទេ។ គ្រោះថ្នាក់នេះ បានកើតឡើងនៅតាម បណ្តាយផ្លូវជាតិលេខ៥ ខាងកើតស្ថានីយ៍ជញ្ជើងថ្លឹងរថយន្ត ក្នុងភូមិនិមិត្តថ្មី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត នារសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧នេះ។
លោក សៅ សារឿន អធិការរងទទួលផែនចរាចរណ៍បានប្រាប់ភ្នាក់ងារ Fresh News ថា ក្រោយពីកើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ច បានចុះអន្តរាគមន៍ទាន់ពេលវេលា និងជួយសង្គ្រោះភ្ញៀវបរទេស ទៅកាន់មន្ទីរពេទ្យបង្អែកប៉ោយប៉ែត។
លោកបានឲ្យដឹងទៀតថា ករណីខាងលើនេះបានកើតឡើង ដោយសារតែរថយន្តតូច បើកចេញពីផ្លូវលំ បុករថយន្តក្រុង កំពុងបើកបរ លើផ្លូវជាតិ៥ ទើបបង្ករថយន្តក្រុងខាងលើនេះ ធ្លាក់ផ្លូវក្រឡាប់តែម្តង និងបណ្តាលឲ្យរបួស ជនជាតិបរទេសចំនួន៧នាក់ក្នុងនោះ មានស្រី៤នាក់ ប្រុស៣នាក់ ធ្ងន់ស្រាល តែមិនបង្កឲ្យជនបរទេសណាម្នាក់ ស្លាប់ក្នុងហេតុការណ៍នេះទេ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច បានចុទៅវាស់វែង និងស្រាវជ្រាវរករថយន្តកាមរីបើកគេច ដើម្បីដោះស្រាយរវាងរថយន្តបង្ក និងរថយន្តរងគ្រោះនាពេលក្រោយ៕
ប្រភព : Fresh News

Tuesday, May 2, 2017

សាហាវ​ម្ល៉េះ​លោក​បង​! ចូលរួម​មង្គលការ​គេ​បែរជា​កាប់​គ្នា​ដូច​រឿង​ហុងកុង អង្គារ ០២ ឧសភា, ២០១៧ ១៦:៣៦

ឧត្តរមានជ័យ ៖ ក្មេង​ទំនើង​២​ក្រុម​កើត​មាន​ជម្លោះ​ឈាន​ដល់​ការ​ប្រើ​អំពើ​ហិង្សា​ដេញ​កាប់​ចាក់​គ្នា​ដូច​សាច់​រឿង​ហុងកុង នៅ​ក្នុង​រោង​អាពាហ៍ពិពាហ៍​កូនប្រុស​ស្រី ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​១ ខែឧសភា ឆ្នាំ​២០១៧ ស្ថិត​ក្នុងភូមិ​បាត់​ផ្តៅ ឃុំ​ចុងកាល ស្រុក​ចុងកាល់ ។
ក្រុម​ក្មេង​ទំនើង​ទាំង​២​ក្រុម​ដែល​ដេញ​កាប់​ចាក់​គ្នា​នោះ ១-​ឈ្មោះ សេ វាសនា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខ​ររ​ធ្វើស្រែ ២-​ឈ្មោះ រាំ ខ្លិ​ម ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​ធ្វើស្រែ រង​របួស​បែក​លើ​ត្របកភ្នែក​ខាងឆ្វេង​ប្រវែង​៥​ហ៊ុន ៣-​ឈ្មោះ រើ​ន ដូច ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​ធ្វើស្រែ រង​របួស​ដាច់​បាតដៃ​ខាងស្តាំ​ប្រវែង​១​តឹក ៤-​ឈ្មោះ​តើយ មុំ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​ធ្វើស្រែ រង​របួស​បែក​លើ​ត្រជៀក​ខាងស្តាំ​ប្រវែង​៣​ហ៊ុន ទាំង​៤​នាក់​រស់នៅ​ភូមិ​បាត់​ផ្តៅ ឃុំ​ចុងកាល់ ស្រុក​ចុងកាល់ រង​របួស​បែកក្បាល កំពុង​សំរាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​។ ដោយឡែក​ភាគី​ដែល​ឈ្នះ ១-​ឈ្មោះ លី ស៊ី​មា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​កសិករ នៅ​ភូមិ​១ ឃុំ​ព្រះ​ព​ល្លា ស្រុក​សេរី​សោ​ភ័​ណ្ឌ ខេត្តបន្ទាយមានជ័យ ២-​ឈ្មោះ សរ សេរី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​កសិករ ៣-​ឈ្មោះ ប្រាក់ សុ​ពេក ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​ធ្វើស្រែ និង​៤-​ឈ្មោះ លី ម៉ៅ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​កសិករ ទាំង​៤​នាក់​នេះ​រស់នៅ​ភូមិ​ជាមួយ​គ្នា​ខាងលើ ត្រូវ​ប៉ូ​លី​ស​ឃាត់ខ្លួន​។
ប៉ូលិស​ស្រុក​ចុងកាល់​បានឱ្យ​ដឹង​ថា ពេល​នោះ​មាន​ពលរដ្ឋ​រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​បាន​រៀបចំ​អាពាហ៍ពិពាហ៍​កូនប្រុស​ស្រី ហើយ​មាន​ចាក់​ធុងបាស់​រាំ​លេង​កម្សាន្ត​ផង​ដែរ ស្រាប់តែ​ក្រុម​ក្មេង​ទាំង​២​ក្រុម​កើត​មាន​ជម្លោះ​វាយតប់​កាប់​ចាក់​គ្នា បណ្តាល​ឱ្យ​៤​នាក់​រង​របួសធ្ងន់​-​ស្រាល និង​៤​នាក់​ទៀត​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​នាំ​ទៅ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​ទៅ​តាម​និ​តិ​វិធី​ច្បាប់​៕

សល់៣៣ថ្ងៃទៀត នឹងដល់ថ្ងៃបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ថ្ងៃទី០៤ ខែមិថុនា! តើប្រជាពលរដ្ឋត្រូវមានអ្វីខ្លះ ដើម្បីបោះឆ្នោតបាន?

(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧ គឺនៅសល់រយៈពេល៣៣ថ្ងៃទៀតប៉ុណ្ណោះ ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា​ឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ នឹងចូលមកដល់ ពោលគឺនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ។
តើត្រូវមានឯកសារអ្វីខ្លះ និងត្រូវធ្វើអ្វីខ្លះ ដើម្បីបោះឆ្នោតបាន ?
ដើម្បីចូលរួមជំរុញឲ្យដំណើរការ បោះឆ្នោតឃុំ សង្កាត់ អាណត្តិទី៤ ប្រកបដោយភាពរលូន អង្គភាពព័ត៌មាន Fresh News សូមលើកយកនូវគោលការណ៍៩ចំណុច ជួយជំរុញដល់ការយល់ដឹង របស់បងប្អូនប្រជាពលរដ្ឋខ្មែរ អំពីការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិថ្មីនេះ។
ខាងក្រោមនេះ ជាគោលការណ៍អប់រំណែនាំ៩ចំណុច ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរ យល់ដឹងអំពីការបោះ​ឆ្នោតជ្រើស​រើស ក្រុមប្រឹក្សាឃុំ-សង្កាត់៖
១៖ ដើម្បីបោះឆ្នោតបាន ប្រជាពលរដ្ឋត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់ អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត។
២៖ យើងត្រូវដឹងឲ្យបានច្បាស់ អំពីលេខរៀង ឈ្មោះរបស់យើង លេខកូដ និងទីតាំងការរិយាល័យបោះឆ្នោត ដែលមានបញ្ជាក់ក្នុងបង្កាន់ដៃបញ្ជាក់ការ ចុះឈ្មោះបោះឆ្នោត និងក្នុងបញ្ជីបោះឆ្នោត ដែលបានផ្សាយ ឬក្នុងប័ណ្ណព័ត៌មានអ្នកបោះឆ្នោត។
៣៖ យើងត្រូវត្រៀមពេលវេលា និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឲ្យការបោះឆ្នោត សម្រាប់​ប្រើនៅថ្ងៃបោះឆ្នោត។
៤៖ យើងបោះឆ្នោត ជូនគណបក្សនយោលបាយណាមួយ ដែលយើងពេញចិត្ត ដោយគ្មានការគំរាមកំហែង ការបំភិតបំភ័យ ឬការ​បង្ខិតបង្ខំណាមួយ មកលើយើងបានឡើយ។
៥៖ យើងគូសសន្លឹកឆ្នោត ក្នុងបន្ទប់សម្ងាត់តែម្នាកឯង ដោយគ្មានអ្នកណាម្នាក់ អាចដឹងថា យើងបោះឆ្នោតជូនគណបក្សនយោ​បាយណាមួយឡើយ។
៦៖ អ្នកបោះឆ្នោតម្នាក់ៗ មានសិទ្ធិបោះឆ្នោតតែមួយសន្លឹក និងតែម្ដងគត់ ដោយត្រូវទៅបោះឆ្នោតដោយខ្លួនឯងផ្ទាល់ នៅការិយា​ល័យបោះឆ្នោត ដែលមានឈ្មោះរបស់ខ្លួន ក្នុងបញ្ជីបោះឆ្នោត និងយកទៅជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារ​បញ្ជាក់អត្តសញ្ញាណ ប្រើឲ្យការបោះឆ្នោត។
៧៖ ប្រជាពលរដ្ឋខ្មែរដែលបានចុះឈ្មោះ និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោតរួចហើយ ប៉ុន្ដែពុំបានទៅបោះឆ្នោត គឺធ្វើឲ្យបាត់សិទ្ធិ​របស់ខ្លួនឯង ក្នុងការចូលរួមអភិវឌ្ឍឃុំ-សង្កាត់ និងសង្គមជាតិ។
៨៖ ដើម្បីមានក្រុមប្រឹក្សាឃុំ សង្កាត់មានសមត្ថភាព និងឈ្លាសវៃ យើងត្រូវចូលរួមបោះឆ្នោតទាំងអស់គ្នា តាមលទ្ធិប្រជា​​ធិបតេ​យ្យ ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដោយស្មើរភាព ដោយចំពោះ និងដោយសម្ងាត់។
៩៖ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងអភិវឌ្ឍទៅបាន គឺអាស្រ័យលើក្រុមប្រឹក្សាឃុំ សង្កាត់មានសមត្ថភាព និងឈ្លាសវៃ។
សូមជម្រាបថា នៅរាជធានី-ខេត្តទូទាំងប្រទេសកម្ពុជា មានឃុំ-សង្កាត់ចំនួន១៦៤៦ ដែលក្នុងនោះរួមមាន៖
១៖ ខេត្ត​បន្ទាយ​មានជ័យ មានចំនួន ៦៥
២៖ ខេត្ត​បាត់ដំបង មានចំនួន ១០២
៣៖ ខេត្តកំពង់ចាម​ មានចំនួន ១០៩
៤៖ ខេត្តកំពងឆ្នាំង មានចំនួន ៧០
៥៖ ខេត្តកំពង់ស្ពឺ​ មានចំនួន ៨៧
៦៖ ខេត្ត​កំពង់ធំ មានចំនួន ៨១
៧៖ ខេត្ត​កំពត មានចំនួន ៩៣
៨៖ ខេត្តកណ្ដាល មានចំនួន ១២៧
៩៖ ខេត្តកោះកុង មានចំនួន ២៩
១០៖ ខេត្តក្រចេះ មានចំនួន ៤៧
១១៖ ខេត្តមណ្ឌលគិរី មានចំនួន ២១
១២៖ រាជធានីភ្នំពេញ មានចំនួន ១០៥
១៣៖ ខេត្ត​ព្រះវិហារ មានចំនួន ៥១
១៤៖ ខេត្តព្រៃវែង មានចំនួន ១១៦
១៥៖ ខេត្តពោធិ៍សាត់ មានចំនួន ៤៩
១៦៖ ខេត្តរតនគិរី មានចំនួន ៥០
១៧៖ ខេត្តសៀមរាប មានចំនួន ១០០
១៨៖ ខេត្តព្រះសីហនុ មានចំនួន ២៩
១៩៖ ខេត្តស្ទឹងត្រែង មានចំនួន ៣៤
២០៖ ខេត្តស្វាយរៀង មានចំនួន ៨០
២១៖ ខេត្តតាកែវ មានចំនួន ១០០
២២៖ ខេត្តកែប មានចំនួន ៥
២៣៖ ខេត្តប៉ៃលិន មានចំនួន ៨
២៤៖ ខេត្តឧត្តមានជ័យ មានចំនួន ២៤
២៥៖ ខេត្តត្បូងឃ្មុំ មានចំនួន ៦៤
សូមជម្រាបថា គណបក្សនយោបាយចំនួន១២ បានចុះឈ្មោះបេក្ខជនចូលរួម ប្រកួតប្រជែងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា​ឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ចាប់ពីម៉ោង​៧៖០០​នាទីព្រឹក ដល់ម៉ោង៣៖០០នាទីរសៀល។ សូមបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលមានឈ្មោះក្នុង​បញ្ជីឈ្មោះបោះឆ្នោត​ សូមអញ្ជើញ​ទៅបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ឲ្យបានគ្រប់ៗគ្នា៕

ប្រមុខការទូតកម្ពុជា ចាកចេញពីប្រទេសនៅយប់នេះ ដើម្បីទៅចូលរួម «កិច្ចប្រជុំពិសេសរដ្ឋមន្រ្តី​ការបរទេស​អាស៊ាន-សហរដ្ឋអាមេរិក» នាទីក្រុងវ៉ាស៊ីនតោន

(ភ្នំពេញ)៖ ប្រមុខការទូតកម្ពុជាលោក ប្រាក់ សុខុន បានដឹកនាំគណៈប្រតិភូ ចាកចេញពីកម្ពុជា នៅវេលាម៉ោង៩៖០០យប់ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧នេះ ដើម្បីទៅចូលរួម «កិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក» នាទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧។
នេះជាកិច្ចប្រជុំលើកទី១ រវាងរដ្ឋមន្រ្តីការបរទេសអាស៊ាន និងរដ្ឋមន្រ្តីការបរទេសអាមេរិក ចាប់តាំងពីរដ្ឋបាលថ្មីរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ចូលកាន់អំណាច កាលពីខែមករា ឆ្នាំ២០១៧កន្លងទៅ។​
ក្រសួងការបរទេសកម្ពុជា មានការរំពឹងថា កិច្ចប្រជុំនេះនឹងបញ្ជាក់អះអាងឡើងវិញនូវបំណងរួម នឹងរឹងមាំរបស់ភាគី ទាំងពីរក្នុងការពង្រឹង និងធ្វើឲ្យស៊ីជម្រៅ ទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន និងសហរដ្ឋអាមេរិក ដែលត្រូវបានថ្នាក់ដឹកនាំ អាស៊ានតម្លើងមកជាដៃគូយុទ្ធសាស្រ្ត កាលពីខែវិច្ឆិកា ឆ្នាំ២០១៥។ នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ អាមេរិកជាដៃគូពាណិជ្ជកម្មធំបំផុតទី៤ របស់អាស៊ាន។
នៅក្នុងអំឡុងពេលស្នាក់នៅរដ្ឋធានីវ៉ាស៊ីនតោន ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន ក៏នឹងមានជំនួបទ្វេភាគីជាមួយ រដ្ឋមន្រ្តីសន្តិសុខមាតុភូមិរបស់អាមេរិកផងដែរ៕

ហេតុអ្វីបានជាសហរដ្ឋអាមេរិក ត្រូវតែលើកលែងបំណុលដល់កម្ពុជា?

ភ្នំពេញ)៖ ហេតុផលដ៏សមរម្យ និងច្បាស់លាស់សម្រាប់អាមេរិក ដែលគួរតែលុបចោលបំណុល គឺកម្ពុជាបានខ្ចីប្រាក់ពីសហរដ្ឋអាមេរិកក្នុងសម័យសង្គ្រាម វៀតណាម ដើម្បផ្គត់ផ្គង់អាហារ និងផ្តល់សម្លៀកបំពាក់ដល់ប្រជាពលរដ្ឋដែលភៀសខ្លួន និងរងគ្រោះដោយសារការទម្លាក់គ្រាប់បែកជាច្រើនសន្ធឹកសន្ធាប់ របស់អាមេរិកផ្ទាល់ នេះបើយោងតាមសារព័ត៌មាន The Diplomat ចេញផ្សាយនាពេលថ្មីៗនេះ។
មានការលើកឡើងពីក្រុមអ្នកគាំទ្របក្សប្រឆាំង នៅកម្ពុជាថា តាមរយៈការចំណាយពេលជាច្រើនឆ្នាំ ទៅលើការស៊ើបអង្កេត និងការបង្ហាញអំពីការបំពាន សិទ្ធមនុស្សក្នុងប្រទេសកម្ពុជា។ ស្ថានភាពសិទ្ធមនុស្សនៅកម្ពុជា នៅតែបន្តរងការរំខាន និងកាន់តែយ៉ាប់យឺនជាលំដាប់ក្នុងរយៈពេលពីរឆ្នាំចុងក្រោយ នេះទាំងតាមផ្លូវច្បាប់ និងការអនុវត្តន៍ជាក់ស្តែង ខណៈដែលបក្សកាន់អំណាចកំពុងត្រៀមរៀបចំការបោះឆ្នោតថ្នាក់ឃុំសង្កាត់ នៅចុងឆ្នាំ២០១៧ និងការបោះឆ្នោតថ្នាក់ជាតិ នៅក្នុងឆ្នាំ២០១៨ខាងមុខ ជាបន្តបន្ទាប់គ្នា។ ក្រុមការពារសិទ្ធមនុស្សមួយចំនួននៅតែបន្តសិ្ថតក្នុងពន្ធនាគារនៅឡើយ ខណៈដែលមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី ត្រូវបាននិរទេសទៅក្រៅប្រទេស ដែលជនទាំងអស់នេះសុទ្ធតែជាជនរងគ្រោះរបស់តុលាការនយោបាយ។
ការលើកឡើងបែបនេះ ត្រូវបានសារព័ត៌មានមួយចំនួន បានបដិសេធ និងបង្ហាញហេតុផលចំពោះការលើកឡើងថា ក្តីបារម្ភអំពីបញ្ហាសិទ្ធិមនុស្សកំពុង មានការថយចុះ វាក៏កំពុងទាញអារម្មណ៍ មនុស្សឱ្យនឹកឃើញដល់ប្រវត្តិសាស្ត្រ ដ៏ជូរចត់ដែលលោកខាងលិច បានប្រព្រឹត្តចំពោះប្រទេសកម្ពុជាយ៉ាង ធ្ងន់ធ្ងរផងដែរ។
វាបានសំដៅទៅលើការទម្លាក់គ្រាប់បែកដ៏ច្រើនសន្ធឹកសន្ធាប់ របស់សហរដ្ឋអាមេរិកក្នុងដែនដីប្រទេសកម្ពុជា ក្នុងដើមទសវត្សរ៍ឆ្នាំ១៩៧០ គឺជាសម័យ សង្គ្រាមនៅវៀតណាម ហើយសហរដ្ឋអាមេរិកបានហាមឃាត់ការផ្តល់ជំនួយ និងទំនាក់ទំនងពាណិជ្ជកម្ម ដើម្បីប្រឆាំងប្រទេសកម្ពុជា ក្នុងទសវត្សរ៍ ឆ្នាំ១៩៨០។ (វាជាពេលដែលសហរដ្ឋអាមេរិក និងរដ្ឋាភិបាលផ្សេងទៀត បន្តទទួលស្គាល់របបប៉ុលពត ជារដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា)។
សារព័ត៌មានក៏បានចេញផ្សាយនៅចំណុចផ្សេងៗជាច្រើន របស់រដ្ឋាភិបាលកម្ពុជា ដែលព្យាយាមដកខ្លួនចេញពីមហាអំណាចអាមេរិក ក្នុងនោះមានដូចជា ការលុបចោល, ការធ្វើសមយុទ្ធយោធា និងទាមទារសហរដ្ឋអាមេរិកម្តងហើយម្តងទៀត ឱ្យលុបចោលបំណុល ក្នុងសម័យសង្គ្រាមវៀតណាម ដែលមហាអំណាចមួយនេះនៅតែបន្តទាមទារពីកម្ពុជាមកដល់បច្ចុប្បន្ន។
* បំណុលដ៏កខ្វក់៖
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា នេះជា «បំណុលដ៏កខ្វក់» ដែលមានតម្លៃប្រមាណ៦០០លានដុល្លារ ដោយក្នុងនោះបូករួមទាំង ប្រាក់ដើម និងការប្រាក់ ដែលកម្ពុជាធ្លាប់ខ្ចីដើម្បីទិញស្បៀងពីសហរដ្ឋអាមេរិក នៅដើមទសវត្សរ៍ឆ្នាំ១៩៧០ ដើម្បីផ្គត់ផ្គង់ស្បៀងអាហារ និងសម្លៀកបំពាក់ដល់ប្រជាពលរដ្ឋដែលបានភៀសខ្លួនដោយសារសង្គ្រាម និងការទម្លាក់គ្រាប់បែក។
មតិមួយចំនួនបានលើកឡើងថា សហរដ្ឋអាមេរិកគួរតែប្រើប្រាស់បំណុលនេះ ជាថ្នូរ នឹងការទាមទារធ្វើកំណែទម្រង់សិទ្ធមនុស្សនៅក្នុងប្រទេស។
ប៉ុន្តែមធ្យោបាយបែបនេះ មិនអាចទទួលបានជោគជ័យឡើយក្នុងពេលកន្លងមក ផ្ទុយទៅវិញ វានឹងធ្វើឱ្យអាមេរិកកាន់តែបាត់បង់ឥទ្ធិពលមកលើកម្ពុជា ស្របពេលដែលចិន បានលើកលែងបំណុលដែលកម្ពុជាជំពាក់ ហើយថែមទាំងផ្តល់ជំនួយបន្ថែមទៀតផង។
ជាងនេះទៅទៀតនោះ វាមិនមែនជាពេលដ៏សាកសមសម្រាប់សហរដ្ឋអាមេរិក ក្នុងការប្រើប្រាស់ «បំណុលដ៏កខ្វក់នេះ» ដើម្បីទាមទារការធ្វើកំណែទម្រង់សិទ្ធមនុស្សនោះឡើយ ព្រោះវានឹងធ្វើឱ្យអាមេរិកកាន់តែរងការបំផ្លាញកេរិ៍តឈ្មោះរបស់ខ្លួន ក្នុងកែវភ្នែកប្រជាពលរដ្ឋកម្ពុជាថែមមួយកម្រិតទៀត។
តាមពិតទៅបញ្ហាបំណុលក៏កំពុងក្លាយជាឧបសគ្គរារាំងតួនាទីសំខាន់របស់អាមេរិក និងលោកខាងលិច រួមទាំងបណ្តាប្រទេសមួយចំនួន ក្នុងការអភិវឌ្ឍន៍នៅកម្ពុជា ក្នុងនោះរួមទាំងការផ្តល់មូលនីធី និងអគារសម្រាប់ឧបត្ថម្ភដល់អង្គការសង្គមស៊ីវិលជាដើម ដែលមានពាក់ព័ន្ធនឹងការជម្រុញ និងការពារសិទ្ធមនុស្ស។
* ដល់ពេលដែលត្រូវលើកលែងបំណុល៖
ហេតុផលដ៏សមរម្យ និងច្បាស់លាស់សម្រាប់អាមេរិកដែលគួរតែលុបចោលបំណុល គឺកម្ពុជាបានខ្ចីប្រាក់ពីសហរដ្ឋអាមេរិក ក្នុងសម័យសង្គ្រាមវៀតណាម ដើម្បផ្គត់ផ្គង់អាហារ និងផ្តល់សម្លៀកបំពាក់ដល់ប្រជាពលរដ្ឋដែលភៀសខ្លួន និងរងគ្រោះដោយសារការទម្លាក់គ្រាប់បែក ជាច្រើនសន្ធឹកសន្ធាប់របស់អាមេរិកផ្ទាល់។
ការទម្លាក់គ្រាប់បែកនេះ បានសម្លាប់មនុស្សជាច្រើននាក់ បំផ្លាញប្រព័ន្ធកសិកម្មកម្ពុជា ដែលមានន័យថា កម្ពុជាមិនអាចបំពេញសេចក្តីត្រូវរបស់ប្រជាពលរដ្ឋ របស់ខ្លួនបាន ហើយមហាអំណាចមួយនេះ ថែមទាំងចូលរួមដោយប្រយោលក្នុងការបង្កើតរបបខ្មែរក្រហម ដែលបណ្តាលឱ្យមនុស្សរាប់លាននាក់ ស្លាប់បន្ថែមទៀតផងដែរ។
យើងក៏មានករណីស្របច្បាប់ដើម្បីប្រឆាំងនឹងបំណុលនេះផងដែរ ហើយដែលកន្លងមកមានអ្នកចាប់អារម្មណ៍តិចតួចប៉ុណ្ណោះនោះគឺកម្ពុជាខ្ចីប្រាក់អាមេរិក ក្នុងស្ថានភាពភាពច្របូលច្របល់បំផុត ដែលធ្វើឱ្យរឿងនេះមិនយុត្តិធម៌ទាល់តែសោះ ក្នុងការដាក់បំណុលនេះ ក្រោមអំណាចនៃច្បាប់អន្តរជាតិ។
ក្នុងទស្សនៈរបស់មជ្ឈដ្ឋានទូទៅយល់ឃើញថា សហរដ្ឋអាមេរិក គួរតែដាក់ព្រំដែនលើបញ្ហានេះក្នុងប្រវត្តិសាស្រ្តរបស់ខ្លួនហើយបង្ហាញភាពក្នុងនាម ជាអ្នកដឹកនំា ដោយការលើកលែងបំណុលរបស់កម្ពុជា ដូចអ្វីដែលខ្លួនធ្លាប់បានធ្វើចំពោះអ៊ីរ៉ាក់ និងបណ្តាប្រទេសមួយចំនួនផ្សេងទៀត។
ពាក់ព័ន្ធនឹងបញ្ហានេះ មានការផ្តល់យោបល់ថា អាមេរិកគួរតែងាកទៅពិនិត្យបញ្ហាសិទ្ធមនុស្សនៅកម្ពុជាក្នុងពេលបច្ចុប្បន្ន ដោយប្រើប្រាស់ប្រាក់សំណង ទាំងនោះមកជាការបង្កើតមូលនីធិរយៈពេលវែងដើម្បីគាំទ្រសកម្មជនការពារសិទ្ធមនុស្ស និងពង្រីកអង្គការសង្គមស៊ីវិល របស់កម្ពុជា ទើបជារឿងប្រសើរជាង។
សូមជំរាបថា បើតាមលោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានរៀបរាប់ថា សង្គ្រាមវៀតណាម-អាមេរិក​ បានចាប់ផ្តើមនៅថ្ងៃទី០១​ ខែវិច្ឆិកា ឆ្នាំ១៩៥៥​ ដល់ឆ្នាំ១៩៧៥​ សង្គ្រាមនេះ បានរាលដាលចូលមកកម្ពុជា​ ចាប់ផ្តើមឆ្នាំ១៩៦២​ ដោយសហរដ្ឋអាមេរិក បានទំលាក់គ្រាប់បែក និងរហូតដល់ធ្វើរដ្ឋប្រហារ យោធាទំលាក់ សម្តេចព្រះនរោត្តម សីហនុ​ នៅថ្ងៃទី១៨​ ខែមីនា​ ឆ្នាំ១៩៧០​។​ ក្រោយរដ្ឋប្រហារកំលាំងយោធារបបលោក​ លន់​ នល់ មានការគាំទ្រ កាន់តែខ្លាំងក្លា និងចំហរពីសហរដ្ឋអាមេរិក ​ដោយធ្វើការទំលាក់គ្រាប់បែក រាប់លានតោន​ រួមមានគ្រាប់បែកតូច-ធំ​ គ្រាប់បែកចង្កោម​ (ជាង៣០លានគ្រាប់)​ និងគ្រាប់បែកគីមីផងដែរ។​ ចលនាសង្គ្រាមសម្លាប់រង្គាលនេះ​ បានជួយរុញច្រានឲ្យកើតមានរបបប្រល័យពូជសាសន៍ ខែ្មរក្រហមនៅកម្ពុជា​។
សង្គ្រាមជាង១០ឆ្នាំនេះ​ (១៩៦២-៧៥)​ បានបង្កនូវទុក្ខវេទនា មហាធ្ងន់ធ្ងរលើប្រជាជនកម្ពុជា​ និងបន្តចូលរបបប្រល័យពូជសាសន៍ខែ្មរក្រហម ៣ឆ្នាំ៨ខែ២០ថ្ងៃទៀត​ ធ្វើឲ្យប្រជាជនកម្ពុជាជាង២លានបានស្លាប់​។​ សង្គ្រាមមិនអាចរលត់បានឡើយ នៅឆ្នាំ១៩៧៩ បានបន្តសង្គ្រាមស៉ីវិល ជាង២០ឆ្នាំទៀត​ ពោលរហូតដល់ចុងឆ្នាំ១៩៩៨ ទើបបានបញ្ចប់។​ មានន័យថាកម្ពុជា ទើបមានសុខសន្តិភាពពេញលេញតែប្រមាណជិត២០ឆ្នាំប៉ុណ្ណោះ​ ក្រោយពីមានសង្គ្រាមជាង៣៥ឆ្នាំ។ ​
អាមេរិកបានទម្លាក់គ្រាប់បែកនៅកម្ពុជា ពីដើមឆ្នាំ១៩៦៣ ដល់ដើមឆ្នាំ១៩៧៥ ចំនួន២លាន៨សែនតោន និងគ្រាប់បែកគីមីផងដែរ ក្រោមលេសថា​ តាមកំទេចពួកយៀកកុង​ យួនឈ្លានពាន​ ប៉ុន្តែស្លាប់តែខែ្មរជាង ៥០០,០០០នាក់សម្លាប់ដោយផ្ទាល់ និងកំទេចតែភូមិ ផ្ទះសម្បែងខែ្មររាប់ម៉ឺន​កន្លែង៕